រាជធានីភ្នំពេញ ៖ រ៉ឺ​ម៉ក​ម៉ូតូ​ចេញពី​ហាង​ផឹក​ស៊ី​បើកផ្លូវ​បញ្ច្រាសបុក​​គ្នា​ជាមួយ​ម៉ូតូ​​ ឌ្រីម​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ បណ្ដាល​ឱ្យ​រង​របួសស្រាល​៣​នាក់ ឯ​ម៉ូតូ​ឌ្រីម​​សេ​១២៥ បាក់​ខ្នង​ខាង​មុខ។ ក្រោយ​ពេល​កើត​ហេតុ​ភាគី​ទាំង​ពីរ ដោះស្រាយ​ដោយ​ខ្លួនឯង​រហូត​បែកពពុះមាត់​អស់​​២​ម៉ោង​នៅ​តែ​មិន​​ត្រូវ​គ្នា​ ទើប​ទូរស័ព្ទ​ហៅ​ប៉ូលិស​ទៅ​ជួយ​អន្ដរា​គមន៍​ហើយ​ត្រូវ​​តំណាង​ភាគី​​ទាំង​ សងខាង​ដែល​ទៅ​ជួយ​ដោះស្រាយ​សុទ្ធ​តែ​ស្រវឹង​ជោកជាំ​នោះ​បាន​និយាយ​មើល​ងាយ​ មើល​ថោក​ដល់​សមត្ថកិច្ច ព្រមទាំង​ប្រុង​វាយ​សមត្ថកិច្ច​ទៀត​ផង។ ហេតុ​ការណ៍​នេះ​កើតឡើង​នៅ​មុខ​ភោជនីយ​ដ្ឋា​ន​១៦៨ តាម​ផ្លូវជាតិ​លេខ​២ ក្រុម​៨ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ កាលពី​វេលា​ម៉ោង​១២រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៨ មេ​សា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​មនុស្ស​ស្រី​៣​នាក់ ចេញពី​ហាង​ផឹកស៊ី បើក​តាម​ផ្លូវ​បញ្ច្រាស ពី​ជើង​ទៅ​ត្បូង។ចំណែក​ម៉ូតូឌ្រីម​​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ ជា​យុវជន​បើក​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាស​ទិសគ្នា​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​គ្នា​ផាំង​ប្រាវ​ធ្វើ​ឱ្យ​ម៉ូតូ​ឌ្រីម​សេ ​១២៥ បាក់​ខ្នង​ខាង​មុខ និង​របួសស្រាល​ទាំង​២​នាក់​ព្រមទាំង​ស្ដ្រី​ម្នាក់​ជិះ​ក្នុង​រ៉ឺ​ម៉ក​ម៉ូតូ ​របួស​ពក​ក្បាល។

អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មានឈ្មោះ​ហូ​ន សុធា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​ជាអ្នក​​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ និង​អ្នក​ជិះ​ក្នុង​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​ឈ្មោះ​លុ​ច ស្រី​ពេជ្រ ភេទ​ស្រី អាយុ៣៣​ឆ្នាំ របួស​ពក​ក្បាល ។ ចំណែក​​អ្នក​បើក​ម៉ូតូ​ឌ្រីម​សេ​១២៥ ឈ្មោះ យ៉ែ​ម សា​រ៉ាត់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​៩ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការ​មន និង​ម្នាក់​ទៀត​ជិះ​ពីក្រោយ​ឈ្មោះ​ង៉ែត ចរិយា ភេទ​ប្រុស អាយុ​២២​ឆ្នាំ របួសស្រាល​ទាំង​ពីរ​នាក់ ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]