ខេត្តកណ្តាលៈ ស្រ្តីវ័យចំណាស់ម្នាក់ជិះកង់ ដើរលក់បន្លែនៅតាមភូមិ ដោយជិះទៅដល់លើស្ពាន ក្នុងស្ថានភាពតូចចង្អៀត ក៏មានរថយន្តមួយគ្រឿង ប្រភេទដឹកទំនិញ ធុបធំ បើកមកដល់ឡើងលើស្ពានដែរ ក៏ប៉ះកញ្ឆេបន្លែ ដួលចូលកង់រថយន្តកិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ។ ភ្លាមៗនោះអ្នកបើកបរ រថយន្តចុះចេញពី រថយន្តគេចខ្លួនបាត់ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវលំ លើស្ពានវត្តពោធិ៍ ភូមិវត្តពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលចរាចរស្រុកស្អាង បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ បាវ គី អាយុ ៦២ឆ្នាំ មានមុខរបរដើរលក់បន្លែ រស់នៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្ត កណ្តាល ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។ ចំណែកឯរថយន្តបង្ក ម៉ាកពុយហ្យ៊ូពណ៌ខៀវ លាយលឿង ប្រភេទ ៨តោន ពាក់ស្លាកលេខ 3B-0921 អ្នកបើកបរពុំត្រូវ បានគេស្គាល់អត្តសញ្ញាណនោះទេ បន្ទាប់ពីកើតហេតុរត់គេចខ្លួនបាត់។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះជិះកង់និងដឹកកញ្ឆេបន្លែ ដើរលក់ក្នុងភូមិមួយទៅភូមិ លុះដល់ចំណុច លើស្ពានកើតហេតុ ក៏មានរថយន្ត មួយគ្រឿងធុនធំ បើកច្រាសទិសគ្នា ពីត្បូងទៅជើង ដោយស្ថានភាពស្ពានតូចចង្អៀត ក៏បានប៉ះជាមួយនឹងកញ្ឆេដឹកបន្លែ របស់ជនរងគ្រោះ បណ្តាលឲ្យដួលខ្ទាត ជន រងគ្រោះ ចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកឯអ្នកបើកបររថយន្ត បន្ទាប់ពីកើតហេតុ បានចាកចេញពីរថយន្តគេចខ្លួន ទៅ បាត់ បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ ត្រូវបានគរបាលអូស យកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ផ្នែកចរាចរ និងសណ្តាប់ធ្នាប់ខេត្ត រីឯសព ជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]