កំពង់ចាមៈ មន្ត្រីនគរបាលប៉ុស្តិ៍ ឃុំបឹងព្រួលម្នាក់ ត្រូវជនដៃដល់ប្រើកាំបិត ផ្គាក់ដងខ្លីកាប់ត្រូវជាច្រើនកន្លែង បណ្តាលឲ្យរងរបួសជាទម្ងន់ ខណៈដែលមន្ត្រី នគរបាលប៉ុស្តិ៍បានជួយ ឃាត់ជនដៃ ដល់កំពុងឈ្លោះជាមួយនឹងឪពុក ។

ហេតុការណ៍ ខាងលើបានកើតឡើង កាលពីវេលាម៉ោង៦ និង២០នាទី ព្រលប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១២ ចំណុច លើផ្ទះឈ្មោះកុន កុយ ស្ថិតនៅភូមិទួលកំពតទី១ ឃុំបឹងព្រួលស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

លោក ទិត្យ ស៊ីដេត មេប៉ុស្តិ៍នគរបាល ឃុំបឹងព្រួល បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យ ដឹងថា ជនរង គ្រោះក្នុងហេតុការណ៍ខាងលើមានឈ្មោះ អ៊ី សារឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីនគរបាល ប៉ុស្តិ៍ឃុំបឹងព្រួល។ រីឯជនដៃដល់ចិត្តធំហ៊ានកាប់សមត្ថកិច្ចមានឈ្មោះ ញ៉ វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុង ភូមិកើតហេតុ ។

លោក មេប៉ុស្តិ៍បានឲ្យ ដឹងទៀតថា មុនកើតហេតុ នៅលើផ្ទះឈ្មោះកុន កុយ មានលេងល្បែងស៊ីសង បន្តិចបន្តួច ដោយឃើញដូច្នោះ ជនរងគ្រោះ ជាមន្ត្រីនគរបាលប៉ុស្តិ៍បានឡើងទៅឃាត់ឲ្យ ឈប់ ប៉ុន្តែស្របគ្នានោះ ជនដៃដល់ឈ្មោះ ញ៉ វុទ្ធី បានមកហៅឪពុកឈ្មោះ អែម ញ៉ ឲ្យទៅផ្ទះដែរ ប៉ុន្តែពេលនោះ ឪពុកជនល្មើស មិន ព្រមទៅក៏មានការឈ្លោះ ប្រកែកគ្នាជាមួយ ឪពុកកូនដោយសម្លេងខ្លាំង ៗ ។ដោយឃើញស្ថានភាពឈ្លោះគ្នា រវាងឪពុកកូនកាន់តែខ្លាំងឡើងៗ មន្ត្រីនគរបាលឈ្មោះ សារឿនបានជួយឃាត់ថា ឈប់ឈ្លោះទៅ គាត់ ជាឪពុក របស់ឯង ។

មេប៉ុស្តិ៍បឹងព្រួល បានបន្តទៀតថា គ្រាន់តែមន្ត្រីនគរបាលឃាត់ប៉ុណ្ណឹង ស្រាប់តែជនដៃ ដល់បានរត់ ទៅផ្ទះយក កាំបិតផ្គាក់មកកាប់មន្ត្រីនគរបាល ត្រូវជាច្រើនកន្លែង បណ្តាលឲ្យ រងរបួសជាទម្ងន់ ដែលបច្ចុប្បន្នត្រូវបានក្រុម

គ្រួសារដឹកយកមក ព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ចាម។ រីឯជនសង្ស័យក្រោយពីធ្វើសកម្មភាព បានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចស្រុកត្បូងឃ្មុំ ឃាត់ខ្លួនបាន នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១២ នៅគល់ស្ពានគីហ្សូណា ស្ថិតក្នុងភូមិទន្លេបិតលើ ឃុំទន្លេបិត ស្រុកត្យូងឃ្មុំ ខេត្តកំពង់ចាម៕

ដោយៈ នួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]