គាត់ទាមទារច្រើនពេក!មកដឹងមូលហេតុពិតដែល Chelsea បណ្ដេញលោកគ្រូ Lampard ចេញ

//s9.kh1.co/98/9881f9804c2cfdfca14ea563c71047e530cad57e.jpg
កីទ្បា

 ២៦-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Frank Lampard ត្រូវបណ្ដេញចេញដោយសារទារទិញយក Declan Rice ពេក

អង់គ្លេស៖ នៅថ្ងៃទី២៥ម្សិលមិញនេះ ក្លិបតោខៀវ Chelsea បានប្រកាសបញ្ចប់តំណែងរបស់លោកគ្រូបង្វឹក Frank Lampard បន្ទាប់ពីលោកគ្រូដឹកនាំបាន១៨ខែពេញ ប៉ុន្តែប្រិយមិត្តមានចម្ងល់ទេថាហេតុអីសុខៗ លោកប្រធានក្លិប Roman Abramovich បែរជាសម្រេចចិត្តបែបនេះទៅវិញ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Frank Lampard
  លោកគ្រូបង្វឹក Frank Lampard

កាលលោកគ្រូ Lampard ឡើងមកកាន់តំណែងជាគ្រូបង្វឹកដំបូងក្នុងឆ្នាំ២០១៩ គឺ Chelsea កំពុងជាប់បម្រាមហាមមិនឲ្យទិញកីឡាករដាច់ខាត ប៉ុន្តែលោកគ្រូក៏អាចដឹកនាំឲ្យក្លិបមួយនេះឈរនៅលេខរៀងទី៤ក្នុងតារាង Premier League ដែកចាត់ទុកថាជាភាពជោគជ័យមួយ។

បន្ទាប់មកលោកគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានស្នើឲ្យក្លិបចុះកិច្ចព្រមព្រៀងទិញយកកីឡាករ៣រូបគឺ Kai Havertz, Timo Werner និង Ben ChilWell ដោយចំណាយលុយដល់ទៅ ២២៥លានផោន(ស្មើនឹងប្រមាណ៣០៦.៤លានដុល្លារ)ឯណោះប៉ុន្តែមកទល់ពេលនេះហើយគឺកីឡាករអស់ទាំងនោះមិនទាន់បានបង្ហាញទម្រង់លេងលេចធ្លោគួរឲ្យកត់សម្គាល់នោះទេ។

Ben Chilwell, Cristian Pulisic, Timo Wener ,Mason Mount និង Kai Havertz 
Ben Chilwell, Cristian Pulisic, Timo Wener ,Mason Mount និង Kai Havertz 

ប៉ុន្តែអ្វីដែលធ្វើឲ្យថ្នាក់ដឹកនាំរបស់ Chelsea ខឹងសម្បារនោះគឺមកពីលោកគ្រូបានទាមទារម្ដងហើយម្ដងទៀតថាចង់ទិញយកខ្សែបម្រើ Declan Rice ពីក្លិបគូប្រជែង West Ham ទៀតផងខណៈដែលខ្សែបម្រើរូបនេះ ធ្លាប់លេងនៅ Chelsea តាំងពីកុមារតែត្រូវក្លិបដោះលែងឲ្យចាកចេញពេលអាយុបាន១៥ឆ្នាំ។

  ខ្សែបម្រើ Declan Rice
  ខ្សែបម្រើ Declan Rice

West Ham មិនចង់លក់ Rice នោះឡើយតែដោយសារកីឡាករម្នាក់នេះចង់ចាកចេញ ទើបក្លិបលក់គេក្នុងតម្លៃ៨០លានផោន(ស្មើនឹងប្រមាណ១០៨.៩លានដុល្លារ)កាលពីរដូវក្ដៅមុន ធ្វើឲ្យលោកគ្រូ Lampard ចង់យកគេមកចូលរួមនៅទឹកដី Stamford Bridge ម្ដងទៀត។

  ខ្សែបម្រើ Declan Rice
  ខ្សែបម្រើ Declan Rice

យោងតាមសារព័ត៌មាន The Athletic បានបង្ហើបថាថ្នាក់ដឹកនាំរបស់ Chelsea មានការមិនពេញចិត្តនិងមិនគិតថា Rice អាចជួយក្លិបពួកគេបាននោះឡើយហើយពួកគេគិតថា កីឡាករលេងតំណែងខ្សែបម្រើការពារដូច Declan Rice មានច្រើនក្នុងស្ដុកស្រាប់និងគួរយកលុយនោះទៅទិញកីឡាករតំណែងផ្សេងទៀត។

ដោយសារ លោកគ្រូ Frank Lampard នៅតែទទូចសុំផ្ទេរយក Declan Rice ម្ដងហើយម្ដងទៀតទើបគណៈកម្មការផ្នែកវិនិច្ឆ័យការទិញយកកីឡាករ បានបដិសេធមិនទិញយក Rice ដែលបណ្ដាលឲ្យមានភាពល្អក់កករបែបនេះ។

ខ្សែបម្រើ Declan Rice
ខ្សែបម្រើ Declan Rice

មិនត្រឹមតែប៉ុណ្ណឹងទេ លោកគ្រូ Lampard មានការខ្វែងគំនិតគ្នាដោយថ្នាក់ដឹកនាំក្លិបចង់លក់ Antonio Rudiger, Marcos Alonso និងEmerson តែលោកគ្រូ Lampard មិនយល់ព្រម។

ថ្នាក់ដឹកនាំរបស់ Chelsea ក៏បានចុះកិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារ Thiago Silva មកទឹកដីStamford Bridge ផងដែរខណៈលោកគ្រូ Lampard មិនបានផ្ដួចផ្ដើមគំនិតនេះទេប៉ុន្តែភាពល្អក់កករចិត្តរវាងភាគីទាំងពីរបានផ្ទុះឡើងកាន់តែខ្លាំងពេលលោកគ្រូស្នើសុំឲ្យទិញ Declan Rice ពេលទីផ្សារដោះដូរកីឡាករខ្សែមករានេះបើកទ្វារទើបធ្វើឲ្យលោកប្រធានក្លិប Roman Abramovich អស់ទំនុកចិត្តនិងប្រកាសបញ្ចប់តំណែងលោកគ្រូបែបនេះ៕

ខ្សែបម្រើ Declan Rice និងលោកគ្រូបង្វឹក Frank Lampard 
ខ្សែបម្រើ Declan Rice និងលោកគ្រូបង្វឹក Frank Lampard 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T