រតនគីរី ៖ រថយន្ដកូរ៉េ ចំណុះ ២,៥តោន ពណ៌ខៀវ ពាក់ស្លាកលេខ ៣ដ០១៧៧ ភព២ ដឹកជំនៀកៅស៊ូពេញរថយន្ដលួច បង្កប់ឈើប្រណីត ស្រាប់តែ ក្រឡាប់ កណ្ដាលផ្លូវ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៣ ស្ថិតនៅភូមិ ៤ សង្កាត់កាចាញ  ក្រុងបានលុង ខេត្ដរតនគីរី ប៉ុន្ដែ គ្រោះថ្នាក់ ចរាចរ ខាងលើនេះ មិនបណ្ដាលឱ្យនរណា  ម្នាក់រងរបួសនោះឡើយ ខណៈដែលឈើ ប្រណីត ត្រូវបានឈ្មួញប្រមូលយកទៅអស់ ដោយសារតែពេលកើត ហេតុនោះ មាន ភ្លៀង និងខ្យល់ធ្លាក់យ៉ាងខ្លះ ។

អធិការរងនគរបាលក្រុងបានលុង ទទួលផែនសណ្ដាប់ធ្នាប់ លោក ពុទ្ធ សាវី បានឱ្យដឹងថា អ្នកបើករថយន្ដឈ្មោះរំដួល អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិ ឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង ។ លោកបន្ដថា មុនពេលកើតហេតុ រថយន្ដកូរ៉េខាងលើនេះ បានដឹកជំនៀកៅស៊ូ ចេញពីរោងចក្រកែច្នៃ ដើម កៅស៊ូ នៅទីរួមស្រុកអូរជុំដើម្បីយក ទៅលក់ នៅខេត្ដកំពង់ចាម ។ លោកបន្ដ ទៀតថា ពេលបើកដល់ចំណុចកើតហេតុ ខាងលើ ស្របពេលដែល មេឃ កំពុងធ្លាក់ ភ្លៀង និងធ្លាក់ខ្យល់យ៉ាងខ្លាំង ហើយមាន រថយន្ដកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាធ្វើ ឱ្យអ្នកបើករថយន្ដបួងចង្កូតមកខាងស្ដាំដៃ  បណ្ដាលឱ្យក្រឡាប់តែម្ដង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន បន្ដថា បើគ្រាន់តែដឹកជំនៀកៅស៊ូមិន បណ្ដាលឱ្យរថយន្ដផ្អៀង រហូតដល់ក្រឡាប់ នោះឡើយ ប៉ុន្ដែ រថយន្ដ ខាងលើនេះលួច បង្កប់ឈើប្រណីត ហើយនៅពេលក្រឡាប់ នោះត្រូវបានបក្ខពួករបស់គេមកប្រមូល យកទៅអស់ បន្សល់ទុកតែជំនៀកៅស៊ូ និង រថយន្ដនៅកន្លែងកើតហេតុ ។ បច្ចុប្បន្ន កម្លាំងនគរបាលក្រុងបានលុង បានស្ទូចយក រថយន្ដ ដែលក្រឡាប់នេះទៅរក្សាទុកជា បណ្ដោះអាសន្ន នៅ ប៉ុស្ដិ៍នគរបាលកាចាញ ដើម្បីចាត់ការបន្ដទៀត ៕



ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]