ភ្នំពេញ : រថយន្តដឹកស៊ីម៉ងត៍ ចំនួន១០តោន មួយគ្រឿង បានបុកបង្គោល ខ្សែភ្លើង បាក់អស់មួយដើម ដោយសារតែជាន់ហ្រ្វាំងមិនស៊ី ពេលចុះ ចំណោត ផ្លូវស្ពានទី១ មុខពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

តាមប្រជាពលរដ្ឋ ដែលមាន ផ្ឋះនៅអមសងខាងផ្លូវចុះ ចំណោតនោះ បានរៀបរាប់ថា នៅវេលាម៉ោង ជិត៩ ព្រឹក ថ្ងៃទី៣០ ខែឧសភា ឃើញមាន រថយន្តដឹកស៊ីម៉ងត៍ មួយគ្រឿង បើកចុះពីផ្លូវ២៧១ បំណង ឆ្ពោះឆ្លងស្ពានទី១នេះ ខណ:កំពុងបើកចុះចំណោត ស្របមានអ្នកដំណើរ ជិះម៉ូតូ បញ្រ្ចាសឡើងទៅផ្លូវ ២៧១នោះ មានចំនួនច្រើន ស្អេកស្កះ ស្រាប់តែឃើញ យកចង្កូតចេញទៅស្តាំ បណ្តាលឲ្យបុកបង្គោល ខ្សែ ភ្លើងបាក់មួយដើម ព្រមទាំងបាក់រលំរានទេវតា នៅមុខផ្ទះលេខ៦៣ ហើយរថយន្តក៏ឈប់ស្ងៀម នៅអែបទីនោះតែម្តង។

ខណ:នោះដែរ សមត្ថកិច្ច នគរបាលចរាចរ ខណ្ឌ ចំការមន បានចុះទៅដល់ កន្លែងកើតហេតុ និងសាក សួរដើមហេតុ ទើបអ្នកបើកបរឈ្មោះ សម្បត្តិ ដោ ភេទប្រុស អាយុ ២៧ឆ្នាំ រៀបរាប់ថា ខ្លួនដឹកស៊ីឈ្នួល បើករថយន្តដឹកស៊ីម៉ង់ត៍ឲ្យ ថៅកែនៅគីឡូម៉ែត្រលេខ៦ ដោយដឹកស៊ីម៉ងត៍ ចំនួន ១០តោន យកមកឲ្យ ម៉ូយធ្វើ ផ្ទះល្វែងនៅភូមិចំរើនផល ដែលនៅប្រហែលជា១០០ ពីកន្លែងកើតហេតុប៉ុណ្ណោះ។ ឈ្មោះ សម្បតិ្ត ដោ បន្តថា ខណ:កំពុង បើកចុះពីលើផ្លូវ ២៧១នោះ ស្រាប់តែរថយន្ត ជាន់ហ្រ្វាំងមិនស៊ី ស្រប មាន ម៉ូតូ រថយន្ត នៅខាងមុខច្រើនផងនោះ ដោយខ្លាចមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស ខ្លួនសុខ ចិត្តឲ្យព្រូម្នាក់ ចុះរត់ទៅដាក់កំណល់ផងដែរប៉ុន្តែមិនទាន់ ក៏សម្រេចចិត្ត កាច់ចង្កូតបុក បង្គោលភ្លើង តែម្តងទៅ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0950 បើកបរដោយឈ្មោះ សម្បត្តិ ដោ ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិ ចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។ ក្រោយកើតហេតុ នគរបាល ចរាចរខណ្ឌចំការមន យករថយន្តទៅរក្សាទុក នៅការិយា ល័យ នគរបាល ចរាចររាជធានីភ្នំពេញ ដើម្បីដោះស្រាយសំណងជាក្រោយ។









ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]