ក្រុមនៃអ្នកជួយរកសាកសព នៅក្នុង Zhejiang ប្រទេសចិន បានបង្កជាភាពភ្ញាក់ផ្អើល និងផ្ដល់ការហួសចិត្ដដល់សាធារណៈជន ដោយសារតែ ស្រង់ឬជួយមនុស្សម្នាក់ ត្រូវគិតតម្លៃ ៦,០០០យ័ន ឬ ៩៨០ដុល្លារអាមេរិក។

យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានគូស្នេហ៍មួយគូ បានឈ្លោះគ្នានៅលើស្ពាន ដែលនោះពេលនោះ ខាងស្រី ស្រាប់តែលោតចុះទន្លេ ដែលភ្លាមៗនោះ ភាគីបុរសក៏ស្ទុះលោតទៅជួយដៃគូ តែអ្នកទាំងពីរបែរជាលង់ទឹកស្លាប់ ទាំងពីរអ្នកតែម្ដង។ នៅពេលដែលក្រុមគ្រួសារដឹងថា អ្នកទាំងពីរស្លាប់ កាលពីយប់ថ្ងៃទី ២៥ ខែឧសភាពួកគេក៏បានជួលអ្នកស្រង់សាកសព ដែលជាអ្នកនៅក្នុងតំបន់នោះ ដើម្បីជួយរកសាកសព ដែលលិចបាត់ក្នុងទន្លេនោះ។ ទោះជាយ៉ាងណា អ្នកស្រង់សាកសពនោះ បែរជាបដិសេធ និងនិយាយថានេះជាពេលយប់មិនអាចជួយស្រង់សាកសពបានទេ ដោយសារតែងងឹតពេក។ ថ្ងៃបន្ទាប់ក្រុមគ្រួសារនៃជនរងគ្រោះទាំងពីរ ក៏ទៅរកម្ដងទៀត ស្រាប់តែអ្នកស្រង់សាកសពទាមទារ ១២,០០០យ័ន ឬ ១,៩៦០ ដុល្លារអាមេរិក សម្រាប់មនុស្សពីរនាក់។

ជុំវិញរឿងរ៉ាវទាំងនេះ អ្នកស្រង់សាកសពម្នាក់បាននិយាយថា នេះពិតជាពិបាកណាស់ ប្រសិនជាចង់ឲ្យពួកគេស្រង់សាកសពនោះ ដែលយ៉ាងហោចណាស់ ក៏ត្រូវបង់ ១២,០០០ យ័ន ឬ ១,៩៦០ ដុល្លារអាមេរិក ដែរ។ តែដោយសារតែមាន ការជួយគាំទ្រ ពីប៉ូលីស និងអ្នកដំណើរ ក្រុមគ្រួសារនៃសព អាចចរចារជាមួយនឹង អ្នកស្រង់នេះ ក្នុងតម្លៃមួយនាក់គឺ ១,៥០០យ័ន ឬ ២៤០ ដុល្លារអាមេរិកប៉ុណ្ណោះ។ 

តើប្រិយមិត្ដយល់យ៉ាងណា ដែលគ្រាន់តែជួលរកសាកសពនៅក្នុងទន្លេ បែរជាមានតម្លៃថ្លៃកប់ពពក ហើយគ្រាន់តែចរចារភ្លាមៗ បែរជាធ្លាក់ថ្លៃទៅវិញ?



ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]