ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ដោយសារតែ ស្រឡាញ់បុរស ធ្វើការនៅរោងចក្រ ជាមួយគ្នា មិនសមតាមបំណង របស់ឪពុកម្តាយ ហើយបើទោះបីជា ឪពុកម្តាយ ចាប់ វាយដុំ និងចងក្រវ៉ាក់ តែនាង សុខចិត្តស្កាត់ ទៅជួប គូស្នេហ៍របស់ខ្លួន ប៉ុន្តែចៃដន្យអី នៅពេលកំពុងជិះម៉ូតូ ឌុបជាមួយគ្នា នៅតាមផ្លូវ ប្រុងធ្វើដំណើរទៅឆ្ងាយពីផ្ទះ ក៏ត្រូវម្តាយឃើញទៀត ហើយចាប់បោច សក់ និងវាយបណ្តាលឲ្យ ផ្អើលអស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវ ហើយត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍បឹងទំពុន ខណ្ឌមានជ័យ នាំខ្លួនទាំង គូស្នេហ៍ និងស្រ្តីជាម្តាយ យកទៅសួរនាំបន្ត ។

ករណីភ្ញាក់ផ្អើល ស្រ្តីជាម្តាយ ចាប់វាយ បោចសក់ កូនស្រី របស់ខ្លួនខាងលើនេះ បានកើតឡើងនៅ វេលាម៉ោង៨ ៖០០នាទី យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣នេះ ស្ថិតនៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។ ស្រីណែត អាយុ១៩ឆ្នាំ បាននិយាយនៅ កន្លែងសមត្ថកិច្ចថា ខ្លួនបម្រើការងារនៅ រោងចក្រ កាត់ដេរ នៅម្តុំជម្ពូវ័ន្ត ហើយបានចាប់ ចិត្តស្រឡាញ់ យុវជន ឈ្មោះ ប៉ុល ឡេង អាយុ២០ឆ្នាំ ដែលធ្វើការ នៅជាមួយ គ្នាអស់រយៈពេល ជាង១ឆ្នាំមកហើយ ។

ស្រីណែត បានបន្តរៀបរាប់ដោយទឹកភ្នែកថា ការស្រឡាញ់ យុវជន ឡេង  មិនត្រូវឪពុកម្តាយ របស់នាងយល់ព្រមឡើយ ហើយតែងតែធ្វើការ បំបែកបំបាក់ ជារៀងរហូត ដល់ថ្នាក់ចាប់វាយ និងដាក់ខ្នោះ នាងទៀត មិនឲ្យចេញទៅ ជួបជាមួយ គូស្នេហ៍វ័យ ។

ប៉ុន្តែបើទោះបីជា ឪពុកម្តាយ ដែលជាអ្នកមានគុណ ខិតខំ ធ្វើការបំបែកបំបាក់ យ៉ាងនេះក្តី តែដោយសារ ក្តីស្រឡាញ់ ពេញបេះដូង មិនអាចរស់អត់ប្រុស ឡេង បាន រូបនាងសុខចិត្តឈឺ រាល់ការលំបាក និងការចុកចាប់ ទាំងឡាយ ចំពោះការធ្វើទារុណកម្ម របស់ឪពុកម្តាយ។ ស្រីណែត បានបន្តទៀតថា ខណៈឪពុកម្តាយ ចងច្រវ៉ាក់ នាងនៅផ្ទះ ពេលមួយ នាងមានឱកាស ដោយដោះ ច្រវ៉ាក់ចេញ ហើយរត់ទៅ ជួបគូស្នេហ៍ និងមិត្តភក្រ្ត័ នាំគ្នានៅហូបអី នៅម្តុំវត្តសំរោងអណ្តែត ។

លុះពេលហូបចប់ រូបនាង និងគូស្នេហ៍ បាននាំគ្នាជិះម៉ូតូឌុប ប្រុងធ្វើដំណើរ ទៅសៀមរាបកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប៉ុន្តែចៃដន្យ ពេលជិះមកដល់ ចំណុចកើតហេតុ បានជួបស្រ្តីជាម្តាយ ដែលមានផ្ទះនៅ ម្តុំផ្សារដើមថ្កូវ ពេលនោះស្រ្តីជាម្តាយ បានចាប់វាយ និងបោចសក់ បណ្តាលឲ្យផ្អើល ដល់ប្រជាពលរដ្ឋ នៅតាមផ្លូវ ហើយក៏ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍បឹងទំពុន ចុះមកនាំខ្លួនពួកគេ ទាំងអស់ទៅសួរនាំ ។

នៅចំពោះសមត្ថកិច្ច តួអង្គទាំងពីរនាក់ បានស្រក់ទឹកភ្នែក ហើយបានស្រែក អង្វរដល់សមត្ថកិច្ច ឲ្យជួយសម្របសម្រួល និងដោះស្រាយបញ្ហា របស់ពួកគេផង ធ្វើយ៉ាងណា អនុញ្ញាតឲ្យពួកគេ ពីរនាក់ បានរស់នៅជាមួយគ្នា។ យ៉ាងណាក៏ដោយ ពួកគេទាំងអស់ ស្ថិតនៅក្រោម ការសាកសួរបន្តទៀត ពីសមត្ថកិច្ចប៉ុស្តិ៍ បឹងទំពុនខណ្ឌមានជ័យ។ ជាមួយគ្នានេះ ដើមអម្ពិលមិន ទាន់អាចសុំការបកស្រាយ ពីស្រ្តីជាម្តាយនៅឡើយទេចំពោះបញ្ហានេះ៕








ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]