ភ្នំពេញ ៖ បុរសរត់ម៉ូតូឌុបម្នាក់ ដោយ សារតែខឹងចិត្ដ ខឹងអ្នករត់ម៉ូតូឌុបដូចគ្នា និយាយឌឺឱ្យថា មកពីស្រែប្រហែលអត់ចេះ ឡើងដើមត្នោត ទើបធ្វើឱ្យបុរសរូបនេះក្ដៅ ក្រហាយ នាំគ្នាភ្នាល់ដាក់លុយឡើងត្នោត ដោយរូបគេ មានលុយ ១៧ម៉ឺនរៀលក្នុង ហោប៉ៅ រីឯភាគីម្ខាងទៀត មានលុយ ៧ម៉ឺន រៀលក្នុងហោប៉ៅ ។ ប៉ុន្ដែ ពេលដែល ភ្នាល់គ្នាឡើងដើមត្នោត ជួបសំណាង អាក្រក់ ធ្លាក់ពីលើចុងត្នោត ស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យលោកសង្ឃ ហើយ ពួកគេភ្នាល់គ្នាដាក់លុយឡើងដើមត្នោត នោះបានកើតឡើង កាលពីវេលាម៉ោង ១២ និង១៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៣ នេះ ស្ថិតនៅភូមិក្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលបាន សួរនាំពីដំណើររឿងនេះ បានឱ្យដឹងថា ជន រងគ្រោះ ឈ្មោះ សោ ឌឿ អាយុ ៤៨ឆ្នាំ មានស្រុកកំណើត នៅភូមិ ៨មុំ ស្រុកត្រាំង ខេត្ដតាកែវ ហើយបច្ចុប្បន្នស្នាក់នៅសង្កាត់ វាលវង់ ខណ្ឌ ៧មករា ប្រកបមុខរបររត់ ម៉ូតូឌុប ។ សមត្ថកិច្ចបានបន្ដថា មុនពេល កើតហេតុ ជនរងគ្រោះបានចាំម៉ូយនៅម្ដុំ អូឡាំពិក ដោយមានអ្នករត់ម៉ូតូឌុបដូចគ្នា មួយចំនួនទៀត ។ ពេលនោះអ្នករត់ម៉ូតូឌុប ម្នាក់ ក៏បាននិយាយលេងជាមួយជនរង គ្រោះ ហើយឌឺឱ្យថា មកពីស្រែប្រហែលជា អត់ចេះឡើងដើមត្នោតទេមើលទៅ ។ ជន រងគ្រោះ គ្រាន់តែលឺដូច្នេះឆ្លើយតបថា ធ្លាប់ ឡើងពេលនៅក្មេង រួចហើយដើម្បីចង់ បញ្ជាក់ការពិតថា ខ្លួនអាចឡើងដើមត្នោត បាន ក៏បបួលភ្នាល់ដាក់លុយ ។ បន្ទាប់មក ពួកគេទាំងពីរនាក់ ប្រុងភ្នាល់ឡើងដើម ត្នោត នៅម្ដុំអូឡាំពិក ប៉ុន្ដែ ដោយសារដើម ត្នោតនៅទីនោះទាបពេក ក៏ជិះម៉ូតូឡើងរក ដើមត្នោតណាដែលខ្ពស់ ។

នៅពេលដែល ពួកគេជិះទៅដល់ចំណុចកើតហេតុ ក្នុងភូមិ ក្រាំងដូនតី សង្កាត់ចោមចៅ ក៏ឃើញមាន ដើមត្នោតខ្ពស់ ក៏នាំគ្នាភ្នាល់ឡើងដាក់លុយ តែម្ដងទៅ ។

សមត្ថកិច្ចបានបន្ដទៀតថា ជនរងគ្រោះ ដើម្បីបង្ហាញការពិតថា ខ្លួនអាចឡើងដើម ត្នោតបាន និងទទួលបានលុយពីភាគីម្ខាង ចំនួន ៧ម៉ឺនរៀលនោះ ក៏ឡើងតាមរយៈ ការដាក់ក្រលីង (ខ្សែរង្វង់មូលពាក់ជើង) ចាប់ផ្ដើមឡើងដើមត្នោត ប៉ុន្ដែ ពេលឡើង ជិតដល់ចុងត្នោតទៅហើយនោះ ក៏ដាច់ ក្រលីងរអិលធ្លាក់មកក្រោម បណ្ដាលឱ្យរង របួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅដល់ មន្ទីរលោកសង្ឃ ៕



ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]