បាត់ដំបង ៖ មន្ដ្រីអាវុធហត្ថ ស្រុកសំពៅ លូន ខេត្ដបាត់ដំបង ថ្នាក់មេបញ្ជាការ មេ បញ្ជាការរងបានស្លាប់ និងរងរបួសធ្ងន់ ស្រាលទាំង ៣នាក់ ក្នុងនោះ មេបញ្ជាការរង ម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលពួកគេ បានជួបគ្រោះថ្នាក់ បើករថយន្ដចុះ ពីលើភ្នំព្រឹក ហើយបែកកង់ក្រឡាប់ ៤-៥ត្រឡប់ ។

គ្រោះថ្នាក់ដែលបានផ្ដាច់ជីវិត មេបញ្ជា ការរង ស្រុកសំពៅលូន លោក ស្រី សុធា ដែលទើបទទួលបានតំណែងនេះ កាលពី ពេលថ្មីៗ ហើយបណ្ដាលឱ្យលោក គឹម វាសនា ជាមេបញ្ជាការអាវុធហត្ថស្រុក សំពៅលូន រងរបួសក្រិចជើង និង មេបញ្ជា ការរងម្នាក់ទៀតរងរបួសស្រាលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៣ នេះ ស្ថិតនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង ។ 

មេបញ្ជាការអាវុធហត្ថ ខេត្ដបាត់ដំបង លោកឧត្ដមសេនីយ៍ផ្កាយ ១ ប៉ោ វណ្ណៈ បាន ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៣ នេះថា គ្រោះថ្នាក់ដែលបាន ផ្ដាច់ជីវិតលោកអនុសេនីយ៍ទោ ស្រី សុធា មេបញ្ជាការរង អាវុធហត្ថស្រុកសំពៅ លូន និងបណ្ដាលឱ្យលោក គឹម វាសនា ជាមេ បញ្ជាការរងរបួសក្រិចជើង រីឯមេបញ្ជាការ រងម្នាក់ទៀត ឈ្មោះ ឱម វណ្ណារិទ្ធ រងរបួស ស្រាលផងនោះ បានកើតឡើងខណៈដែល ពួកគេកំពុងជិះរថយន្ដលុច្សស៊ីស RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-5764 ធ្វើដំណើរ ត្រឡប់មកពីផ្សព្វ ផ្សាយផែនការ ដើម្បីត្រៀមការពារ សន្ដិសុខនាអំឡុងការ ឃោសនាបោះឆ្នោត និងការបោះឆ្នោតនៅ ពេលខាងមុខ ។

លោកឧត្ដមសេនីយ៍ ប៉ោ វណ្ណៈ បានបន្ដ ថា ពេលដែលពួកគេកំពុងបើករថយន្ដចុះពី លើភ្នំព្រឹក ដែលជាផ្លូវចុះចំណោតផងនោះ ប្រហែលកង់រថយន្ដ មុតថ្មបណ្ដាលឱ្យបែក ហើយក្រឡាប់តែម្ដងទៅ ។

យោងតាមមន្ដ្រីនគរបាល មូលដ្ឋានបាន ឱ្យដឹងថា ក្រោយពីជួបគ្រោះថ្នាក់ខាងលើ នេះ ជនរងគ្រោះដែលរងរបួសត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯជនរងគ្រោះ ដែលបានស្លាប់ ត្រូវបានសមត្ថកិច្ចជួយរក្សា  សពដើម្បីប្រគល់ជូនក្រុមគ្រួសារវិញ ។ នេះ ចាត់ទុកជារឿងដ៏គួរឱ្យសោកស្ដាយជាទី បំផុត ចំពោះមន្ដ្រីអាវុធហត្ថ ថ្នាក់មេបញ្ជា ការ និងមេបញ្ជាការរង បានជួបបែបនេះ ក្រោយពីមកបំពេញការងារជូនជាតិ ៕




ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]