ភ្នំពេញ៖ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៣ អ្នកកើតជំងឺគ្រុនចាញ់ ដែលមករកសេវា ព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពរដ្ឋ មានចំនួន ៧.៨៨៩នាក់ ថយចុះ៥៤% បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១២ មាន ១៧.០៤៣ករណី។

យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣នេះបានឲ្យដឹងថា ក្នុង៤ខែនេះ ចំនួនអ្នកស្លាប់ ដោយគ្រុនចាញ់ មាន៣នាក់ ថយចុះ៨៨% បើប្រៀបធៀប៤ខែដើមឆ្នាំ២០១២ ដែលមានរហូតដល់២៤នាក់ ។

ប្រភពខាងលើបន្តថា មេរោគគ្រុនចាញ់ នៅតែបន្ដបណ្ដែតខ្លួន ក្នុងឈាមមនុស្ស គឺមូសដែកគោលញីនៅតែមានឱកាសខាំ ចម្លងមេរោគនេះពីមនុស្ស ម្នាក់ទៅម្នាក់ទៀត ប្រសិនបើគ្រប់ភាគីពាក់ព័ន្ធ មានការធ្វេសប្រហែស មិនព្រមបន្តសកម្មភាពរបស់ខ្លួន ក្នុងការកំចាត់មេរោគមួយនេះ។ ចំនួនអ្នក ស្លាប់ដោយជំងឺនេះ ឆ្នាំ២០១០ មាន១៥១នាក់, ឆ្នាំ២០១១ចុះមកដល់៩៣នាក់, ឆ្នាំ២០១២ចុះមកត្រឹម៤៥នាក់ ពោលគឺត្រូវបានកាត់បន្ថយ ៣៨% ក្នុង ឆ្នាំ២០១១ និង ៥២% ក្នុងឆ្នាំ២០១២ ដែលជាការកាត់បន្ថយ ក្នុងល្បឿនលឿន ព្រោះក្នុង ទសវត្សឆ្នាំ២០០០-២០១០ ករណីស្លាប់ដោយគ្រុនចាញ់ ថយ ចុះជាមធ្យមប្រហែល៨% ប៉ុណ្ណោះ ក្នុង១ឆ្នាំៗ។

អត្រាស្លាប់ ដោយជំងឺគ្រុនចាញ់ ក្នុងប្រជាជន ១សែននាក់ ដែលជាសូចនាករស្នូល១ នៃគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជា បានថយចុះពី ៥,២៩ នាក់ នាឆ្នាំ២០០០ មកនៅត្រឹម ០,៦៧នាក់នាឆ្នាំ២០១១ និង ០,៣២នាក់នាឆ្នាំ២០១២ ខណៈដែលកម្ពុជា បានកំណត់គោលដៅរបស់ខ្លួន រហូតដល់ ០,៧៨នាក់សំរាប់ឆ្នាំ២០១៥ ពោលគឺសំរេចគោលដៅ បានក្នុង៣ឆ្នាំមុនកាលកំណត់។

ករណីជំងឺគ្រុនចាញ់ ក្នុងសកលលោក (៩៩ប្រទេសមានជំងឺគ្រុនចាញ់) ក្នុងទសវត្ស ឆ្នាំ២០០០-២០១០ បានថយចុះ ២៥% ក្នុងនោះកម្ពុជាថយ ៦២%។ ករណីជំងឺគ្រុនចាញ់ព្យាបាល នៅ វិស័យសាធារណៈ (មន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពរដ្ឋ) ឆ្នាំ២០១២មាន៤០,៤៧៦នាក់ គឺថយចុះ៣៥% បើប្រៀបធៀប ឆ្នាំ២០១១ដែលមាន ៦២.៦៨០នាក់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសារលិខិត នាឱកាស ទិវាជាតិប្រយុទ្ធប្រឆាំង ជំងឺគ្រុនចាញ់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ថា ជំងឺគ្រុនចាញ់ នៅតែជាបន្ទុក ដ៏ធ្ងន់មួយរបស់កម្ពុជា ហើយបើមិនលុបបំបាត់ ឲ្យអស់នោះទេ មូសដែកគោលញី វានឹងបន្តបឺត ឈាម មនុស្សទៀត ដែលវាបង្កចម្លងរោគ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់៕



ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]