ក្រុងប៉ោយ​ប៉ែត ៖ ​កាមរី​មួយ​គ្រឿង​​បាន​ឆក់​យក​ជីវិត​បុរសជាប្តី និង​បង្ក​​ឱ្យ​ស្ត្រី​​ជា​ប្រពន្ធ​របួស​ធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​ត្រូវ​រថយន្ត​បុក​ ​​កាល​ពីវេលា​ម៉ោង​​១១​ព្រឹក​ថ្ងៃទី​​៨ មេសា ២០១២ ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ​ម្តុំ​ភូមិ​សូរិយា​ថ្មី ឃុំ​កូម ស្រុក​អូរ​ជ្រៅ ។

​គ្រួសារ​រង​គ្រោះ​ប្តី​ឈ្មោះ​​កែវ គឿន ​អាយុ​៥០​ឆ្នាំ ​(ស្លាប់​) ប្រពន្ធ​​ឈ្មោះ​​កាន់ សុខឿន អាយុ​៤៧​ឆ្នាំ​ ជិះ​ម៉ូតូ​​ម៉ាក​វីវ៉ា​ស៊េរី​ឆ្នាំ​២០០៩ ​ពណ៌ ទឹក​ប៊ិច ​អ្នក​ទាំង៣ មាន​ទី​លំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​​រថយន្ត​​បង្ក​ម៉ាក​កាមរី​​ស៊េរី​ឆ្នាំ ១៩៩៣ ​ពណ៌​ស្លាប​ក្អែក ​ចង្កូត​​ស្តាំ​ ។ ​តាម​ប្រភព​ពី​​កន្លែង​កើត​ហេតុ​ប្រាប់​ថា មុន​ហេតុ​ការណ៍​​កើត​ហេតុ​​គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​​ និង​រថយន្ត​​បង្ក​ហេតុ​​បើក​បរ​​ស្រប​ទិស​គ្នា​​ពី​លិច​ទៅ​កើត។ លុះ​​ដល់​ចំណុច​​​កើតហេតុ​​ ដោយ​សារ​​ម៉ូតូ​​បត់​ចូល​ផ្ទះ​មិន​មើល​​មុ​ខ​ក្រោយ​ទើប​ធ្វើ​ឱ្យ​រថយន្ត​​​ កំពុង​បើក​ក្នុង​ល្បឿន​​លឿន​ជាន់​ហ្វ្រាំង​​មិន​ទាន់​​បុក បណ្តាល​ឱ្យ​ស្លាប់​អ្នក​បើក​បរ​តែ​ម្តង។

ប្រភព​បន្ត​ថា ​ភ្លាមៗ​អ្នក​បើក​​បរ​រថយន្ត​​​​ព្យា​យាម​រត់​គេច​តែ​រត់​មិន​រួច ព្រោះ​​ត្រូវ​​​អ្នក​ស្រុក​ក្របួច​ជាប់​ប្រគល់​​ឱ្យ​សមត្ថ​កិច្ច​។ សព​បុរស​ជា​ប្តី​ត្រូវ​សាច់​ញាតិ​យក​ទៅធ្វើ​បុណ្យ ឯ​ស្ត្រី​ជា​ប្រពន្ធ​ដែល​​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​​ សង្គ្រោះរបស់ស្នងការ​​ដ្ឋាន​នគរបាល​ខេត្ត​​​ដឹក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​​ ពេទ្យ​​បង្អែក​​មិត្តភាព​កម្ពុជា​-ជប៉ុន​​​មង្គល​បុរី ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]