McAteer ថាកីឡាករម្នាក់នេះនៅតែជាខ្សែការពារល្អផ្ដាច់គេនៅ PL បើទោះបីកំពុងប្រឈមនឹងការរិះគន់ក៏ដោយ

//s9.kh1.co/e2/e2a712afb675dba971339cba448018a67b75f437.jpg
កីទ្បា

 ១៥-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Jason McAteer ថា Trent Alexander-Arnold នៅតែជាខ្សែការពារល្អជាងគេនៅអង់គ្លេសតែទទួលស្គាល់ថាគេធ្លាក់ទម្រង់លេងពិតមែន

អង់គ្លេស៖ លោក Jason McAteer ដែលជាអតីតខ្សែបម្រើរបស់ក្លិបហង្សក្រហម Liverpool ថា Trent Alexander-Arnold នៅតែជាខ្សែការពារដ៏ល្អផ្ដាច់គេនៅក្របខណ្ឌ Premier League បើទោះបីជារូបគេកំពុងប្រឈមមុខនឹងការរិះគន់មិនសំចៃមាត់ពីសំណាក់អ្នកគាំទ្របាល់ទាត់អង់គ្លេសក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Trent Alexander-Arnold
ខ្សែការពារ Trent Alexander-Arnold

Trent ជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Liverpool និងបានស្នាក់នៅជាមួយក្រុម តាំងពីឆ្នាំ២០០៤មកម៉្លេះហើយដោយសារមើលឃើញសមត្ថភាពដ៏លេចធ្លោរបស់គេ លោកគ្រូ Jurgen Klopp ក៏បានយកគេមកចូលរួមជាមួយក្រុមឈុតធំកាលពីឆ្នាំ២០១៦ ដោយយកទុកមកជំនួសខ្សែការពារ Nathaniel Clyne ម្ដងម្កាល។

ខ្សែការពារ Nathaniel Clyne និងTrent Alexander-Arnold 
ខ្សែការពារ Nathaniel Clyne និងTrent Alexander-Arnold 

Trent បន្តធ្វើបានល្អជារឿយៗរហូតដល់ទទួលបានពាន Golden Boy នៅឆ្នាំ២០១៨ ដែលជាឆ្នាំតែមួយដែលក្រុមហង្សក្រហម Liverpool ក្លាយជាម្ចាស់ជើងឯកពានធំ Champions League នោះឯង។ក្រោយមកក៏កីឡាករវ័យ២២ឆ្នាំរូបនេះបានឈ្នះពាន Men's PFA Young Player of The Year(កីឡាករវ័យក្មេងដែលលេងល្អជាងគេប្រចាំឆ្នាំរបស់ PFA)នៅរដូវកាល ២០១៩-២០២០ទៀតផង។

ខ្សែការពារ Trent Alexander-Arnold ឈ្នះពាន Men's PFA Young Player of The Year
ខ្សែការពារ Trent Alexander-Arnold ឈ្នះពាន Men's PFA Young Player of The Year

ប៉ុន្តែខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបែរជាបង្កកំហុសមួយដ៏ធ្ងន់ក្នុងការប្រកួតទល់នឹង Southampton ដែល Liverpool ចាញ់ក្រុមម្ចាស់ផ្ទះ ១ ទល់នឹង ០ ដោយ Trent Alexander-Arnold បានធ្វើឲ្យបាល់ខូចដល់ទៅ៣៨ដងដែលជាចំនួនច្រើនបំផុតដែលគ្មានកីឡាករនៅ Premier League ណាធ្វើបានដូចគេឡើយ។

លោកគ្រូ Jurgen Klopp និង ខ្សែការពារ Trent Alexander-Arnold
លោកគ្រូ Jurgen Klopp និង ខ្សែការពារ Trent Alexander-Arnold

លោកគ្រូ Klopp ធ្លាប់បានចេញមុខការពារកូនក្រុមម្នាក់នេះដោយថា Trent ធ្លាក់ទម្រង់លេងដោយសាររូបគេបានឆ្លងវីរុសកូវីដ១៩កាលពីដើមរដូវកាលដែលធ្វើឲ្យសុខភាពរបស់គេរាងចុះខ្សោយជាងមុនហើយ លោក McAteer ក៏គិតដែរថា Trent មើលទៅដូចជាមនុស្សធ្វើការធ្ងន់និងមានទឹកមុខហត់នឿយជាប្រចាំ។

លោកគ្រូ Jurgen Klopp និង ខ្សែការពារ Trent Alexander-Arnold
លោកគ្រូ Jurgen Klopp និង ខ្សែការពារ Trent Alexander-Arnold

ប៉ុន្តែយ៉ាងណាមិញលោកនៅតែលើកសរសើរថា  Alexander-Arnold ជាខ្សែការពារដ៏ល្អបំផុតនៅអង់គ្លេសដោយបានប្រាប់ FreesuperTips ថា៖

Trent Alexander-Arnold នៅតែជាខ្សែការពារស្លាបស្តាំដ៏ល្អបំផុតនៅអង់គ្លេសបើទោះបីជាគេកំពុងប្រឈមនឹងភាពលំបាកលំបិនក៏ដោយ។ គេអាចនឹងធ្លាក់ទម្រង់លេងនៅការប្រកួតពីរបីនេះ ប៉ុន្តែអ្នកសាកគិតទៅមើល៍ បើសិនអ្នកជាកីឡាករ Liverpool ដែលល្បីល្បាញមួយរូប  គ្រប់គ្នាមុខជាតាមមើលតាមចាប់កំហុសហើយទោះបីអ្នកធ្លាក់ទម្រង់លេងបន្តិចក៏ដោយ។ វាដូចជាករណី Mohamed Salah កាលពីគេលេងនៅរដូវកាលដំបូងជាមួយ Liverpool អ៊ីចឹង កាលណោះ គេលេងបានល្អណាស់និងរកគ្រាប់បាល់បានច្រើន ស្រាប់តែនៅរដូវកាលបន្ទាប់ គេលេងមិនសូវបានល្អ គ្រប់គ្នាបែរជាថាគេអស់អនាគតហើយ។ កីឡាករដែលប្រឡូកក្នុងអាជីពជាកីឡាករបាល់ទាត់យូរឆ្នាំអាចទប់ទល់នឹងពាក្យរិះគន់ទាំងនោះបានប៉ុន្តែ Trent នៅក្មេងណាស់ គេត្រូវចូលលេងបាល់រាល់សប្តាហ៍ ទើបទទួលរងសំពាធផ្នែកផ្លូវចិត្តច្រើន។ ខ្ញុំថាគេមើលទៅដូចជាហត់នឿយណាស់ កម្លាំងរបស់គេចុះខ្សោយហើយផ្នែកផ្លូវចិត្តរបស់គេក៏មិនសូវនឹងនរដែរ។

លោក Jason McAteer
លោក Jason McAteer
លោក Jason McAteer

លោកបានបន្តទៀតថា៖

ទោះបីជាយ៉ាងណាក៏ដោយក៏លោកគ្រូ Klopp គួរតែដាក់គេឲ្យចូលលេងក្នុងការប្រកួតទល់នឹង Manchester United ព្រោះវាជាការប្រកួតធំជាងគេក្នុងក្របខណ្ឌ Premier League រដូវកាលនេះ អ៊ីចឹងហើយពួកយើងត្រូវការកីឡាករដូចគេណាស់ បើសិនលោកគ្រូ Klopp ចង់ឲ្យគេសម្រាក គួរតែចាំរហូតដល់ការប្រកួត(ទល់នឹង Manchester United) នេះកន្លងផុត។

លោក Jason McAteer

គួររម្លឹកផងដែរថា Liverpool នឹងត្រូវធ្វើដំណើរទៅជួប Manchester United នៅទឹកដីកីឡដ្ឋាន Old Trafford ថ្ងៃអាទិត្យទី១៧នេះហើយ៕

 ខ្សែការពារ Trent Alexander-Arnold
 ខ្សែការពារ Trent Alexander-Arnold

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T