រាជធានីភ្នំពេញ ៖ រថយន្ដដឹកដែកប៉ះជាមួយរថយន្ដហ្វដនៅគល់ស្ពានជ្រោយចង្វាខាងលិច ខណៈរថយន្ដដឹកដែកបម្រុងបើកឡើងស្ពានជ្រោយចង្វាគេចពីរថយន្ដក្រុង ជ្រុលចង្កូតទៅប៉ះជាមួយរថយន្ដហ្វដនៅចំណុចគល់ស្ពាន ជ្រោយចង្វាខាងលិច តាមវិថីព្រះមុនីវង្សកែង៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី៦ មេសា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដដឹកដែក ពណ៌ត្រួយចេក ដឹកដែកពីកៀនស្វាយឆ្ពោះទៅឡើង ស្ពានជ្រោយចង្វា ជិះគ្នា៣នាក់ កម្មករ២នាក់ និងអ្នកបើកបរម្នាក់ បើកតាមវិថីព្រះមុនីវង្សពីលិចទៅកើត។ ចំណែក រថយន្ដហ្វដ២បាំង ពណ៌ទឹកប្រាក់ ជិះគ្នា២នាក់ ប្ដីប្រពន្ធបើកស្របទិសគ្នាក្នុងគោលបំណងបត់ទៅតាមផ្លូវលេខ ៧៤ឆ្ពោះទៅក្រោមស្ពាន ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែប៉ះគ្នាបណ្ដាលឱ្យរថយន្ដហ្វដបាក់កាងមុខមួយកំណាត់ និងបែកស៊ីញ៉ូខាងមុខ ។
ប្រភពព័ត៌មានពីអ្នកបើកបររថយន្ដហ្វដបានឱ្យដឹង ថា មុនពេលកើតហេតុរថយន្ដដឹកដែកបើកគេចរថយន្ដមួយគ្រឿង ទើបរេចង្កូតទៅប៉ះរថយន្ដរបស់គាត់ធ្វើឱ្យធ្លាក់កាង និងបែកស៊ីញ៉ូខាងមុខ ។ ក្រោយពេលកើតហេតុម្ចាស់រថយន្ដហ្វដទាមទារឱ្យខាងរថយន្ដដឹកដែកសង សំណងចំនួន១០០ដុល្លារ ចំណែករថយន្ដដឹកដែកបានទូរស័ព្ទឆ្លងយោបល់ពីថៅកែសងឱ្យតែ២០ដុល្លារ ធ្វើឱ្យម្ចាស់រថយន្ដហ្វដមិនព្រមទុកឱ្យប៉ូលិសចរាចរធ្វើការ ដោះស្រាយវិញ ។ ខណៈប៉ូលិសចរាចរទៅដល់កន្លែងកើតហេតុភាគីទាំងពីរបានចរចាគ្នា ត្រូវដោយភាគីខាងម្ចាស់រថយន្ដហ្វដសុខចិត្ដទទួលយកសំណង៧០ដុល្លារ ដើម្បីបញ្ចប់រឿង ៕
ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]