រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​ចំនួន​៣​​គ្រឿង​​​រួម​មាន​​ម៉ាក​ឃ្លី​ក គុប​ជ្រុង​សេ៧០ និង​ SH ១៥០​E បាន​បុក​​គ្នា​នៅ​កែង​​ផ្លូវ​លេខ៣៦០​ និង​ផ្លូវ​លេខ​១១៣ ទល់មុខ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជ​សាសន៍​​ទួល​ស្លែង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៦ មេ​សា ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម៉ូតូ​គុប​ជ្រុង​សេ៧០ ពណ៌​ទឹកសមុទ្រ ជិះ​គ្នា​២​នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៣៦០ ពី​លិចទៅ​កើត ចំណែក​ម៉ូតូ​ហុងដា SH ១៥០​E ពណ៌​ខ្មៅ ជិះ​ម្នាក់ឯងតាម​ផ្លូវ​លេខ៣៦០ពី​កើត​ទៅ​លិចក្នុង​ទិស​ដៅ​បញ្រ្ចាសគ្នា ។ ស្រប​ពេល​នោះ មាន​ម៉ូតូ​ឃ្លី​ក ពណ៌​ខ្មៅមួយ​គ្រឿង​ ជិះ​ម្នាក់ឯងដែរ​តាម​ផ្លូវ​លេខ​១១៣ ពី​ត្បូង​ទៅ​ជើង បើក​ឆ្លងកាត់​ផ្លូវ​លេខ​៣៦០ ក៏បណ្ដាល​ឱ្យ​ម៉ូតូ​ទាំង​បីគ្រឿង​បុក​គ្នា​​លាន់​ដូច​រន្ទះ ​រង​របួស​ធ្ងន់​២​នាក់ និង​ស្រាល​២​នាក់ ហើយ​ម៉ូតូ​ទាំង​បី​គ្រឿង​ខូច​ខាត យ៉ាងដំណំ​ដូច​គ្នា ។

ប្រភព​ដដែល​បន្ដ​​ថា ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ហុងដាSH ១៥០​E រង​របួសធ្ងន់ត្រូវ​បាន​បញ្ជូន​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណែក​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ឃ្លី​ក ដែល​រង​របួស​ធ្ងន់ដែរ និង​អ្នក​របួសស្រាល​២​នាក់​ទៀត បញ្ជូន​ទៅ​ព្យាបាល​នៅ​​គ្លី​និក​ឯក​ជន​មួយ​ ។

ក្រោយ​ពេល​កើតហេតុ​ ម៉ូតូ​ទាំង​បី​គ្រឿង​ត្រូវបាន​​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ធ្វើការ​វាស់វែង​នាំ​ យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌចំការមន​ ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ដ​ទៀត ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]