រាជធានីភ្នំពេញ​​​​ ៖ យុវជន​ជា​សិស្សសាលា​ម្នាក់​របួសធ្ងន់​ និង​ម្នាក់​ទៀត​របួសស្រាល​ ខណៈ​ពេល​ជិះ​ម៉ូតូ​គេច​ពី​គេ​ដេញ​វាយ​ទៅ​បុក​ជាប់​ជាមួយ​កង់​រថយន្ដ​កូ​រ៉ូ​ ឡា​បណ្ដាល​ឱ្យ​រង​របួស ។ គ្រោះថ្នាក់​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦​ មេ​សា​ នៅ​មុខ​ភោជ​នីយ​ដ្ឋាន​ផ្ទះ​ម៉ែក្មេក​ ត្រង់​ចំណុច​ផ្លូវលេខ​៥៥​កែង​លេខ២៤០​ ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រីសមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ម៉ូតូ​សេ​១១០​ ស៊េរី​២០១២​ ពណ៌​ខ្មៅ​ ជិះ​គ្នា​២​នាក់​ ជា​សិស្សសាលាបើក​តាម​ផ្លូវលេខ​២៤០​ ពី​កើត​ទៅ​លិច​ ឯ​រថយន្ដ​កូ​រ៉ូ​ឡា​ ពណ៌​ស្លែ​ បើកដោយ​ស្ដ្រី​ម្នាក់​តាម​ផ្លូវ​លេខ​៥៥​ ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​កន្លែងកើតហេតុ​ ម៉ូតូ​នោះក៏​ទៅ​បុក​ជាប់​កង់​រថយន្ដ​ ហើយ​អ្នក​បើក​ផ្លោង​ទៅ​បោក​នឹង​កញ្ចក់បណ្ដាល​ឱ្យ​ស្រាំ ​និងរង​របួសធ្ងន់​ ចំណែក​អ្នក​ជិះ​ពីក្រោយ​រង​របួសស្រាល ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ធុនសេ​១១០​​​ ស៊េ​រី​២០១២​ ឈ្មោះ​​ ភា​ វី​រៈ​យុទ្ធ​ ភេទ​ប្រុស​ អាយុ​២០​​​ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ​បាក់ទូក​ ស្នាក់​នៅ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ផ្លោង​ទៅ​បោកផ្ទប់​កញ្ចក់​រថយន្ដ​របួសធ្ងន់​ ឯមិត្ដភក្ដិ​​ជិះ​ពី​ក្រោយ​​​រង​របួសស្រាល​ បានឱ្យ​ដឹង​ថា​ បានជា​​ពួក​គេ​បើក​ម៉ូតូលឿន ​ដោយសារ​តែ​មាន​យុវជន​មួយ​ក្រុម​ទៀត​ជិះ​ម៉ូតូ​ដេញ​តាម​វាយ ​ទើប​ពួកខ្លួន​បើក​រត់គេច​​​ក៏​ជួប​គ្រោះ​ថ្នាក់​បែបនេះ ។

អ្នកបើកបរ​រថយន្ដ​កូ​រ៉ូ​ឡា ឈ្មោះគី សុខ​ថា​វី ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​ ជា​គ្រូពេទ្យ​ ស្នាក់​នៅផ្ទះ​សង់​ថ្មី​​ ក្នុង​សង្កាត់កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រោយ​ពេល​កើតហេតុ​ រថ​យន្ដក្រពឹត​ទ្វារ​មុខ​ខាងឆ្វេង​បិទ​អត់​ជិត​ និង​ស្រាំ​កញ្ចក់​ផ្ទាំង​ខាង​មុខ ចំណែក​ម៉ូតូ​រយះ​ក្បាំង រង​ការ​​ខូច​ខាត​ទាំង​សង​ខាង​ ។

ជន​រង​គ្រោះត្រូវបាន​​​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត ចំណែក​រថយន្ដ​ និង​ម៉ូតូ​យក​ទៅ​ជួស​ជុល​រៀងខ្លួន ដោយ​ភាគី​ទាំង​ពីរ​​​ដោះស្រាយ​គ្នា​ដោយ​ខ្លួនឯង​​៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]