កាណាដា៖ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា កូនឆ្កែចចកមួយក្បាលត្រូវបានរក្សាសាកសពយ៉ាងល្អ នៅភាគខាងជើងប្រទេសកាណាដា ដែលវាធ្លាប់រស់នៅយ៉ាងហោចណាស់៥៦,០០០ឆ្នាំមុន។

ដោយត្រូវបានកប់ក្រោមទឹកកកអស់រយៈពេលរាប់ម៉ឺនឆ្នាំ កូនឆ្កែចចកញីមួយក្បាលនេះត្រូវបានរកឃើញដោយអ្នកជីករ៉ែមាស នៅជិតទីក្រុង Dawson ក្នុងទឹកដី Yukon កាលពីឆ្នាំ២០១៦។ ចាប់តាំងពីពេលនោះមក វាត្រូវបានគេដាក់ឈ្មោះថា Zhur ដែលមានន័យថា «ឆ្កែចចក» ជាភាសាប្រជាជន Tr'ondek Hwech។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ អ្នកវិទ្យាសាស្ត្រនិយាយថា កូនចចកនេះដែលស្បែក រោម និងធ្មេញរបស់វានៅរក្សាដដែល គឺជាសកសាពមានលក្ខណៈពេញលេញបំផុត។ អ្នកស្រី Julie Meachen ដែលជាអ្នកជំនាញផ្នែកសត្វពីបុរាណនិងសាស្ត្រាចារ្យផ្នែកកាយវិភាគសាស្ត្រ នៅសាកលវិទ្យាល័យ Des Moines ក្នុងរដ្ឋ Iowa បាននិយាយថា វាមានលក្ខណៈពេញលេញ១០០ភាគរយ តែគ្រាន់តែបាត់គ្រាប់ភ្នែករបស់វាប៉ុណ្ណោះ។

ដោយបានប្រើប្រាស់បច្ចេកទេសជាច្រើន ក្រុមការងារអាចកំណត់បាននូវទិដ្ឋភាពភាគច្រើននៃជីវិតរបស់វា រាប់ចាប់ពីអាយុនិងរបបអាហារ រហូតដល់បុព្វហេតុដែលអាចបណ្ដាលឲ្យវាស្លាប់។ តាមរយៈការប្រៀបធៀបទិន្នន័យឌីអិនអេរបស់ចចកនិងការវិភាគនៃធ្មេញរបស់វា ពួកគាត់បានរកឃើញថា វាទំនងជាធ្លាប់បានរស់នៅនិងស្លាប់ ចន្លោះពី៥៦,០០០ ទៅ៥៧,០០០ឆ្នាំមុន។ នៅពេលឆ្លុះកាំរស្មីអ៊ិចនៃរាងកាយ គេបានរកឃើញថាវាមានអាយុប្រហែល៦ទៅ៨សប្ដាហ៍ នៅពេលវាបាត់បង់ជីវិត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]