កូវីដផ្ទុះខ្លាំង Apple សម្រេចបិទហាងរបស់ខ្លួនទាំងអស់នៅរដ្ឋកាលីហ្វ័រញ៉ា និងនៅទីក្រុងឡុងដ៍

//s9.kh1.co/18/1853b7d0bddf4bc4a6ce4f6d7655fe496a0649bd.jpg
បច្ចេកវិទ្យា

 ២១-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ដោយសារកូវីដផ្ទុះខ្លាំងនៅតំបន់ទាំងនោះ

បរទេស៖ យោងតាមប្រភពមួយបានឱ្យដឹងថា ក្រុមហ៊ុន Apple បានបិទហាងលក់រាយទាំងអស់របស់ខ្លួនជាបណ្តោះអាសន្ន នៅរដ្ឋកាលីហ្វ័រញ៉ា ហាងជាច្រើនទៀតនៅទូទាំងសហរដ្ឋអាមេរិក ព្រមទាំងហាងនៅម៉ិកស៊ិកនិងប្រេស៊ីល ហើយនឹងប្រុងបិទហាងចំនួន16បន្ថែមទៀតនៅទូទាំងចក្រភពអង់គ្លេស។ ដែលសរុបមកជិត100ហាង ប្រសិនបើយើងរាប់បញ្ចូលទាំងហាងដែលត្រូវបានបិទ នៅក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់កាលពីសប្តាហ៍មុន ដោយជិតមួយភាគប្រាំនៃទីតាំងរបស់ក្រុមហ៊ុននេះត្រូវបានបិទនៅទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមបញ្ជីឈ្មោះហាងដែលត្រូវបិទរបស់ Apple មានហាងដូចជា ហាងទាំងអស់នៅរដ្ឋកាលីហ្វ័រញ៉ា ហាងទាំងបួននៅរដ្ឋ Tennessee ហាងទាំងបីនៅរដ្ឋ Utah ហាងទាំងបួននៅរដ្ឋ Minnesota ពីរហាងនៅរដ្ឋ Oklahoma និងហាងនៅ Portland រដ្ឋ Oregon ហាងនៅ Anchorage រដ្ឋ Alaska, ហាងនៅ Omaha រដ្ឋ Nebraska; និងនៅ Albuquerque រដ្ឋ New Mexico នឹងត្រូវបិទនៅសប្តាហ៍ខាងមុខនេះ ក៏ដូចជាហាងចំនួន16បន្ថែមទៀតនៅចក្រភពអង់គ្លេស ម៉ិកស៊ិក និងប្រេស៊ីលដែលបានបិទនៅថ្ងៃទី20 ខែធ្នូ។

ការប្រកាសអាសន្នដោយសារជំងឺកូវីដ នៅរដ្ឋកាលីហ្វ័រញ៉ា
ការប្រកាសអាសន្នដោយសារជំងឺកូវីដ នៅរដ្ឋកាលីហ្វ័រញ៉ា

មូលហេតុដែលហាងទាំងនេះត្រូវបានបិទ ជាពិសេសនៅរដ្ឋកាលីហ្វ័រញ៉ានោះ ព្រោះវាជាកន្លែងដែល COVID-19 ផ្ទុះខ្លាំងជាប់គ្នាក្នុងរយៈពេល4ថ្ងៃដែលបន្តតាំងតែពីសប្តាហ៍មុន ចំណែកទីក្រុងឡុងដ៍វិញលោកនាយករដ្ឋមន្រ្តី Boris Johnson ទើបតែដាក់ទីក្រុងនេះក្នុងភាពអាសន្នជាបន្ទាន់រួចមក។ ក្រុមហ៊ុន Apple បានបញ្ជាក់ប្រាប់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ដោយសារតែស្ថានភាពបច្ចុប្បន្នរបស់ Covid-19 នៅក្នុងសហគមន៍ខ្លះដែលយើងបម្រើសេវា យើងកំពុងបិទហាងជាបណ្តោះអាសន្ននៅក្នុងតំបន់ទាំងនោះ។

កាលពីម្សិលមិញរដ្ឋកាលីហ្វ័រញ៉ាបានផ្ញើសារតាមប្រព័ន្ធប្រកាសអាសន្នបន្ទាន់របស់ខ្លួន នៅក្នុងតំបន់ SF Bay Area ជាលើកដំបូងចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ដោយបានផ្ញើសារទៅគ្រប់ទូរស័ព្ទទាំងអស់ ដើម្បីផ្តល់ដំណឹងឱ្យប្រជាពលរដ្ឋទាំងអស់បានដឹងថា បទបញ្ជាឱ្យនៅឯផ្ទះឥឡូវនេះបានដាក់ឱ្យអនុវត្តហើយ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T