រាជធានីភ្នំពេញ ៖ ​រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ស៊ីទែន​ទឹក​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ដស្ទឹងត្រែង ​ខូច​បូម​ចង្កូត​កាច់​ទៅ​មុខ​មិន​រួច ឈប់​ចត​នៅ​ចិញ្ចើម​ផ្លូវ​ហើយ​ព្រូ​ចង​អង្រឹង​ដេក​នៅ​ពីក្រោយ​រថយន្ដ​ត្រូវ​ ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់ និង​ស្រីម្នាក់ បុក​បណ្ដាល​ឱ្យ​ដាច់​ខ្សែ​អង្រឹង​ធ្លាក់​គ្រេចដៃ ហើយ​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​ដួល​បោក​ចូល​ក្រោម​រថ​យន្ដ​របួសធ្ងន់​ ទាំង​២​នាក់។ ហេតុ​ការណ៍​នេះ ​កើតឡើង​ កាលពីវេលា​ម៉ោង​១២​ និង​​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី​៧ មេសា នៅ​តាមផ្លូវជាតិ​លេខ​៦ ស្ថិតក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។

ប្រភព​ព័ត៌មាន​ពី​ឈ្មោះជ្រូក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាព្រូឡាន មានស្រុក​កំណើត​នៅ​ខេត្ដកំពង់ចាមបានឱ្យ​ដឹងថា រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ដឹក​ស៊ីទែន​ទឹក​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ដស្ទឹងត្រែង ។ ខណៈ​បើក​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​នៅ​វេលា​ម៉ោង​៥​រសៀល ថ្ងៃ​ទី​៦ មេ​សា ស្រាប់តែរថយន្ដ​ខូច​បូម​ចង្កូត​កាច់​ទៅ​មុខ​លែង​រួច​ក៏​ឈប់​អែប​នៅចិញ្ចើម​​ ផ្លូវ​ ហើយ​បាន​ទូរស័ព្ទ​ហៅ​ជាង​ទៅ​ធ្វើ​ប៉ុន្ដែ​ជាង​ប្រាប់​ថា ​ចាំ​ព្រឹក​បាន​ទៅ​ធ្វើ​ឱ្យ ។ ដោយ​​សារតែ​គ្មាន​ជាង​ជួសជុល ទើប​នាំ​គ្នា​ឈប់​អែប​នៅ​ចិញ្ចើម​ផ្លូវ​ហើយ​យក​កា​រ៉ុ​ង​ច្រក​សំរាម​ចង​ មាត់ជិត​ដាក់​ជាស​ញ្ញាសម្គាល់ចង​ភ្ជាប់​ជាមួយ​នឹង​ឈើ រួច​ចង​អង្រឹង​ជាប់​ពីក្រោយ​គូទ​រថយន្ដ​សម្រាក ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា បន្ទាប់​ពី​សម្រាក​លង់លក់​ស្រាប់តែ​មាន​ម៉ូតូ​គ្រី​ស​អង្គរ ពណ៌​ខៀវ ជិះ​គ្នា​២​នាក់ ស្រី​ម្នាក់ និងប្រុស​ម្នាក់ ​ពី​ត្បូង​ទៅ​ជើង ដោយ​អ្នកបើកបរ​ស្ថិត​ក្នុង​សភាព​ស្រវឹង​​ទៅ​បុក​គូទ​រថយន្ដ​ដោយ​បុក​ចំ​ខ្សែ ​អង្រឹងធ្វើ​ឱ្យ​ដាច់​ធ្លាក់​ព្រូ​ដែល​ដេក​ក្នុង​អង្រឹង​គ្រេចដៃ​ឆ្វេង ។ ចំណែក​ម៉ូតូ​ និង​អ្នក​បើកបរ​ដួល​បោក​រអិល​ចូល​ក្រោមរថយន្ដ​​បណ្តាល​ឱ្យ​របួស​ធ្ងន់​ទាំង​ ពីរ​នាក់ ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ជិត​កន្លែង​កើតហេតុ ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]