សៀមរាប: ការដឹងនូវឧបការគុណចំពោះអ្នកដែល មានគុណដល់ខ្លួន ជាប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរតាំងពីបុរាណរៀងមក ដូចជាបុត្រធីតាត្រូវមានកតញ្ញូតាធម៌ ចំពោះមាតាបិតា សិស្សា នុសិស្ស ត្រូវដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ក្នុងនាមពលរដ្ឋខ្មែរ តែងតបស្នងសងគុណដល់អ្នក មានគុណជានិច្ចជាកាល។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេស ដែលមានប្រវត្តិសាស្រ្តច្បាស់លាស់ និងប្រជាពលរដ្ឋ មានវប្បធម៌ អរិយធម៌ និងជាង ៩០ភាគរយ គោរពប្រតិបត្តិ និងមានជំនឿ ចំពោះ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ដោយយោងទៅលើបុព្វហេតុទាំងនេះហើយ ទើបគណៈគ្រប់គ្រងវិទ្យាល័យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សនិស្សិត នៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាសៀមរាប បានមូលមតិ គ្នាជាឯកច្ឆ័ន្ទ ផ្ដួចផ្ដើមប្ររព្វពិធីបុណ្យកតញ្ញូ ក្នុងគោលបំណងឲ្យសិស្សនិស្សិតទាំងអស់ បានបង្ហាញ នូវសេចក្ដីគោរពដឹងគុណ ចំពោះលោកឪពុក អ្នកម្ដាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ សាស្ត្រា ចារ្យ ដែលបានចិញ្ខឹមបីបាច់ និងផ្តល់នូវចំណេះដឹង ព្រមទាំងផ្ដល់នូវភាពកក់ក្ដៅគ្រប់បែបយ៉ាងដល់ពួកគេគ្រប់គ្នា។ ហើយពិធីនេះ ក៏ជាឱកាសចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃ ណីជាតិខ្មែរផងដែរ។ ដោយមានការនិមន្ដ អញ្ជើញចូលរួមពី ព្រះសង្ឃ សាស្ត្រាចារ្យ លោកគ្រូ អ្នក គ្រូ បុគ្គលិក សិស្ស និស្សិត និងពុទ្ធបរិស័ទជាច្រើនអង្គ-នាក់ ដែលបានរៀបចំនៅសកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជាសាខាសៀមរាប កាលពីថ្ងៃ១រោច ខែចេត្រ ព.ស ២៥៥៦ ត្រូវ និងថ្ងៃទី៧ មេសា ឆ្នាំ២០១២។

លោក ផាន់ គារ៉ា នាយកសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា សាខាខេត្តសៀមរាប បានសម្ដែងនូវ សេចក្ដីអរគុណ និងមោទនភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ និងកតញ្ញូ ហើយនេះជាគុណតម្លៃ ដែលសកលវិទ្យាល័យតែងតែគិតគូរ និងយកចិត្តទុកដាក់ប្រតិបត្តិជានិច្ច។ ក្នុងវេលាដ៏ប្រសើរ ថ្លៃថ្លា នៃការប្រារព្ធពិធីបុណ្យកតញ្ញូលើកទីមួយ ហើយភ្ជាប់ជាមួយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលពិធីបុណ្យកតញ្ញូនេះ រៀបចំធ្វើនៅពេលព្រឹក ពិធីអបអរចូលឆ្នាំថ្មី បន្តធ្វើនៅពេលរសៀល និងនៅពេលយប់។ កតញ្ញូ គឺជាគុណធម៌មួយ ដែលមិនអាចខ្វះបាន ដើម្បីឲ្យជីវិតយើងរស់ឆ្ពោះទៅរក ភាពរីកចម្រើន និងភាពជោគជ័យបាន គឺត្រូវមានការដឹង និងតបស្នងនូវឧបការគុណ ពិសេសសម្រាប់ យុវជន សិស្សា នុសិស្ស និស្សិត ហើយអ្នកដែលបានមករៀនសូត្រ នូវសកលវិទ្យាល័យបញ្ញាសាស្ត្រ ក្នុងបំណងទទួលបាននូវចំណេះដឹង និងឈានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត តែអ្វីគ្រប់យ៉ាងមិន អាចកាត់ផ្ដាច់ពីការដឹងឧបការគុណ និងគុណធម៌បានឡើយ។

ជារួមសាកលវិទ្យាល័យ បានមើលឃើញនូវចក្ចុវិស័យ ដ៏មានសក្តានុពល ក្នុងការអប់រំ ទាំងចំណេះដឹងទូទៅ ទាំងប្រាជ្ញា ស្មារតី និងមាគ៌ា នៃអរិយសច្ចៈ តាមព្រះពុទ្ធសាសនា ក្នុងការគោរពប្រតិបត្តិ ការដឹងនូវឧបការគុណ ចំពោះអ្នក ដែលមានគុណ ដែលនាំឲ្យកុមារ យុវជន សិស្ស និសិ្សត មានការ ភ្ញាក់រឮក មានសតិសម្បជញ្ញៈ ចេះគោរពប្រតិបត្តិអ្នកមានគុណ គឺជាការសន្សំនូវអំពើល្អ សេរីសួស្ដី ហើយបានកម្ចាត់នូវអំពើអកុសលទាំងឡាយទាំងពួង និងមិនធ្លាក់ក្នុងអំពើអបាយមុខ។

ពិធីបុណ្យកតញ្ញូនាព្រឹកនេះ គឺមានការផ្ដល់នូវព្រះឱវាទ និងសូត្រកំណាព្យទូន្មាន ពីលោកនាយក និស្សិត ពិសេសពីព្រះតេជព្រះគុណ វ៉ាត់ វិបុល នាយកមជ្ឈមណ្ឌលព្រះពុទ្ធសាសនាអប់រំយុវជន។ ព្រះតេជព្រះគុណ ព្រះមហា ដោក ដុំ ជាព្រះធម្មកថិក បានស្មូត្រអំពីព្រះគុណម្ដាយ ដ៏គ្រលួចរណ្ដំ អន្ទងទឹកចិត្ត សិស្ស និស្សិត ពុទ្ធបរិស័ទ អ្នកដែលបានចូលរួម រំជួលចិត្ត អួលដើមក បង្ហូរទឹកភ្នែក នឹកគិតដល់ព្រះគុណ ដែលអ្នកម្ដាយមានចំពោះយើងគ្រប់គ្នា ដែលគ្មានអ្វីមកប្រៀបផ្ទឹមបានឡើយ។

មតិទូទៅបានឲ្យដឹងថា ទន្ទឹងនឹងនោះក៏នៅមានសិស្ស និស្សិតមួយចំនួនហាក់មិនអើពើ យកចិត្តទុកដាក់ ប្រុងប្រយ័ត្នស្មារតី ក្នុងការស្តាប់ រៀនសូត្រ គោរពប្រតិបត្តិ ចំពោះកម្មវិធីនេះ ក៏ដូចជាកម្មវិធីព្រះ ពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនោះទេ។ ទាំងអស់នេះ បានសបញ្ជាក់ឲ្យឃើញថា កុមារ យុវជន សិស្ស និស្សិត និងមនុស្សមួយចំនួន នៅតែមិនដឹងនូវឧបការគុណរបស់មាតាបិតា និងអ្នកមានគុណចំពោះខ្លួន ព្រមទាំងបានប្រព្រឹត្តនូវអំពើអបាយមុខ នាំឲ្យអាប់ឱនកិត្ដិយសខ្លួនឯង គ្រួសារ និងសង្គម ជាតិយ៉ាងខ្លាំង។

តែទោះជាយ៉ាងណាមតិទូទៅសង្ឃឹមថា កុមារ យុវជន សិស្ស និស្សិត សង្គមខ្មែរ ប្រាកដនឹងរួមគ្នាស្ដារ និងបានចូលរួមលើកស្ទួយនូវព្រលឹងវប្បធម៌ជាតិ ដ៏ល្អផូរផង ឲ្យរស់ខ្ពស់អណ្ដែតឡើងវិញ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕

ដោយៈ កែវ សុផាត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]