ភ្នំពេញៈ ពិធីការិនីដ៏មានឥទិ្ធពល ប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមតារាបង្ហាញម៉ូដ Cambodia SuperModels កញ្ញា ដួង ហ្សូរីដា បានបញ្ចេញប្រតិ្តកម្មខ្លាំងៗ ទៅលើការលេចឮ ពីពួកមាត់ចាបមាត់ព្រាបថា នាងជាម៉ែយ៉ែម ដឹកញីបន្ស៊ីឈ្មោល ទាក់ទងក្មេងស្រី ដើម្បីយកទៅឲ្យញ៉ាំបាយ ជាមួយបុរសអ្នកមានទ្រព្យ ។ ការលេចឮដ៏រសើបនេះ បានធ្វើឲ្យពិធីការិនី និយមស្លៀកពាក់ ជារបៀបបុរាណអភិរក្សរូបនេះ ក្តៅចុងច្រមុះ និងបានប្រតិកម្ម ខ្លាំងគំរាមប្តឹង ទៅក្រសួងមហាផ្ទៃ ចំពោះបុគ្គលណា ដែលដើរនិយាយបរិហារកេរ្តិ៍នាង បែបនេះ ហើយត្រូវដោះស្រាយ ចំពោះមុខច្បាប់ជាមួយនាង ។

ដួង ហ្សូរីដា បាននិយាយ បា្រប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ខណៈដែលនាងចូលរួមក្នុងកម្មវិធីសម្ពោធ ភោជនីយដ្ឋាន ភូមិម្ហូបខ្មែរ កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១២ ឲ្យដឹងថា “ពេលឮគេនិយាយថា ខ្ញុំជាម៉ែយ៉ែម ខ្ញុំអត់សប្បាយចិត្តសោះ ខ្ញុំអត់ដែលនាំអ្នកណាគេ យកទៅលក់ឲ្យអ្នកណាគេទេ អ្នកណាដែលគាត់ ដើរមុសាសម្តីបែបនេះ ប្រសិនបើខ្ញុំរកឃើញ ជាអ្នកនិយាយមែន ខ្ញុំនឹងប្តឹងគាត់” ។

បន្ថែមពីលើនេះទៀត ពិធីការិនីបែបខ្មែរ ដួង ហ្សូរីដា ប្រាប់ទៀតថា “បើសិនជាអ្នកនិយាយនោះ ប្រាកដថាខ្ញុំធ្វើបែបនេះមែន សូមឲ្យគាត់រក ភស្តុតាងមក តទល់ចំពោះមុខគ្នា ជាមួយខ្ញុំ ខ្ញុំនឹងធ្វើសន្និសីទកាសែត បង្ហាញការពិតទាំងអស់គ្នា ខ្ញុំអត់ខ្លាចទេ ព្រោះខ្ញុំមិនបានធ្វើបែបនេះ ហើយសូមកុំឲ្យគាត់ចេះតែនិយាយ ពីមាត់មួយទៅមាត់មួយ ដោយគ្មានសេចក្តីក្លាហាន តទល់ជាមួយខ្ញុំ ។ ខ្ញុំទើបតែឮ មួយរយៈចុងក្រោយនេះ អំពីព័ត៌មានដ៏រសើប ហើយបាញ់ឆ្ពោះមកលើរូបខ្ញុំ ថាជាម៉ែយ៉ែម” ។

ដួង ហ្សូរីដា បញ្ជាក់ទៀតថា “សព្វថ្ងៃ កាលដែលខ្ញុំបានគ្រប់គ្រង នារីស្អាតៗជាច្រើន ខ្ញុំមានក្រុមហ៊ុន បង្ហាញម៉ូដផ្ទាល់ខ្លួនរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំមិនមានសិទ្ធិ និងបញ្ជាទៅលើអ្នកណាម្នាក់ ឲ្យធ្វើបែបនេះ ធ្វើបែបនោះ ស្រេចតែអំពើចិត្តបានទេ ក្រៅតែពីការងារបង្ហាញម៉ូដ ឧទាហរណ៍ថា គាត់រវល់ (សមាជិកក្រុម) ខ្ញុំអត់អាចបង្ខំគាត់បានទេ ព្រោះខ្ញុំក៏ជាអ្នកសិល្បៈដែរ ខ្ញុំយល់ពីស្ថានភាពនេះ” ។

ពិធីការិនីកំពុងមមាញឹកខ្លាំង ទៅលើការងារច្នៃម៉ូដសម្លៀកបំពាក់រូបនេះ បានសង្កត់ធ្ងន់ថា នាងមិនចូលចិត្ត មនុស្សណា ដែលដើរនិយាយ ពីក្រោយខ្នង តែនៅចំពោះមុខ គាត់ធ្វើល្អ នាងគិតថា មនុស្សបែបនេះ អត់ក្លាហានទេ ហើយមិនមែនជាមនុស្ស ពិតបា្រកដនោះទេ ព្រោះនាងអត់ចង់ ឃើញស្ថានភាពបែបនេះ ។ ដើម្បីទប់ស្កាត់ និងលុបបំបាត់ នូវពាក្យរអេចរអូច ដែលកំពុងបោកបក់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កេរ្តិ៍ឈ្មោះ របស់ពិធីការិនី ដួង ហ្សូរីដា នៅពេលនេះ នាងបានបញ្ជាក់ហើយថា នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ នៅពេលនាងរកឃើញ និងមានឯកសារភស្តុតាង ត្រឹមត្រូវនាងនឹងប្តឹងបុគ្គលនោះ ពីបទបរិហាកេរ្តិ៍ ជាសាធារណៈ ។ ម្យ៉ាងទៀតបើសិនជាអ្នកនិយាយនោះ ច្បាស់ថា ដួង ហ្សូរីដា បានប្រព្រឹត្តបែបនេះ និងហេតុអ្វី បានជានាងប្រកែក ? សូមឲ្យអ្នកនិយាយនោះ រកភស្តុតាងមក មានរូបថតច្បាស់ឬទេ ថានាងធ្វើនៅកន្លែងណា ពេលណា ជាមួយអ្នកណា នាងហានទទួល ប្រសិនបើច្បាស់លាស់ ។

ពិធីការិនី ដួង ហ្សូរីដា ក្រៅពីមានការងារសិល្បៈ មមាញឹកស្ទើរតែរកពេលសម្រាកគ្មានហើយនោះ នាងក៏ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ ដ៏មានទេពកោសល្យ ខ្ពស់ម្នាក់ ហើយសម្លៀកបំពាក់ដែលនាងច្នៃរួច ត្រូវបានបង្ហាញឡើង ឲ្យទស្សនិកជនបានឃើញ តាមរយៈក្រុមបង្ហាញម៉ូដ Cambodia SubperModels ហើយត្រូវបាន ទទួលការគាំទ្រ ពីបណ្តាក្រុមហ៊ុននានា មានទាំងស្ថាប័នឯកជន និងស្ថាប័នរដ្ឋទៀតផង ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]