នាយក​​ដ្ឋាន​ពន្ធ​នា​គារ​៖​ ការ​ចែក​​ចាយ​​ព័ត៌​​មាន​​​​មិន​​​ពិត​ពាក់​ព័ន្ធ ​«​កូ​វីដ​​​១៩​» ​​អាច​​​ឈាន​​​ដល់​​​ការ​​​ផ្តន្ទា​​ទោស​ដាក់​​​ពន្ធ​នា​​គារ​​​

//s9.kh1.co/04/04710e0c6f346b9bc9d5c5f72780ca4802d79525.jpg
សង្គម

 ០២-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ការញុះញង់ឲ្យរើសអើង ជាបទល្មើសព្រហ្មទណ្ឌ អាចឈានទៅដល់ការផ្តន្ទាទោសជនល្មើសដាក់ពន្ធនាគារ និងពិន័យជាប្រាក់»

អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅថ្ងៃ ០២ ធ្នូនេះបាន ចេញសេចក្តីប្រកាសមួយដោយ​សង្កត់​ធ្ងន់​លើ​សកម្មភាព​នៃការចែកចាយរូបភាព និងព័ត៌មានក្លែងក្លាយ ដែលស្ថាប័នខាងលើអះអាងថា អាចបង្កជាសកម្មភាព​ញុះញង់​ បណ្តាលឲ្យសង្គមកម្ពុជា ជួបបញ្ហាវឹកវរ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានចាត់ទុកថា ការចែកចាយព័ត៌មានមិនពិត អាចសន្មត់​ថា​ជា​អំពើញុះញង់ ជេរប្រមាថជាសាធារណៈ ការប្រមាថអ្នករាជការសាធារណៈជាដើម។

លោក នុត សវនា ថា៖ «ការចែកចាយព័ត៌មានមិនពិត អាចសន្មត់ថា ជាអំពើញុះញង់ ការបរិហារកេរ្ត៍ បង្កាច់កេរ្ត៍ជា​សាធារណៈ​ ជេរប្រមាថជាសាធារណៈ ការប្រមាថអ្នករាជការសាធារណៈ ការញុះញង់ឲ្យរើសអើង ។ល។ ជាបទល្មើស​ព្រហ្មទណ្ឌ អាចឈានទៅដល់ការផ្តន្ទាទោសជនល្មើសដាក់ពន្ធនាគារ និងពិន័យជាប្រាក់»។

ឧត្តមអគ្គានុរក្សថ្នាក់លេខ១រូបនេះបន្ថែមថា៖ «ដើម្បីគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល សូមមេត្តាបញ្ឈប់​ការចែក​ចាយ​ព័ត៌មានក្លែងក្លាយ ដែលអាចបង្កជាសកម្មភាពញុះញង់បំភ្លៃការពិត បណ្តាលឲ្យសង្គមកម្ពុជាយើងជួបបញ្ហាវឹកវរ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ»។

ជាការកត់សម្គាល់ ការចេញសេចក្តីប្រកាសពីអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃយ៉ាងដូច្នេះ ធ្វើឡើងក្រោយ​មួយរយៈកន្លងមកនេះ ស្ថានភាពនៃករណីថ្មីកូវីដ១៩ ចេះតែមានជាបន្តបន្ទាប់ ស្របពេលជាមួយគ្នានេះ​ការបញ្ចេញ​មតិ​​ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ក៏ចេះតែមានហូរហែឥតដាច់។ ក្នុងនោះគេឃើញអ្នកមួយចំនួនថែមទាំងបានបង្ហោះរូបភាពបុគ្គលជាសាធារណៈ ដោយបន្ថែមអត្ថន័យថា បុគ្គលរូប​នោះ​​មានកូវីដ១៩ជាដើម។ ការនេះ នាយកដ្ឋានពន្ធនាគារអះអាងថា ជាប្រភេទព័ត៌មានក្លែងក្លាយ អាចបង្កឲ្យមានជេរ​ប្រមាថ​ជាសាធារណៈ ធ្វើឲ្យកម្ពុជាជួបបញ្ហាវឹកវរ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈជាដើម៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T