កន្លែងកប់ខ្មោចតែងតែជាកន្លែងស្ងប់ស្ងាត់ ហើយគួរឲ្យខ្លាច មិនមានអ្នកណាចង់ទៅលេងនោះទេ និងចង់រស់នៅក្បែរនោះទេ។ ប៉ុន្ដែនៅកន្លែងបចញ្ចុះសពដ៏ធំមួយនៅទីក្រុង ម៉ានីឡា គេឃើញមានហាងលក់ទំនិញ លក់ទូរស័ព្វ និង ហាងអាហារតូចៗ សង់នៅចន្លោះផ្នូរខ្មោច ។ ហាងទាំងអស់នេះមិនមែន សម្រាប់សពដែលគេ បញ្ចុះនោះទេ គឺសម្រាប់ប្រជាជនដែលរស់នៅជាមួយសពក្នុងកន្លែងបញ្ចុះសពនេះ ។ គេហៅទីនោះថាទីក្រុងខ្មោច ដែលមានសពរាប់ម៉ឺនសព និង ប្រជាជនជាង មួយម៉ឺននាក់ដែលរស់នៅជាមួយផ្នូរសព។

ទីក្រុងនេះមិនមែនទើបតែចាប់ផ្ដើមនោះទេ គ្រួសារខ្លះបានរស់នៅទីនោះពីរបីជំនាន់មកហើយ ។ ប៉ុន្ដែអ្នកនៅទីនោះភាគច្រើនមកពីខេត្ត ហើយមិនអាចរកទីជម្រក និង ការងារ ក្រៅពីកន្លែងកប់ខ្មោចនេះ ។ ទីកន្លែងបញ្ចុះសពនេះ មានការងារជាច្រើនសម្រាប់ពួកគេ ក្មេងៗអាចជួយលើកមឈូសដោយទទួលបានប្រាក់កម្រៃ ២០០០ រៀលម្ដងៗ ឯមនុស្សពេញកម្លាំងអាចធ្វើការថែរក្សារនិងជួសជុលផ្នូរ ព្រោះថាគ្រួសារសព ដែលមានលុយមិនមានពេលមកថែរក្សាផ្នូរជាប្រចាំនោះទេ ។ ពួកគេក៏មានការងារគាស់យកសព ចេញនៅពេលដែលគ្រួសារសពមិនមានលុយបង់ប្រាក់ជួលផ្នូរ។

ពួកគេមិនជាក្រណាស់ណាទេ ព្រោះក្នុងក្រុងនោះមានហាងខារ៉ាអូខេ កាត់ខោអាវ កែសម្ផស្ស និង កន្លែងរៀនគួរ។ រដ្ឋាភិបាល ភីលីពីន បានរៀបចំឲ្យពួកគេផ្លាស់ទីលំនៅ ដោយផ្តល់ទីជម្រកត្រឹមត្រូវ ប៉ុន្ដែពួកគេមិនចង់ទៅណាទេ ព្រោះថាវាជាកន្លែងការងាររបស់គេ ហើយអ្វីៗនៅទីនោះមិនគិតថ្លៃដូចជាទឹក និង ភ្លើង ម្យ៉ាងទៀតកន្លែងបញ្ចុះសព ជាកន្លែងមានសុវត្ថិភាពព្រោះថាចោរនិងជនខិលខូចមិនសូវហានចូលមកទីកន្លែងនោះទេ។ គិតទៅគេខ្លាចចោរជាងខ្លាចខ្មោចទៅទៀត។

ទីក្រុងម៉ានីឡាដែលមានប្រជាជន ជាង ១០ លាននាក់ ជួបវិបត្តិខ្វះទីជម្រកសម្រាប់ប្រជាជន នៅទីណាក៏មានមនុស្ស រស់នៅដែរមិនថាទីកប់ខ្មោចទេ។

នៅទីក្រុងភ្នំពេញដែលមានប្រជាជន ២ លាននាក់ មិនទាន់មានវិបត្តិដល់ថ្នាក់នេះទេ ប៉ុន្ដែក៏មានប្រជាជន មួយចំនួនដែលរស់នៅទីលានចាក់សម្រាម ដោយរកចំណូលពីការកកាយសម្រាម។ ភាពទាល់ច្រកបង្ខំ ឲ្យមនុស្សយើងហានធ្វើអ្វីៗទាំងអស់ ដោយមិនខ្ពើម ដូចក្នុងវីដេអូខាងក្រោមដែល ពួកគេរើសសព ដោយមិនប្រើស្រោមដៃ ហើយកន្លែងខ្លះមានសពនៅក្រៅផ្នូររលួយសល់តែឆ្អឹង។

សូមមើលរូបខាងក្រោមនឹងវីដេអូអំពីជីវិតរបស់ពួកគេក្នុងទីកប់ខ្មោច។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]