ដោយសារហេតុផល​នេះ ទើប WHO ប្រកាសប្តេជ្ញាយ៉ាងមុតមាំថា ខ្លួននឹងប្រើគ្រប់វិធានការណ៍ ដើម្បីស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩

//s9.kh1.co/0e/0ee168bfa209fb616ce1120ed486a1802606ef59.jpg
សង្គម

 ០១-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

WHO នឹងបញ្ជូនក្រុមអ្នកជំនាញអន្តរជាតិជាច្រើនទៅប្រទេសចិន ក្នុងគោលដៅស៊ើបអង្កេតដើមកំណើតនៃវីរុសឆ្លងដ៏កាចសាហាវមួយនេះ និងថាតើដំបូងបំផុតវាឆ្លងមកមនុស្សតាមរយៈណា ដើម្បីការពារការរីករាលដាលកាន់តែខ្លាំងឡើងនៃវីរុសនេះ

​ស្វីស៖ អង្គការសុខភាពពិភពលោក ដែលហៅកាត់ថា WHO បានទទូចកាលពីថ្ងៃច័ន្ទថា ខ្លួននឹងប្រើគ្រប់វិធានការណ៍ និងមធ្យោបាយ ដើម្បីស្វែងរកប្រភពដើមនៃវីរុសកូវីដ ១៩ ដោយហេតុផលថា វាគឺជាវិធីតែមួយគត់ដែលពិភពលោកអាចការពារការរីករាលដាលកាន់តែខ្លាំងឡើងរបស់វីរុសនេះ នាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធាន WHO លោក Tedros Adhanom បានមានប្រសាសន៍ថា៖

 យើងចង់ដឹងពីប្រភពដើម ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរិះរកប្រភពវាឱ្យបាន។

Tedros Adhanom

មនុស្សជាង ១.៤៦ លាននាក់បានស្លាប់ ហើយជាង ៦៣ លាននាក់ទៀត បានឆ្លងវីរុសនេះនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ WHO បានធ្វើការយ៉ាងសស្រាក់សស្រាំអស់រយៈពេលជាច្រើនខែ ដើម្បីបញ្ជូនក្រុមអ្នកជំនាញអន្តរជាតិផ្នែករោគរាតត្បាត រួមទាំងអ្នកជំនាញសុខភាពសត្វទៅប្រទេសចិន ក្នុងគោលដៅស៊ើបអង្កេតដើមកំណើតនៃវីរុសឆ្លងដ៏កាចសាហាវមួយនេះ ​ថាតើដំបូងបំផុតវាឆ្លងមកមនុស្សតាមរយៈណា។

គួរជម្រាបផងដែរថា អង្គការនេះក៏ធ្លាប់បានបញ្ជូនក្រុមការងារមុនៗទៅទីក្រុងប៉េកាំងកាលពីខែ កក្កដា ដើម្បីរៀបចំមូលដ្ឋានសម្រាប់ការស៊ើបអង្កេតអន្តរជាតិដែរ។ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្រុមអ្នកវិទ្យាសាស្ត្រចម្បងៗនឹងអាចធ្វើដំណើរទៅប្រទេសចិន ដើម្បីចាប់ផ្តើមសិក្សាស្រាវជ្រាវអំពីរោគរាតត្បាត​ ក្នុងគោលដៅរកឱ្យឃើញនូវករណីមនុស្សឆ្លងដំបូង និងប្រភពនៃការចម្លងនេះបាននៅពេលណាទេ។ ប៉ុន្តែ WHO នឹងត្រៀមបញ្ជូនក្រុមជំនាញអន្ដរជាតិរបស់ខ្លួនទៅកាន់ទីក្រុង វូហាន ឱ្យបានឆាប់បំផុត។

គួររម្លឹកថា ដំបូងអ្នកវិទ្យាសាស្ត្រជឿជាក់ថា វីរុសនេះត្រូវបានចម្លងទៅមនុស្សតាមរយៈការចរាចរណ៍លក់ជាអនាធិបតេយ្យនូវសាច់សត្វកម្រក្នុងទីក្រុង វូហាន ដែលជាប្រភពទីកន្លែងវីរុសកូវីដដំបូងគេ ​ដោយត្រូវបានរកឃើញកាលពីចុងឆ្នាំមុន។ ប៉ុន្តែឥឡូវនេះអ្នកជំនាញជឿថា ទីផ្សារលក់សាច់កម្រនេះ​ ប្រហែលជាមិនមែនជាប្រភពដើមនៃការផ្ទុះឡើងតាមពាក្យចចាមអារ៉ាមនោះឡើយ៕

លោក  Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោក
លោក  Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោក
https://s9.kh1.co/__image/w=650,h=460,q=100/fb/fb21deeff19096e3e54aab8ed764edc528528e5a.jpg
https://s9.kh1.co/__image/w=650,h=433,q=100/72/7274ba87a57ce624f687d32f8587ce6280ec08f3.jpeg
ផ្សារលក់សាច់កម្រនៅទីក្រុង វូហាន
ផ្សារលក់សាច់កម្រនៅទីក្រុង វូហាន
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T