រយៈ​ពេល ​១៥ថ្ងៃ៖ រដ្ឋា​ភិបាល​​ឧបត្ថម្ភ ​២ម៉ឺន​រៀល​​ក្នុង​​មួយ​​ថ្ងៃ​​ដល់​​គ្រួសារ​ក្រីក្រ ​ដែល​ត្រូវ​ធ្វើ​ចត្តា​ឡីស័ក​

//s9.kh1.co/5f/5f4ba0f3d4754eddfd4d9d337041d522be7792db.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

«ព្រឹកមិញនេះ ខ្ញុំសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង ១០០០លានរៀល ជូនទៅរាជធានី ខេត្តនៅទូទាំងប្រទេស​សម្រាប់ជួយ​ដល់គ្រួសារ​ក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក»

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃ ៣០វិច្ឆិកានេះ បានបង្ហើបពីការបញ្ចេញសាច់ប្រាក់ ខ្ទង់ពាន់លាន​ដើម្បី​ជួយ​ដល់គ្រួសារ​ក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេច៖ «ព្រឹកមិញនេះ ខ្ញុំសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង ១០០០លានរៀល ជូនទៅរាជធានី ខេត្តនៅទូទាំងប្រទេស​សម្រាប់ជួយ​ដល់គ្រួសារ​ក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក។ គ្រួសារនីមួយៗនឹងទទួលបាន ២ម៉ឺនរៀលក្នុងមួយថ្ងៃ ដែល​មាន​រយៈពេល ១៥ថ្ងៃ។ ថវិកាសរុបទទួលបាន ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ»។

«សូមកុំមានការភាន់ច្រឡំថា ខ្ញុំតម្រូវឱ្យធ្វើចត្តាឡីស័ក ១៥ថ្ងៃ។ ការធ្វើចត្តាឡីស័កត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ តែខ្ញុំផ្តល់ជូន​ថវិកា​សម្រាប់​ ១៥ថ្ងៃក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ»។

ជាការកត់សម្គាល់ សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅថ្ងៃដដែលនេះ បានបញ្ចេញសារជាសំឡេងតាមតេលេក្រាម ដោយប្រាប់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨វិច្ឆិកាថា ត្រូវចាត់ទុកខ្លួនឯង «មានកូវីដ១៩» ប្រសើរជាងចាត់ទុកថា «ប្រហែលអត់»។ សង្កត់ធ្ងន់បែបនេះដោយ នាយករដ្ឋមន្ត្រីលើកឡើងដើម្បីឆ្លើយនឹងសំនួរថា «តើអ្នកពាក់ព័ន្ធគួរ​ទៅធ្វើតេស្តដែរឬទេ?»

សូមរំឭកថា ក្រសួងសុខាភិបាល បាន​ប្រកាសពីលទ្ធផលតេស្តវិជ្ជមាន ​៨ករណីបន្ថែមទៀតពីព្រឹត្តិការណ៍សហគមន៍​ ២៨វិច្ឆិកា ដែលធ្វើឲ្យចំនួន​សរុបឡើង​ដល់ ​១៤នាក់ រីឯលទ្ធផល ២២៣៤នាក់អវិជ្ជមាន។

ករណីថ្មី ៨នាក់នេះ គឺមានភរិយាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ភរិយារបស់មន្ត្រីនាយកដ្ឋាន​ព័ត៌មាននៃក្រសួងមហាផ្ទៃ ម្តាយមីងរបស់អ្នកជំងឺ ក្មួយប្រុស គ្រួសារអ្នកបើកបរ និងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ។

គិតមកទល់ថ្ងៃ ៣០វិច្ឆិកានេះ កម្ពុជាមានករណីកូវីដ ១៩ ចំនួន​ ៣២៣នាក់ និងសះស្បើយ ៣០១៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T