Messi បានធ្វើរឿងគួរឲ្យរំជួលចិត្តមួយ ជាការឧទ្ទិសដល់លោក Maradona ពេលប្រកួតយកឈ្នះ Osasuna ៤-០ ម្សិលមិញ (មានវីដេអូ)

//s9.kh1.co/0a/0af72f1d87441bbedac0f57ad04882e81c257d6b.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

Lionel Messi បានពាក់អាវរបស់ក្រុម Newell's old Boys ដែលជាអាវរបស់វីរបុរសអាហ្សង់ទីន​ Diego Maradona

អេស្ប៉ាញ៖កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ក្លិបអ្នកមានបុណ្យ Barcelona បានបើកទ្វារកីឡដ្ឋាន Camp Nou ស្វាគមន៍ ក្លិប Osasuna ក្នុងការប្រកួតក្របខណ្ឌ La Liga។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរអ្វីដែលអ្នកស្នេហាវិស័យបាល់ទាត់ចាប់អារម្មណ៍គឺខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ម្ចាស់ពាន Ballon D'or ប្រាំមួយសម័យកាល Lionel Messi បានស៊ុតបញ្ចូលទីយ៉ាងអេម បិទឆាកលត់ Osasuna ក្នុងលទ្ធផល ៤ ទល់នឹង ០ ធ្វើឲ្យបណ្ដាអ្នកគាំទ្រនាំគ្នាសាទរជ័យជម្នះនេះ។

Messi ក្នុងជំនួបជាមួយOsasuna 
Messi ក្នុងជំនួបជាមួយOsasuna 

ក្រោយពីស៊ុតទម្លុះសំណាញ់ទីដោយជើងឆ្វេងដ៏ជំនាញកីឡាករ Lionel Messi បានដោះអាវ Barcelona របស់គេចេញ បោះទុកលើទីលាន ដើម្បីបង្ហាញអាវរបស់ក្លិប Newell's Old Boys បន្ទាប់មកគេបានថើបដៃខ្លួនឯងនិងលើកវាឡើងលើដើម្បីឧទ្ទិសដល់វីរបុរសបាល់ទាត់របស់អាហ្សង់ទីន Diego Armando Maradona ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី ២៦ វិច្ឆិកា ក្នុងវ័យ ៦០ឆ្នាំដោយសារអាការគាំងបេះដូង។

សកម្មភាព Messi​​  ឩទ្ទិសគ្រាប់បាល់ជូន Maradona
សកម្មភាព Messi​​  ឩទ្ទិសគ្រាប់បាល់ជូន Maradona

គួរបញ្ជាក់ផងដែរថា Messi ធ្លាប់លេងឲ្យក្លិបបាល់ទាត់ Newell's old Boys មុនពេលរូបគេចូលរួមជាមួយក្លិបអ្នកមានបុណ្យ Barcelona នៅអាយុត្រឹមតែ១៣ឆ្នាំ ខណៈដែលវីរបុរស Maradona លេងបានប្រាំប្រកួតឲ្យក្លិប Newell ក្នុងឆ្នាំ ១៩៩៤ ដែលជាឆ្នាំដែលរូបគាត់ជិតចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នោះឯង។

Maradona ក្នុងឈុត Newell's Old Boys 
Maradona ក្នុងឈុត Newell's Old Boys 

មុនការប្រកួត Messi បានបញ្ចេញកាយវិការឱនក្បាលគោរពដល់វិញ្ញាណកន្ធលោក Maradona ដែលវីរបុរសបាល់ទាត់ម្នាក់នេះធ្លាប់បានលេងឲ្យ ក្លិប Barcelona កាលពីឆ្នាំ ១៩៨២ ដល់ ១៩៨៤។

ដោយឡែក បើនិយាយពីការប្រកួតរវាង Barcelona និង Osusuna វិញគឺ ពោរពេញទៅដោយភាពស្វិតស្វាញ។នៅតង់ទី១ កីឡាករស្នងអាវលេខ៩ពី Luiz Suarez ខ្សែប្រយុទ្ធ Martin Braithwaite ស៊ុតបញ្ចូលទីបើកឆាកនានាទីទី ២៩ ដោយមានការបញ្ជូនបាល់ពី Antoine Griezmann យ៉ាងឡូយ ហើយមិនយូរប៉ុន្មាន Griezmann ជាមួយអាវលេខ៧ បន្តស៊ុតបញ្ចូលទីនៅនាទីទី ៤២ ធ្វើឲ្យលោកគ្រូបង្វឹក Ronald Koeman រីកមុខ។

កីឡាករ​ Martin Braithwaite 
កីឡាករ​ Martin Braithwaite 
ខ្សែប្រយុទ្ធ Antoine Griezmann អបអរគ្រាប់បាល់របស់ខ្លួន
ខ្សែប្រយុទ្ធ Antoine Griezmann អបអរគ្រាប់បាល់របស់ខ្លួន

នៅតង់ទី២ ការប្រកួតនៅតែស្វិតស្វាញ កីឡាករ Philippe Coutinho ដែលទើបតែត្រឡប់មកចូលរួមជាមួយក្លិបអ្នកមានបុណ្យ Barcelona បន្ទាប់ពីប្រើពេលមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងនៅ Bayern Munich បានស៊ុតទម្លុះសំណាញ់ទីនៅនាទីទី ៥៧ ជួយឲ្យ Barcelona កាន់តែមានទំនុកចិត្តនិងស្រេកឃ្លានជ័យជម្នះ។

កីឡាករ Philippe Coutinho 
កីឡាករ Philippe Coutinho 

គ្រាប់ចុងក្រោយស៊ុតដោយជើងឆ្វេងរបស់ Messi កើតឡើងនៅនាទីទី៧៣ ដោយរូបគេបានអូសបាល់ស៊ុតបញ្ចូលទីដោយគ្មានអ្នកបញ្ជូនបាល់ទៅឲ្យ ជាគ្រាប់បិទឆាកជ័យជម្នះដ៏ត្រចះត្រចង់របស់ Barcelona ទោះបី អាជ្ញាកណ្ដាលផ្ដល់កាតលឿងដល់ Messi ដោយសាររូបគេបានដោះអាវចេញក៏ដោយ។

Messi ទទួលបានកាតលឿង
Messi ទទួលបានកាតលឿង

ក្នុងនោះដែរ កីឡាករ Ante Budimir របស់ Osusana ព្យាយាមអូសបាល់ចូលទៅតំបន់គ្រោះថ្នាក់តែត្រូវអ្នកចាំទី Marc-Andre Ter Stegen សង្គ្រោះបានផ្ទួនៗបញ្ចប់ទៅដោយ Stegen រក្សាបាន Clean Sheet ។

ប៉ុន្តែយ៉ាងណាមិញក្រុម Osasuna ព្យាយាមបុកទម្លុះសំណាញ់ទី ខ្សែការពារ Clement Lenglet បានរងរបួសត្រង់កជើងនិងត្រូវប្ដូរចេញដោយជំនួសមកវិញដោយកីឡាករ Carles Alena ក្នុងតំបន់ការពារធ្វើឲ្យក្លិបអ្នកមានបុណ្យមានការព្រួយបារម្ភចំពោះកង្វះខ្សែការពារដោយសារ Umtiti  ,Araujo ,Pique សុទ្ធតែរងរបួស។

ខ្សែការពារ Clement Lenglet ​រងរបួស
ខ្សែការពារ Clement Lenglet ​រងរបួស

ជ័យជម្នះរបស់ Barcelona ធ្វើឲ្យក្លិបឡើងទៅឈរនៅលេខរៀងទី៧ក្នុងក្របខណ្ឌ La Liga ដោយចាញ់ Real Madrid ដែលឈរនៅលេខរៀងទី៤ត្រឹមតែ៣ពិន្ទុ។បន្ទាប់មកក្លិបនឹងត្រូវប្រឈមជាមួយ Cadiz និង Levante មុននឹងត្រូវជួបជាមួយក្លិប Real sociedad ដែលកំពុងឈរនៅកំពូលតារាង La liga នាថ្ងៃទី១៦ ឈានចូល ១៧ ធ្នូនេះ។

បន្ថែមពីលើនោះទៀត Messi បានផូសរូបភាពរបស់គេក្នុងបណ្ដាញសង្គម Facebook និង Instagram ភ្ជាប់ជាមួយលោក Maradona ដោយសរសេរថា "ខ្ញុំនឹងនឹកដល់អ្នករហូត Diego"

គណនី Instagram របស់ Messi

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T