រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូ និងម៉ូយជាស្រ្តីម្នាក់ទៀតដែលជិះពីក្រោយបានរងរបួសយ៉ាង ដំណំនៅក្នុងខណៈពេលដែលពួកគេ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនបញ្រ្ចាសទិស បន្ទាប់មកបានបើកឆ្លងផ្លូវមិនមើលមុខមើលក្រោយ ហើយវាក់ជាមួយរថយន្តធុនធំៗកំពុងបើកជែងគ្នា ធ្វើឱ្យអ្នករត់ម៉ូតូឌុបនោះខំបើកគេច ព្រោះខ្លាចរថយន្តបុកស្លាប់ក៏ជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹក ស្អុយទាំងកំរោល ហើយអ្នករត់ម៉ូតូឌុបនោះ និងម៉ូយជិះពីក្រោយបានខ្ទាតចេញពីម៉ូតូផ្លោងឡើងលើរួចធ្លាក់មក វិញបោកទៅលើថ្នល់រងរបួសធ្ងន់តែម្តង ។
ឧបទ្ទវហេតុគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាល្ងាចថ្ងៃទី៥ មេសា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយម៉ាកស៊ីធីសេ១០០ កូរេ៉ពណ៌ក្រហម ទាំងអ្នកបើកបរនិងស្ត្រីចំណាស់ដែលជាម៉ូយជិះពីក្រោយរងរបួស ធ្ងន់ដូចគ្នា ហើយមិនត្រូវបានគេស្គាល់ឈ្មោះនៅឡើយ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ពួកគាត់បានឃើញម៉ូតូឌុបមួយគ្រឿងនោះឌុបម៉ូយធ្វើដំណើរបញ្ច្រាស ទិសគេនៅលើចិញ្ចើមផ្លូវជាតិលេខ៤ ពីលិចទៅកើត និងបើកក្នុងល្បឿនលឿនទៀតផង ។ លុះដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តធុនធំៗបើកជែងគ្នាក្នុងទិសដៅពីកើតទៅលិច ឯអ្នករត់ម៉ូតូឌុបនោះទោះបីជាបានឃើញរថយន្តកំពុងបើកជែងគ្នាបែប នេះក្តី ក៏គាត់នៅតែមិនខ្លាចញញើតបានបន្ថែមល្បឿនម៉ូតូរបស់ខ្លួនកាន់ តែលឿន បើកឆ្លងផ្លូវកាត់ពីមុខរថយន្តទៅខាងស្តាំដៃ គ្រាន់តែឆ្លងដល់ពាក់កណ្តាលផ្លូវរថយន្តដែលកំពុងបើកជែងគ្នានោះ បានទៅដល់ល្មម ។ ពេលនោះបានធ្វើឱ្យអ្នករត់ម៉ូតូឌុប ប្រែជាមានទឹកមុខស្លេកស្លាំងខំបើកគេចចេញព្រោះខ្លាចរថយន្តបុក ស្លាប់ក៏បានវាក់ជាមួយរថយន្តផ្សេងទៀត ដែលកំពុងបើកស្របទិសគ្នាធ្វើឱ្យម៉ូតូនោះបើកគេចចេញមួយជាន់ទៀត ក៏ជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយតែម្តង។
ប្រភពដដែលបន្តទៀតថា ពេលធ្លាក់ចូលទៅបានបុកនឹងចិញ្ចើមប្រឡាយ ហើយបុរសអ្នកបើកបរ និងអ្នកជិះពីក្រោយបានខ្ទាតផ្លោងឡើងលើរួចធ្លាក់បោកទៅលើ ថ្នល់ខ្នងប្រឡាយបណ្តាលឱ្យបុរសអ្នកបើកបរសន្លប់ធំ ។ ឯស្ត្រី ដែលជាម៉ូយជិះពីក្រោយអុកគូទទល់ផ្អកក្រោកមិនរួច និងត្រូវបានរថយន្តពេទ្យដឹកទៅសង្គ្រោះភ្លាមៗដែរ ចំណែកឯម៉ូតូត្រូវប្រជាពលរដ្ឋនាំគ្នាអូសេចញពីក្នុងប្រឡាយទឹក យកទៅធ្វើការជួសជុល ។ ចាត់ទុកជាសំណាងល្អខ្លាំងណាស់ ដែលនៅចម្ងាយប្រមាណ១ម៉ែត្រទៀតប៉ុណ្ណោះម៉ូតូនោះនឹងត្រូវបុក មាត់លូ ហើយបើបុកជាមួយមាត់លូនោះមែនប្រាកដជាមានអ្នកស្លាប់មិនខាន ឡើយ ៕
ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]