ចំណេះដឹងសំខាន់ៗពី «ហានិភ័យការងារ» និង «ហានិភ័យ​សង្គម​» ដែល​អ្នក​គួរ​ស្វែង​យល់​

//s9.kh1.co/98/98c6a7ed2b17f3eda4c7002f2f6a85291b786aec.jpg
សង្គម

 ២៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ពាក្យ «ហានិភ័យ» ត្រូវបានយុវជន និងពលរដ្ឋនិយមប្រើប្រាស់ក្នុងន័យបារម្ភពីផលប៉ះពាល់អ្វីមួយ

កន្លងទៅថ្មីៗ ពាក្យ «ហានិភ័យ» ត្រូវបានយុវជន និងពលរដ្ឋនិយមប្រើប្រាស់ក្នុងន័យបារម្ភពីផលប៉ះពាល់អ្វីមួយ។ ថ្ងៃនេះ ខ្មែរឡូតនឹងនាំលោកអ្នកមកស្វែងយល់ពី «ហានិភ័យការងារ» និង «ហានិភ័យសង្គម» វិញម្តង៖
១. ដូចម្ដេចដែលហៅថា ហានិភ័យការងារ (គ្រោះថ្នាក់ការងារ)?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហានិភ័យការងារ ត្រូវបានចាត់ទុកជាគ្រោះថ្នាក់ការងារ។​ វាគឺជាគ្រោះថ្នាក់ដែលធ្លាក់លើរូបរាយកាយកម្មករនិយោជិត ដោយ​សារ​ការងារ ឬពេលធ្វើការ ទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសពីកម្មករនិយោជិត ឬគ្មានក៏ដោយ។ ម្យ៉ាងវិញទៀត ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយ​កម្មករ​និយោជិតក្នុងពេលដែលសាមី​ខ្លួនធ្វើដំណើរពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬដោយគ្មានវាងទៅណាផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពីការងារដែលគេតម្រូវឲ្យទៅ។ ម្យ៉ាងទៀតជំងឺទាំង​ឡាយ​ណា ដែលកើតឡើងទាក់ទងទៅនឹងការងារ (ជំងឺវិជ្ជាជីវៈ) ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែលមានជាអាទិ៍៖ មុខរបរដែលប៉ះពាល់ជាមួយជាតិពុល ឬមានទំនាក់ទំនងទៅនឹងការងារ។ នេះបើតាម​ការបកស្រាយពីបេឡាជាតិ​របបសន្តិសុខសង្គម។

២. ដូចម្ដេចដែលហៅថា ហានិភ័យសង្គម? ចូររៀបរាប់? មានគោលការណ៍គ្រឹះប៉ុន្មានចំណុច?

ហានិភ័យសង្គម គឺជាសំណុំនៃព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងនាពេលអនាគតដោយឥតព្រៀង​ទុកជាមុនធ្វើឲ្យ​ប៉ះពាល់ដល់សន្ដិសុខសេដ្ឋកិច្ចរបស់បុគ្គល។  ហានិភ័យសង្គមមានគោលការណ៍គ្រឹះ ០៥ចំណុចគឺ៖

កត្តាធម្មជាតិ

ក-ទាក់ទងទៅនឹងភូគសាស្ត្រ ដូចជាការរញ្ជួយផែនដី បន្ទុះភ្នំភ្លើង រលកយក្ស ដែលបណ្ដាល មកពីការរញ្ជួយផែនដីនៅ​បាតសមុទ្រ ការហូរច្រោះដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង។

ខ-ឧតុសាស្រ្ដ ដូចជាទឹកជំនន់ ខ្យល់ព្យុះ រន្ទះ អាកាសធាតុប្រែប្រួលក្ដៅខ្លាំង ត្រជាក់ខ្លាំង។

កត្ដាសង្គម

មានដូចជាការកើតកលយុគសង្រ្គាមក្នុងស្រុក ឬសង្គ្រាមឈ្លានពានពីបរទេស វិបត្តិនយោបាយច្បាប់ទម្លាប់​នានា​នៅក្នុងប្រទេស រដ្ឋបាលទាក់ទងនឹងការចាត់ចែង និងការរៀបចំគោលនយោបាយរបស់ប្រទេស វិសមភាពសង្គម។

កត្តាគ្រួសារ

ការរៀបអាពាហ៍ពិពាហ៍ជាកត្តាមួយធ្វើអោយមានបន្ទុកគ្រួសារ ហើយបន្ទុកនេះត្រូវបន្ដដល់កូនក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ ក៏ដូចជាទីជម្រកសម្រាប់ស្នាក់អាស្រ័យ។ ការចូលរួមវិភាគទានសង្គមមានជាអាទិ៍ ពិធីបុណ្យ ចូលរួម​អាពាហ៍ពិពាហ៍។

កត្ដាសរីរៈសាស្ត្រ

ជំងឺ និងឧបទ្ទវហេតុផ្សេងៗ សម្រាកមាតុភាព ពិការភាព ទុព្វលភាព ជរាភាពនិងមរណៈភាពមេគ្រួសារជាដើម។

កត្តាវិជ្ជាជីវៈ

ក-អសន្ដិសុខមុខរបរ មានដូចជា វិបត្តិសេដ្ឋកិច្ច កូដកម្ម ដាក់ប្រទេសក្នុងគ្រាអាសន្ន(Lockout) គ្មានការងារធ្វើ

ខ-គ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ ធ្វើដំណើរពីកន្លែងធ្វើការទៅលំនៅស្ថាន និងវិលមកវិញ និងជំងឺវិជ្ជាជីវៈ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T