រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​រត់​ចុះ​ពីលើ​ម៉ូតូ​ឌុប​​មាន​ស្ពាយ​កាបូប​ដើរ​សំដៅ​ចូល​ទៅ​ ក្នុង​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក ប្រាប់​ថា ​នាង​ជា​អ្នកចម្រៀង​សុំ​ប្ដឹង​ពី​សន្ដិ​សុខ​នៅ​ក្លឹ​ប​​កម្សាន្ត​មួយ​ដែល​ បាន​ចាប់​ទាញ​នាង​ចេញពី​ក្នុង​ក្លឹ​ប​ថា​ នាង​ស្រវឹង​បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុង​ក្លឹ​ប​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ ទៀប​ភ្លឺ​​ថ្ងៃទី​៦ មេសា ។

បើ​តាម​សម្ដី​របស់​នារី​ដែល​ជិះ​ម៉ូតូឌុប​ដើរ​ប្ដឹង​ ស្ទើរតែ​ពេញ​ក្រុងភ្នំពេញ​នោះ​ប្រាប់​ថា នាង​មាន​ឈ្មោះ​ឃឹម លី​ដា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​អ្នក​ចម្រៀង​ទើប​ប្រឡង​ជាប់​ហើយ​​កាលពីមុន​ជា​កម្មការិនី​រោង​ចក្រ ស្នាក់​នៅ​មិន​ពិតប្រាកដ។ ​ប្រភព​បន្ត​ឱ្យ​ដឹង​ថា នាង​ជិះ​ម៉ូតូឌុប​ទៅ​ប្ដឹង​ប៉ូលិស​ប៉ុស្ដិ៍​ជា​ច្រើន​កន្លែង​ហើយ តែ​សមត្ថ​កិច្ច​មិន​ព្រម​ទទួល​ពាក្យបណ្ដឹង ទើប​នាង​​ទៅ​ប្ដឹង​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ផ្សារ​ដើម​គ​នេះ ក្នុង​គោល​បំណង​ប្ដឹង​សន្ដិ​សុខ​​​នៅ​ក្លឹប​កម្សាន្ត​មួយ​ដែល​បាន​ចាប់​ទាញ​ នាង​ចេញ​ពី​ក្នុង​ក្លឹ​ប​ពេល​ដែល​នាង​ទៅ​ផឹកស៊ី​នៅ​ក្នុង​ក្លឹ​ប​នោះ ដោយ​ចោទ​ថា​នាង​ស្រវឹង​បង្ក​ភាព​រញ៉េរញ៉ៃ​នៅ​ក្នុង​ក្លឹ​ប​ការ​ពិត​នាង​មិន​ បាន​ស្រវឹង​អី​ទេ ។

សមត្ថកិច្ច​មិន​ទាន់​បាន​ទទួល​ពាក្យបណ្ដឹង​នៅឡើយ ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ដែល​ជា​អ្នក​ដឹក​នារី​​ដើរ​ប្ដឹង​ប៉ូលិស​នោះ​បាន​ សុំ​ប្រាក់​ថ្លៃ​ម៉ូតូឌុប ស្រាប់​តែ​នារី​នោះ​សួរ​ថា យក​ប៉ុន្មាន​ ហើយ​​នាង​ថា ​២.០០០​រៀល​បាន​ទេ អ្នក​រត់​ម៉ូតូ​ឌុប​ថា ​មិន​បាន​ទេ ព្រោះ​គាត់​ឌុ​ប​ទៅ​ច្រើន​កន្លែង​ណាស់ ។ លុះ​ពេល​និយាយ​ចុះឡើង​នាង​ប្រាប់​ថា​អត់​មាន​លុយ​ទេ សូ​ម្បី​តែ​២.០០០​រៀល​ក៏​គ្មាន​ដែរ។ ពេល​នោះ​សមត្ថកិច្ច​បាន​ជួយ​អន្ដរាគមន៍​ឱ្យ​អ្នក​រត់​ម៉ូតូឌុប​នោះ​​ត្រឡប់​ ទៅ​វិញ​ដោយ​មិន​បាន​​ប្រាក់​ទេ ហើយ​នារី​នោះ​ក៏​ដើរ​ចេញ​ត្រឡប់​ទៅ​វិញ​ដែរ ប៉ុន្ដែ​ដោយសារ​តែ​អ្នក​រត់​ម៉ូតូឌុប​មិន​អស់ចិត្ដ​ខំប្រឹង​ឌុ​ប ពេញ​មួយ​យប់​ហើយ​មិន​បាន​លុយ​មួយ​សេន​សោះ​ក៏​ជិះ​ម៉ូតូ​តាម​ទារ​លុយ​​នារី​ នោះ តែត្រូវ​នារី​នោះ​យក​កាបូប​វាយ​ចង់​ទ្រោម​ខ្លួន ហើយ​ស្រែក​ឡូឡា​ធ្វើ​ឱ្យ​ផ្អើល​គេឯង​​ថែម​ទៀត។ ​ភ្លាមៗ​​អ្នក​រត់​ម៉ូតូឌុប​ក៏​បើក​ម៉ូតូ​ចេញ​ទៅ​បាត់​ដោយ​មិន​បាន​លុយ​មួយ​ សេន​ទេ បាន​ត្រឹម​តែ​​ខ្មាស់​គេ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]