បរទេស ៖ យោងតាមការចុះផ្សារយរបស់គេហទំព័រ Boxingscene ចុះផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បានផ្សាយថា លោក Audie Attar អ្នកចាត់ការទូទៅរបស់កំពូលអ្នកប្រយុទ្ធក្នុងទ្រុង កីឡាករ Conor McGregor រំពឹងថានឹងមានការប្រកួតគ្នារវាងកីឡាករ Manny Pacquiao និង Conor នៅក្នុងឆ្នាំ ២០២១ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួររំលឹកផងដែរថា ក្នុងឆ្នាំ២០១៧ Conor ធ្លាប់បានប្រកួតលក្ខណៈប្រដាល់សកលម្ដងរួចហើយ ដោយពេលនោះ រូបគេបានចាញ់កីឡាករ Floyd Mayweather ក្នុងទឹកទី១០ នៅឯសង្វៀន T-Mobile Arena នៅ Las Vegas ។

Manny Pacquiao ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ជើងឯកខ្សែក្រវាត់ចំនួន៨សម័យ បានឃ្លាតឆ្ងាយពីសង្វៀនចាប់តាំងពីខែកក្កដាឆ្នាំ២០១៩មកម្ល៉េះ បន្ទាប់ពីរូបគេបានយកឈ្នះលើកីឡាករ Keith Thurman និងដណ្តើមបានខ្សែក្រវាត់ទម្ងន់មធ្យម WBA ។

លោក Attar បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bloomberg ថា ៖
Conor McGregor នឹងត្រូវជួបជាមួយកីឡាករ Poirier នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ហើយបន្ទាប់មក រូបគេចង់ឱ្យជួបជាមួយកីឡាករ Manny Pacquiao នៅក្នុងការប្រកួតបន្ទាប់ទៀត ។ Conor McGregor គេនឹងជម្រះបញ្ជីជាមួយនឹង Dustin មុន ហើយបន្ទាប់មក Conor ចង់ប្រកួតជាមួយ Manny Pacquiao ។ ដូចដែលខ្ញុំបាននិយាយជាសាធារណៈពីមុនមកអ៊ីចឹង ពួកយើងនឹងធ្វើ ព្រោះវាជាអ្វីដែលអ្នកប្រដាល់ទាំងពីរចង់បាន ហើយវានឹងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ទូទាំងពិភពលោក ៕


ប្រភព៖ Boxingscene