ខេត្តពោធិ៍​សាត់​ ៖ ​កំពូល​ចោរកាត់​សោ.ក​ម៉ូតូ​ដ៏​ល្បី​ម្នាក់​​ដែល​ធ្លាប់​ជាប់​គុក​ច្រើន​សា​ មក​ហើយ ពេល​នេះ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ជាថ្មី​ម្តង​ទៀត ​កាលពី​យប់​ថ្ងៃទី​៤ មេសា ២០១២ ​ខណៈ​​ចោរ​រូប​នោះ​កំពុងរាំ​ធុងបាស​ភ្លេច​ខ្លួន​​ជា​មួយ​អ្នក​ភូមិ​បន្ទាយ​ ដី សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍​សាត់ ។

​លោក​វណ្ណ​ លី ​នាយ​​ប៉ុស្តិ៍​​បន្ទាយ​ដី​ឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​​អ៊ា តាល់ ភេទ​​ប្រុស អាយុ​២៩​ឆ្នាំ ​មាន​ទីលំនៅភូមិតា​កែវ​​ក្រោម ឃុំ​​បឹង​កន្ទួត ​ស្រុក​​ក្រគរ ។ លោក​ថា ការ​​ឃាត់​ខ្លួន​នេះធ្វើ​​ឡើង​​តាមដីកា​របស់​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ​ចុះ​ថ្ងៃទី​១៣ ​កុម្ភៈ ២០១២ ​ពី​បទ​លួច​ម៉ូតូ ។ ​​លោក​​បន្ត​ថា ​​ដោយ​អនុ​វត្តន៍​គោល​នយោ​បាយ​​ ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព ​​ជា​រៀងរាល់​យប់​កម្លាំង​​ប៉ុស្តិ៍​​គ្រប់​ឃុំ​-សង្កាត់​​គ្រប់​​ស្រុក​ ក៏ដូចជា​ ក្រុង​ពោធិ៍​សាត់​ដែរ​​គឺ​បាន​សហការ​យ៉ាង​ម៉ឺង​ម៉ាត់​​ជា​មួយ​កម្លាំង​ប្រជា ​ការ​ពារ​ ​ក្នុងការ​ដើរ​ល្បាត​​តាម​​ភូមិ​ក្រែង​មាន​ចោរ​លួចឆក់​ប្លន់ អំពើ​​ឃាតកម្ម​ ក្មេង​ទំនើង​ ​ជក់​ ចែក​ចាយ​​ថ្នាំ​ញៀន ឬ​វាយ​កាប់​ចាក់​គ្នា​ជា​ដើម ​ដើម្បី​ការ​ពារ​សន្តិ​សុខ​​ជូន​ប្រជា​ពល​រដ្ឋ​ ។ ស្រាប់តែ​នៅ​វេលា​ម៉ោង​១០​យប់​​ថ្ងៃទី​៤ ​មេសានេះ ​សមត្ថ​កិច្ច​បាន​ប្រទះ​ឃើញ​ឈ្មោះ​អ៊ា តាល់ ជា​​មុខ​សញ្ញា​​ចាស់​កំពុង​រាំ​ធុង​បាស​ជា​មួយ​អ្នក​​ភូមិ​​បន្ទាយ​ដី​យ៉ាង​ សប្បាយ​រីករាយ​ក៏​​ជូន​ដំណើរ​​ទៅ​ថ្នាក់​លើ​។ ​ទទួល​បាន​បទបញ្ជា​របស់​លោក​វរ​សេនីយ៍​ត្រី​ ឡែន សុង អធិ​ការ​នគរ​បាល​​ក្រុង​​ពោធិ៍​សាត់ និង​​ផ្អែក​តាម​ដីកា​​របស់​​សាលា​ដំបូង​​ខេត្ត​​កំពង់ឆ្នាំងផង​នោះ​កម្លាំង​ របស់​លោក​ក៏ធ្វើ​ការ​ឃាត់​ខ្លួន​ឈ្មោះ​អ៊ា តាល់ នេះ​តែ​ម្តង ។

ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​​កសាង​សំណុំរឿង​​ និង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង នៅរសៀល​ថ្ងៃទី​៥ មេសា ដើម្បី​ផ្តន្ទាទោសតាម​​ច្បាប់ ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]