បរទេស ៖ អ្នកប្រដាល់សកលលំដាប់ពិភពលោក និងជាម្ចាស់ខ្សែក្រវាត់ពិភពលោកច្រើនសម័យ Floyd Mayweather ដោយបច្ចុប្បន្ននេះមានអាយុ ៤៣ឆ្នាំ បានធ្វើការយល់ព្រមប្រកួតជាមួយនឹង Logan Paul ដែលត្រូវបានគេស្គាល់ថាជាតារាយូធូបដ៏ល្បីមួយរូប បន្ទាប់ពីតារាយូធូបរូបនេះបានអះអាងថា គេអាចផ្តួលអ្នកប្រដាល់ជើងចាស់ ដោយម៉ាត់ឲ្យចូល១ដៃប៉ុណ្ណោះ ។ ពាក្យឌឺដងនេះហើយ ធ្វើឱ្យ Floyd ក្ដៅស្លឹកត្រចៀក រហូតធ្វើឱ្យ Floyd ឆ្លើយតបទៅវិញភ្លាមៗថា ប្រយ័ត្នត្រូវដូច Conor McGregor ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាក់ទងនឹងការប្រកួតនេះ Floyd បានសរសរនៅលើគណនី Twitter ថា៖
កាលពី៣ឆ្នាំមុន មានអ្នកប្រដាល់មកពី UFC ម្នាក់ (Conor) ក្អេងក្អាងហ៊ានហៅឈ្មោះខ្ញុំ ខ្ញុំក៏បានធ្វើឲ្យគេស្ងាត់មាត់។ Logan ប្រហែលជាអាចទទួលបានមេរៀនដូចគ្នា មុនពេលខ្ញុំទៅយកជ័យជម្នះនៅជប៉ុនម្ដងទៀត។
គួរបញ្ជាក់ដែរថា Logan ធ្លាប់បានប្រកួតប្រដាល់ចំនួន២លើករួចមកហើយ ដោយកាលពីពេលកន្លងមកធ្លាប់ប្រកួតជាមួយនឹងតារាយូធូបដូចគ្នា KSI ក្នុងឆ្នាំ២០១៩ ដោយលើកទី១ ស្មើគ្នា ខណៈដែលការប្រកួតលើកទី ២ រូបគេត្រូវបាន KSI យកឈ្នះដោយពិន្ទុ ។

ចំណែកឯ Floyd រូបគេបានឃ្លាតឆ្ងាយពីសង្វៀនតាំងពីឆ្នាំ២០១៧មកម្ល៉េះ បន្ទាប់ពីរូបគេផ្ដួលអ្នកប្រដាល់កំពូលឌឺសញ្ជាតិអៀរឡង់ Conor McGregor ឱ្យសន្លប់ក្នុងទឹកទី១០ ហើយគេបានប្រកាសចូលនិវត្តន៍ ប៉ុន្តែថ្មីៗនេះ Floyd បានបញ្ជាក់ថាគេនឹងមានវត្តមានប្រកួតនៅថ្ងៃទី២៨ ខែកុម្ភៈ ទីក្រុងតូក្យូ ប្រទេសជប៉ុន ប៉ុន្តែនៅមិនទាន់ដឹងទេថា រូបគេប្រកួតលក្ខណៈប្រដាល់ស្ថិតក្នុងវិញ្ញាសាអ្វីនោះទេ តែ Floyd ផ្ទាល់រូបគេបានអះអាងថា រូបគេនឹងមានវត្តមាននៅថ្ងៃនោះ ហើយរូបគេ និងក្រុមរបស់គេ នឹងធ្វើរឿងមួយដ៏ធំម្ដងទៀតនៅតូក្យូ ។

តើជំនួបរវាង Floyd Mayweather និង Logan Paul អាចនឹងកើតឡើងដែរឬទេ ? ហើយបើកើតឡើងមែន តើ Floyd Mayweather អាចនឹងរក្សាកំណត់ត្រាមិនដែលចាញ់ ៥១-0 ឬ Logan Paul ជាអ្នកបំបែកបានកំណត់ត្រានេះបាន ?


ប្រភព៖ givemesport