វៀតណាម៖ យោងតាមសារព័ត៌មាន CNA បានរាយការណ៍ថា ព្យុះទីហ្វុង ឈ្មោះ វ៉ាមកូ (Vamco) បានវាយប្រហារចូលដល់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកាម្សិលមិញនេះ ដែលបង្កឲ្យមានការខូចខាតដល់អគារ និងមនុស្សមួយចំនួនរងរបួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមសេចក្ដីរាយការណ៍ខាងលើបានឲ្យដឹងថា ព្យុះវ៉ាមកូបានបោកបក់មកលើប្រទេសវៀតណាម ក្នុងល្បឿនខ្យល់ដល់ទៅ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបំផ្លាញដើមឈើ និងដំបូលផ្ទះជាច្រើនខ្នង រួមទាំងសាលារៀនជាដើម។ ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍បឋមពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃម្សិលមិញ បានឲ្យដឹងដែរថា មានចំនួនមនុស្ស ៥នាក់បានរងរបួស ខណៈដែលអ្នកទាំងនោះ កំពុងព្យាយាមការពារផ្ទះសម្បែងរបស់ពួកគេ។
គួរឲ្យដឹងថា ព្យុះ វ៉ាមកូ គឺជាព្យុះចុងក្រោយគេបង្អស់ដែលបានវាយប្រហារប្រទេសវៀតណាមក្នុងរយៈពេល៦សប្ដាហ៍ចុងក្រោយនេះ ដែលបានបង្កជាទឹកជំនន់ និងការរអិលបាក់ដី ដោយសម្លាប់មនុស្សយ៉ាងហោចណាស់១៥៩នាក់ និង៧០នាក់ផ្សេងទៀតបាត់ខ្លួន។ តែទោះជាយ៉ាងណា នៅមុនពេលព្យុះនេះចូលដល់ អាជ្ញាធរវៀតណាមក៏បានជម្លៀសប្រជាជនជិត ៦៥ម៉ឺននាក់ចេញពីខេត្ដចំនួន៧ ទៅកាន់ទីទួលសុវត្ថិភាពផងដែរ។
សូមបញ្ជាក់ថា មុននឹងមកដល់ប្រទេសវៀតណាម ព្យុះទីហ្វុង វ៉ាមកូ បានបោកបក់ពីលើប្រជុំកោះប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច ៦៧នាក់ និងប៉ះពាល់ដល់ប្រជាជនប្រមាណ ១.៧លាននាក់ទូទាំងប្រទេសផងដែរ។
សូមទស្សនារូបភាពខាងក្រោម៖