ប្រទេសអាស៊ីទាំង១៥ ដែលល្បីខ្លាំងថាជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តមិនអាចខានបាន ក្នុងនោះក៏មានកម្ពុជាយើងដែរ

//s9.kh1.co/04/04297a746e92e82c9bb204e3991ba06808a793b8.jpg
យល់ដឹង

 ១៣-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ប្រទេសទ្វីបអាស៊ីមានដល់ទៅ ៤៩ប្រទេស តែប្រទេសដែលទាក់ទាញ និងល្បីជាងគេមានតែ១៥ប្រទេស ក្នុងនោះមានកម្ពុជាដែរ

ទ្វីបអាស៊ី គឺជាទឹកដីដ៏ធំមួយដែលសម្បូរទៅដោយភោគទ្រព្យធម្មជាតិ ដែលមានប្រទេសចំនួន ៤៩ ត្រូវបានទទួលស្គាល់ជារដ្ឋអធិបតេយ្យ (រដ្ឋទាំងអស់នោះសុទ្ធតែជាសមាជិកនៃអង្គការសហប្រជាជាតិ) និងរដ្ឋចំនួនពីរទៀត ដែលអធិបតេយ្យភាពមានការកំណត់តែត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងរដ្ឋចំនួនបួនជារដ្ឋគ្មានការទទួលស្គាល់ និងរដ្ឋអនិស្សរភាពមានចំនួនប្រាំមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងចំណោមប្រទេសជាច្រើន​ ដែលស្ថិតនៅក្នុង​ទ្វីបអាស៊ីមួយនេះ មានប្រទេសមួយចំនួន​ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដ៏ស្រស់ស្អាត ទាក់ទាញខ្លាំងទាំងផ្នែកសម្បត្តិធម្មជាតិ វប្បធម៌​​ និងអរិយធម៌​​ ដែលជាហេតុបណ្តាលឱ្យមានភ្ញៀវទេសចរណ៍ជុំវិញពិភពលោកចង់ដឹងចង់ស្គាល់​ និងចង់មកទស្សនាមិនអាចខកខានបាន។

ដូច្នេះមកតាមដានប្រទេសក្នុងទ្វីបអាស៊ីទាំង​ ១៥ ប្រទេស​ ដែលល្បីថាទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងបំផុតដូចៗគ្នា ដោយបញ្ជីលេខរៀងខាងក្រោមមិនមែនជាចំណាត់ថ្នាក់ឡើយ​​៖

១៥. កោះម៉ាឌីវ

កោះម៉ាឌីវ គឺត្រូវបានគេទទួលស្គាល់ថាជាតំបន់ដែលប្រជុំទៅដោយកោះតូចធំ​ចំនួនជាង ១២០០កោះ ដែលសុទ្ធតែគ្របដណ្តប់ទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាត​​ ទឹកសមុទ្រពណ៌ខៀវស្រងាត់​ និងជាជង្រុកសម្បត្តិធម្មជាតិក្រោមទឹកដ៏អស្ចារ្យផងដែរ។ កោះដែលស្ថិតនៅក្នុង មហាសមុទ្រឥណ្ឌា និងជាផ្នែកមួយនៃតំបន់អាស៊ីភាគខាងត្បូង មួយនេះគឺជាតំបន់សំខាន់អស្ចារ្យពិសេសសម្រាប់អ្នកដែលមកកម្សាន្តជាលក្ខណៈគូស្នេហ៍ និងការក្រេបច័ន្ទ្រទឹកឃ្មុំ ដោយមានរីហ្សតលើកោះឯកជនជាច្រើនកន្លែង​ ឆ្នេរខ្សាច់សក្បុស ការមុជទឹកហែលទឹកនៅលើកោះ ដោយមានថ្មប៉ប្រះទឹក ផ្កាថ្មចម្រុះពណ៌ និងមានត្រីតូចធំ គួរជាទីកម្សាន្តអារម្មណ៍។

កោះម៉ាឌីវ
កោះម៉ាឌីវ

១៤. ប្រទេសម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ី គឺជាជម្រកព្រៃត្រូពិចចំណាស់ជាងគេនៅលើផែនដី ដែលមានឧទ្យានជាតិប្រកបដោយទេសភាពធម្មជាតិស្រស់បំព្រង​ និងសត្វព្រៃជាច្រើនប្រភេទដែលទាក់ចិត្តអ្នកមកកម្សាន្ត។ ប្រទេសមួយនេះក៏ជាទីកន្លែងដ៏រីករាយក្នុងការទស្សនា តាមរយៈវប្បធម៌ចំរុះ និងសម្បូរបែបរវាងជនជាតិចិន ឥណ្ឌា និងម៉ាឡេស៊ី ថែមទាំងមានអាគារខ្ពស់ៗ ទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌គួរឱ្យចាប់អារម្មណ៍ ភោជនីយដ្ឋានដែលបម្រើនូវម្ហូបក្នុងស្រុកឆ្ងាញ់ៗជាច្រើនមុខ រួមទាំងឆ្នេរខ្សាច់ស្រស់ស្អាតជាច្រើនកន្លែងទៀត។

ប្រទេសម៉ាឡេស៊ី
ប្រទេសម៉ាឡេស៊ី

១៣. ប្រទេសកម្ពុជា

ប្រទេសកម្ពុជា គឺជាប្រទេសតូចតែសម្បូរ​ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោកតាមរយៈសម្បត្តិវប្បធម៌​​ និងអរិយធម៌ដ៏ផូរផង់ដូចជាសំណង់ប្រាសាទបុរាណដ៏អស្ចារ្យ និងកន្លែងបុរាណវិទ្យាជាច្រើនកន្លែង ស្ថិតនៅក្នុងចក្រភពខ្មែរអង្គរក្នុងចន្លោះពីសតវត្សទី ៩ និង ១៥ ហើយក្នុងចំណោមសំណង់បុរាណពិសេសៗទាំងនោះ​ សំណង់បុរាណដែលលេចធ្លោអស្ចារ្យគួរឱ្យស្ញប់ស្ញែងជាងគេនោះគឺ ប្រាសាទអង្គរវត្ត។

ក្រៅពីសំណង់បុរាណដ៏មហស្ចារ្យដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងវប្បធម៌ គឺខេត្តសៀមរាប ប្រទេសកម្ពុជាក៏មានទីក្រុងភ្នំពេញ ដែលជាទីក្រុងធំជាងគេសម្បូរសំណង់ធំៗស្កឹមស្កៃកំពុងតែអភិវឌ្ឍន៍នោះ​ កម្ពុជាមានបណ្តាខេត្តជាច្រើនដែលសម្បូរទៅដោយសម្បត្តិធម្មជាតិស្រស់ស្អាតទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរណ៍ដូចជា ​ព្រៃភ្នំតូចធំ​ ឧទ្យានជាតិ​ ទន្លេ​ ទឹកជ្រោះ​​ ទឹកធ្លាក់ ជ្រលងដងអូរ​ សត្វព្រៃកម្រ​ និងទីកន្លែងធម្មជាតិអស្ចារ្យជាច្រើនដែលមិនទាន់កែច្នៃផងដែរ។

ប្រទេសកម្ពុជា
ប្រទេសកម្ពុជា

១២. ប្រទេសស្រីលង្កា

ប្រទេសស្រីលង្កា ត្រូវបានគេស្គាល់ថាជាប្រទេសដែលប្រមូលម្តុំដោយកន្លែងចាប់អារម្មណ៍ជាច្រើនកន្លែង ដូចជា​ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ដែនកោះដ៏ទាក់ទាញ​ សម្បត្តិធម្មជាតិជាច្រើនកន្លែងដូចជាព្រៃភ្នំ និងសត្វព្រៃ ថែមទាំងជាទីកន្លែងប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សំបូរបែបមានវ័យចំណាស់ដ៏ផូរផង់ គួរឱ្យចង់សិក្សាស្រាវជ្រាវបន្ថែមទៀតផង។

ប្រទេសស្រីលង្កា
ប្រទេសស្រីលង្កា

១១. ប្រទេសអូម៉ង់

អូម៉ង់ គឺជាប្រទេសដែលសម្បូរទៅដោយទីតាំងប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និងសម្បត្តិធម្មជាតិជាច្រើនកន្លែងដែលទាក់ទាញចិត្តអ្នកទស្សនា។ តែយ៉ាងណាក៏ដោយ ប្រទេសមួយនេះមិនមានការអភិវឌ្ឍន៍​ និងធ្វើទំនើបកម្មខាងសំណង់អគារនោះទេ ដោយប្រទេសនោះនៅតែជាទីក្រុងខ្សាច់ នៅកណ្តាលវាលខ្សាច់ តែក៏បានបន្សល់នូវសំណង់ស្ថាបត្យកម្មចាស់ៗមិនផ្លាស់ប្តូរគួរជាទីគយគន់ប្លែកភ្នែកបំផុត។

ក្រៅពីសំណង់បែបវប្បធម៌ចំណាស់នោះ ប្រទេសដ៏ស្ងប់ស្ងាត់មួយនេះ ក៏មានតំបន់់ធម្មជាតិស្រស់ស្អាតជាច្រើនកន្លែងដូចជា​​ ជួរភ្នំ​ ទេសភាពឆ្នេរសមុទ្រស្រស់ស្អាតដែលកំពុងតែលាក់សម្រស់នៅទីក្រុងដ៏ចំណាស់មួយនេះផងដែរ។

ប្រទេសអូម៉ង់
ប្រទេសអូម៉ង់

១០. ប្រទេសភីលីពីន

ភីលីពីន ​គឺជាប្រទេសដែលប្រជុំទៅដោយដែនកោះប្រមាណជា ៧០០០កោះ និងប្រជុំដោយភ្នំភ្លើងរស់ និងងាប់ជាច្រើនកន្លែងផងដែរ។ ប្រទេសនេះសម្បូរទៅដោយសម្បត្តិធម្មជាតិដូចជាព្រៃភ្នំ​ ដែនកោះ ទឹកសមុទ្រដ៏អស្ចារ្យ ការទស្សនាភ្នំភ្លើង វាលស្រែលាតសន្ធឹងល្វឹងល្វើយ រួមទាំងទេសភាពទីក្រុងដែលមានវប្បធម៌ចម្រុះសម្បូរបែប​ បង្កើតជាទស្សនីយភាពដ៏ស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តទៀតផង។

ប្រទេសភីលីពីន
ប្រទេសភីលីពីន

៩. ប្រទេសកូរ៉េខាងត្បូង

អ្នកណាមិនដឹងនោះថា ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសអភិវឌ្ឍន៍ដែលសម្បូរទៅដោយអគារធំៗខ្ពស់ៗ ពិសេសគឺល្បីនៅលើពិភពលោកខ្លាំងនៅក្នុងវិស័យចម្រៀង K-Pop និងជាប្រទេសដើមកំណើតមុខម្ហូបវប្បធម៌គីមឈី ។

ប្រទេសកូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងត្បូង

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះកូរ៉េខាងត្បូង ក៏មានបេតិកភណ្ឌ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបផងដែរ ដោយស្របនឹងអគារទំនើបកម្ម យើងក៏ឃើញមានសំណង់រាជវាំង និងប្រាសាទបុរាណ ដែលមានអាយុកាលរាប់សតវត្សរ៍អមជាមួយអាគារខ្ពស់ ៗ និងផ្សារទំនើបជាច្រើនកន្លែង។

លើសពីនេះតំបន់ភ្នំ ឧទ្យានជាតិ ដែនកោះនិងឆ្នេរដ៏ស្រស់ស្អាត ក៏ជាទីកន្លែងកម្សាន្តដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក​ និងក្រៅស្រុកផងដែរ។​

ប្រទេសកូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងត្បូង

៨. ប្រទេសវៀតណាម

វៀតណាមក៏ជាប្រទេសដ៏ជឿនលឿន និងសម្បូរបែបផ្នែកសំណង់អគារធំៗផងដែរ តែអ្វីដែលជាទីចាប់អារម្មណ៍ពីអ្នកទេសចរណ៍នោះ គឺទីកន្លែងប្រវត្តិសាស្រ្ត វប្បធម៌​ និងសម្បត្តិធម្មជាតិរបស់ប្រទេសវៀតណាមជាច្រើនកន្លែងដែលពោរពេញដោយទេសភាពប្លែកៗគួរជាទីទស្សនា។

ក្រៅពីល្បីថាវៀតណាម ជាប្រទេសដែលសម្បូរទៅដោយខេត្តមានជួរភ្នំខ្វាត់ខ្វែងជុំវិញ តំបន់ព្រៃធម្មជាតិ វាលស្រែខៀវខ្ចីបង្កើតជាបរិយាកាសស្រស់ស្រាយបែបធម្មជាតិ វៀតណាមក៏ប្រជុំទៅដោយឆ្នេរសមុទ្រស្រស់ស្អាត ដែនកោះ និងកោះថ្មកំបោរមានទស្សនីយភាពប្លែកៗគួរឱ្យភ្ញាក់ផ្អើលទៀតផង។

ប្រទេសវៀតណាម
ប្រទេសវៀតណាម

៧. ប្រទេសហ្សកដានី

ហ្សកដានី​ គឺជាប្រទេសដែលធ្លាប់មានឈ្មោះល្បីខ្លាំង និងគ្រប់គ្រងដោយចក្រភពខ្លាំងៗកាលពីសម័យមុន តែទោះជាពេលបច្ចុប្បន្នស្ថានភាពប្រែប្រួលមិនដូចមុន តែប្រទេសមួយនេះបានបន្សល់នូវតំបន់ទេសចរណ៍វប្បធម៌ និងសម្បត្តិធម្មជាតិគួរជាទីចាប់អារម្មណ៍ជាច្រើនកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា។

នៅក្នុងនោះទីក្រុងនៅលើវាលខ្សាច់ និងការចោះរូងថ្មធ្វើជាទីក្រុងដ៏អស្ចារ្យស្កឹមស្កៃកណ្តាលវាលខ្សាច់ គឺជាទីកន្លែងដែលមានអ្នកទេសចរណ៍មកកម្សាន្តជាច្រើនបំផុតដើម្បីស្វែងយល់ពីវប្បធម៌ និងអរិយធម៌ដែលធ្លាប់ថ្កុំថ្កើនកាលពីសម័យមុន។

ប្រទេសហ្សកដានី
ប្រទេសហ្សកដានី

៦. ប្រទេសនេប៉ាល់

នេប៉ាល់ មិនត្រឹមតែប្រទេសដើមកំណើតព្រះពុទ្ធសាសនា ដែលល្បីខ្លាំងថាជាទីកន្លែងសម្រាប់អ្នកគោរពសាសនា ទីសក្ការៈបូជា វត្តអារាម និងប្រាសាទបុរាណដែលមានអាយុកាលរាប់រយឆ្នាំ ជាពិសេសគឺប្រាសាទ Maya Devi ដែលមានភាពល្បីល្បាញបំផុតនោះទេ នេប៉ាល់ក៏សម្បូរទៅដោយជួរភ្នំផងដែរ។

ភ្នំល្បីៗដែលទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តទស្សនានោះគឺ ជួរភ្នំហិមាល័យ ជួរភ្នំស្រស់ស្អាតជាច្រើនកន្លែង ជាពិសេសគឺភ្នំអេវើរ៉េស ដែលជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក។

ប្រទេសនេប៉ាល់
ប្រទេសនេប៉ាល់

៥. ប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី​ គឺជាប្រទេសដែលប្រជុំទៅដោយ កោះជាង ១៨.០០០ កោះ ដែលលាតសន្ធឹងប្រមាណ ៤.៧០០ គីឡូម៉ែត្រពីភាគខាងកើតទៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ីគ្របដណ្តប់លើផ្ទៃដីដ៏ធំមួយ។

ដែនកោះទាំងនេះហើយ បង្កើតបានជាកន្លែងដែលសម្បូរទៅដោយភាពចម្រុះទាក់ទាញអ្នកទេសចរណ៍មកកម្សាន្តទាក់ទងនឹងការរស់នៅរបស់ប្រជាជន វប្បធម៌ ភាសា ទំនៀមទម្លាប់ប្រពៃណី ទេសភាពធម្មជាតិ សត្វព្រៃ និងដែនកោះតូចធំស្រស់ស្អាតជាច្រើនកន្លែង ជាពិសេសគឺ កោះបាលី ដែលជាកន្លែងទេសចរណ៍ល្បីបំផុតរបស់ប្រទេសនេះ។  

ប្រទេសឥណ្ឌូនេស៊ី
ប្រទេសឥណ្ឌូនេស៊ី

៤. ប្រទេសឥណ្ឌា

ឥណ្ឌា គឺជាប្រទេសដែលមានវប្បធម៌ និងអរិយធម៌ចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក ដែលមានវប្បធម៌ សាសនា និងទំនៀមទំលាប់ផ្សេងៗគ្នាជាចម្រុះ បង្កើតជាភាពទាក់ទាញបំផុតសម្រាប់អ្នកមកកម្សាន្ត។

ក្រៅពីមានព្រៃភ្នំ ឧទ្យានជាតិ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមិនចាញ់ប្រទេសដទៃ ឥណ្ឌាគឺតំបន់បុរាណវិទ្យា ដែលមានប្រាសាទអាយុកាលរាប់ពាន់ឆ្នាំជាច្រើនកន្លែងជាសំណង់អស្ចារ្យគួរជាទីសិក្សាស្រាវជ្រាវ និងទស្សនាជាការយល់ដឹងផ្នែកប្រវត្តិសាស្រ្តទៀតផង។

ប្រទេសឥណ្ឌា
ប្រទេសឥណ្ឌា

៣. ប្រទេសជប៉ុន

ជប៉ុន គឺជាប្រទេសដែលសម្បូរទៅដោយដែនកោះ និងកោះភ្នំភ្លើងជាង ៧០០០កោះ ហើយទោះបីជាសម្បូរទៅដោយភ្នំភ្លើង និងគ្រោះរញ្ជួយដីជាញឹកញាប់ តែទីក្រុង៤ធំៗរបស់ជប៉ុន គឺជាទីក្រុងដ៏សម្បូរបែប មានការអភិវឌ្ឍន៍ខ្លាំងទៅលើសំណង់អគារ មានភាពស៊ីវីល័យ និងបណ្តុំដោយជើងខ្លាំងផ្នែកបច្ចេកវិទ្យាមិនធម្មតានោះទេ។

បន្ថែមពីភាពទាក់ទាញភ្ញៀវទេសចរណ៍ ដោយសារតែភាពស៊ីវីល័យ ប្រទេសជប៉ុនក៏សម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើនកន្លែងដូចជា ព្រៃក្រាស់ៗ​ ជួរភ្នំគ្របដណ្តប់ដោយធម្មជាតិ ឆ្នេរសមុទ្រស្រស់ស្អាតវែងអន្លាយ រួមទាំងសម្បត្តិវប្បធម៌សំណង់ប្រាសាទបុរាណជាប្រវត្តិសាស្រ្តផងដែរ។

ប្រទេសជប៉ុន
ប្រទេសជប៉ុន

២. ប្រទេសថៃ

ប្រទេសថៃ ក៏ជាទីកន្លែងប្រជុំអ្នកទេសចរណ៍ដ៏ល្បីល្បាញមកគ្រប់ទិសទីផងដែរ ​ដោយក្រៅពីទីក្រុងអ៊ូអរដែលសម្បូរទៅដោយអគារធំស្កឹមស្កៃ ផ្សាររាត្រី អាហារតាមផ្លូវចម្រុះច្រើនមុខសុទ្ធតែប្លែក និងឆ្ងាញ់ៗ  ប្រទេសថៃក៏ល្បីខាងសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិដ៏អស្ចារ្យផងដែរ។

ក្នុងប្រទេសថៃ ខេត្តឈៀងម៉ៃ ​ឈៀងរ៉ាយ​ គឺជាតំបន់ដែលមានអាកាសធាតុត្រជាក់សម្បូរទៅដោយជួរភ្នំ និងព្រៃក្រាស់ៗបង្កើតជាបរិយាកាសស្រស់ស្រាយខ្លាំងបែបធម្មជាតិ ហើយនៅក្នុងនោះប្រទេសថៃ ក៏មានប្រជុំកោះតូចធំ ល្បីថាមានឆ្នេរខ្សាច់ស្រស់ស្អាត ទឹកសមុទ្រខៀវស្រងាត់ និងកោះផ្ទាំងថ្មកំបោរបង្កើតជាទេសភាពប្លែកអារម្មណ៍ទៀតផង។

ប្រទេសថៃ
ប្រទេសថៃ

១. ប្រទេសចិន

ប្រទេសចិន​ គឺជាប្រទេសដែលមានប្រជាជនរស់នៅច្រើនជាងគេ និងថែមទាំងជាប្រទេសដែលមានអារ្យធម៌ដ៏ចំណាស់ជាងគេ ពិសេសព្រះបរមរាជវាំង ​ឬហៅថាជាទីកន្លែងហាមឃាត់ ក៏ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៏មកកម្សាន្តមិនអាចខានបានដែរ ។

ក្រៅពីមានទីក្រុងសម្បូរទៅដោយភាពអ៊ូអរ សំណង់អគារធំៗ ការរីកចម្រើនស៊ីវីល័យ និងប្រជុំដោយអ្នករកស៊ីចម្រុះនោះ ប្រទេសចិនក៏មានកន្លែងប្រវត្តិសាស្ត្រល្បីៗជាច្រើនកន្លែង ​ជាពិសេសគឺសំណង់ការពារប្រទេស មហាកំពែងចិនដ៏ស្កឹមស្កៃ និងលាតសន្ធឹងវែងអន្លាយ រួមទាំងមានទេសភាពជួរភ្នំព្រៃក្រាស់ៗបង្កើតជាទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែងទៀត៕

ប្រទេសចិន
ប្រទេសចិន
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T