ប្រុសៗរៀនត្រៀមចិត្តត្រៀមកាយ៨ចំណុចនេះ ពេលមានទំនាក់ទំនងស្នេហាជាមួយនារីរឹងមាំ និងមានសមត្ថភាពខ្ពស់

//s9.kh1.co/91/91904ed19e33cb91bbb16f1046615e81c8c326ad.jpg
យល់ដឹង

 ១២-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រីរឹងមាំកម្រគិតរឿងស្នេហា តែពេលនាងគិតនាងក៏នៅតែប្រកាន់ភ្ជាប់អត្តចរិត៨យ៉ាងនេះ

មនុស្សស្រីដែលមានភាពរឹងមាំ មានសមត្ថភាព និងមានភាពឯករាជ្យលើខ្លួនឯង  គឺជាមនុស្សស្រីដែលពូកែ និងអាចស្វែងរកអ្វីៗដោយខ្លួនឯងដោយមិនបាច់ពឹងពាក់កម្លាំងមនុស្ស។ តែយ៉ាងណាស្ត្រីប្រភេទនេះ ជាស្ត្រីដែលមិនសូវគិតគូរឿងស្នេហា ឬផ្តេកផ្តួលរឿងស្នេហាប៉ុន្មាននោះទេ  ព្រោះនាងរវល់ធ្វើកិច្ចការដែលមានប្រយោជន៍ និងធ្វើរឿងសំខាន់ដើម្បីបំពេញបំណងមហិច្ឆតារបស់ខ្លួន។។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់មនុស្សស្រីដែលមានភាពរឹងមាំបែបនេះ មិនប្រាកដថានាងមិនគិតពីស្នេហាសោះដែរ ហើយនៅពេលដែលនាងមានស្នេហានាងនៅតែមានអត្តចរិតផ្ទាល់ខ្លួន៨យ៉ាង ដែលមនុស្សប្រុសដែលមានទំនាក់ទំនងជាមួយនាងត្រូវត្រៀមចិត្តត្រៀមកាយទទួលយក ទាំង៨ចំណុចនេះ៖

១. មនុស្សម៉ឺងម៉ាត់ និងនិយាយត្រង់ៗ

មនុស្សស្រីរឹងមាំបែបនេះ ជាមនុស្សស្រីដែលម៉ឺងម៉ាត់បំផុត ពិសេសគឺនិយាយអ្វីដែលជាពាក្យពិត ត្រង់ទៅត្រង់មក គ្មានការលាក់លៀម  មិនចេះនិយាយដើម្បីសម្តែង  ឬផ្គាប់ផ្គន់អ្នកច្រើនឡើយ និយាយរួមគឺមិនចេះយកចិត្តទេ  ឃើញម៉េចនិយាយចឹង  និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង។ ដូច្នេះនៅជាមួយនាងអ្នកនឹងមានការទុកចិត្តបំផុត តែផលវិបាក គឺបើនាងមិនពេញចិត្ត ឬឃើញអ្នកមានចំណុចអវិជ្ជមានណាមួយ នាងនឹងនិយាយដោយមិនសូវចេះទុកមុខឱ្យអ្នកឡើយ។

២. នាងគឺជានាង

នាងគឺជានាង អត្តចរិតនាងបែបណាគឺនាងនឹងធ្វើបែបនោះនាងនឹងមិនកែប្រែ  ឬផ្លាស់ប្តូរអ្វីដែលជានាងផ្ទាល់ដើម្បីអ្នកឡើយ ទោះបីជាអ្នកជាមនុស្សដែលនាងស្រលាញ់ក៏ដោយ ។ ផ្ទុយទៅវិញ នាងតែងមានគំនិតថា បើអ្នកស្រលាញ់នាងពិត អ្នកត្រូវតែទទួលយកអ្វីដែលជាខ្លួននាងផ្ទាល់  តែបើអ្នកមិនអាចទទួលយកបានទេអាចដើរចេញចុះ  នាងមិនចេះខ្វល់់ ​ឬលន់តួអង្វរឡើយ។

នាងគឺជានាង នាងនឹងមិនផ្លាស់ប្តូរខ្លួនឯងដើម្បីអ្នកឡើយ
នាងគឺជានាង នាងនឹងមិនផ្លាស់ប្តូរខ្លួនឯងដើម្បីអ្នកឡើយ

៣. ប្រយ័ត្នប្រយែងខ្លួនជានិច្ច

ដ្បិតតែនាងស្រលាញ់អ្នក ឬមានទំនាក់ទំនងជាមួយអ្នក ក៏មិនមែនបានន័យថាអ្នកចិត្ត ឬបង្ហាញប្រាប់អាថ៌កំបាំងខ្លួនឯងប្រាប់អ្នកទាំងអស់ដែរ គឺនាងនៅតែមានការប្រុងប្រយ័ត្ន និងមានចិត្តបង្ការជានិច្ច ដែលវាមិនមែនបានន័យថានាងមិនទុកចិត្តអ្នកឡើយ  តែនេះជាវិធីបង្ការ និងការពារខ្លួនរបស់នាងមិនឱ្យផ្តេកផ្តួល ឬឈឺចាប់ដោយសារតែនរណាម្នាក់ប៉ុណ្ណោះ។ ដូច្នេះក្នុងស្ថានភាពដែលនាងប្រុងប្រយ័ត្នខ្លួនជានិច្ច​អ្នកស្រាប់តែលេចចេញចរិតពិត ជាមនុស្សមិនល្អពេញលក្ខណៈ ធ្វើចិត្តបាបនាង ធ្វើឱ្យនាងឈឺចាប់  ឬអ្នកកុហកបោកប្រាស់ ផិតក្បត់នាងនោះ គឺនាងនឹងសុំបែក ហើយដើរចេញពីអ្នកដោយមិនស្តាយក្រោយឡើយ។   

៤. និយាយត្រង់ៗមិនចេះលាក់អារម្មណ៍

មនុស្សស្រីរឹងមាំបែបនេះ នាងមិនចេះសម្តែង  ឬធ្វើឱ្យខ្លួនឯងគិតច្រើន សង្ស័យផ្តេសផ្តាសនោះទេ ប្រសិនបើនាងរកឃើញអ្នកចាប់ផ្តើមប្លែក ប្រែប្រួល ឬមានភាពមិនប្រក្រតី នាងនឹងសួរអ្នកត្រង់ៗ ថាមានរឿងអ្វី មានអ្វីកើតឡើង  អ្នកយ៉ាងម៉េចទៅហើយ និយាយរួមនាងជាមនុស្សចូលចិត្តនិយាយត្រង់ៗ។  ដូច្នេះកុំព្យាយាមលាក់លៀមនាង  កុហកនាង  ឬចង់គេចវេសអី  នាងចូលចិត្តត្រង់ៗ ច្បាស់លាស់ បែកថាបែក  ស្រលាញ់ថាស្រលាញ់ ស្អប់ថាស្អប់  ហើយអ្វីដែលនាងគិតនាងនឹងនិយាយ  នាងនឹងមិនចេះទុកមុខឱ្យនរណាឡើយ។

៥. មិនចូលចិត្តឱ្យគេគ្រប់គ្រង

មនុស្សស្រីរឹងមាំ អាចធ្វើអ្វីគ្រប់យ៉ាងបានដោយខ្លួនឯង នាងមិនចាំបាច់ពឹងផ្អែក  ឬត្រូវការអ្នកនៅជាមួយនាងគ្រប់ពេលនោះទេ ពិសេសនាងមិនដែលចង់បានរបស់អ្វីពីអ្នកដើម្បីផ្គាប់ផ្គន់នាងឡើយ ព្រោះនាងជានារីខ្លាំង រឹងមាំ និងមានសមត្ថភាពអាចរកអ្វីដោយខ្លួនឯងបាន។ ដោយសារតែភាពខ្លាំងបែបនេះ ស្ទើរតែរឿងគ្រប់យ៉ាងនាងអាចចាត់ការដោយខ្លួនឯង នាងមិនត្រូវការអ្នកការពារ  ឬផ្តល់ជំនួយនាងពីក្រោយដែរ ដោយជួនកាលសមត្ថភាពនាង អាចនឹងខ្លាំងពូកែរហូតធ្វើឱ្យអ្នកភ្ញាក់ផ្អើលទៀតក៏ថាបាន។

ម្យ៉ាងវិញទៀត ដោយសារតែនាងជាមនុស្សឯករាជ្យអាចធ្វើរឿងផ្សេងៗដោយខ្លួនឯងបែបនេះ នាងក៏ជាមនុស្សស្រលាញ់សេរីភាព មិនចូលចិត្តអ្នកដាក់គំនាប ហួងហែង ឬចង់គ្រប់គ្រងត្រួតត្រាលើជីវិតនាងដែរ ។

នាងមិនចូលចិត្តឱ្យគេគ្រប់គ្រង និងបិទសិទ្ធសេរីភាព
នាងមិនចូលចិត្តឱ្យគេគ្រប់គ្រង និងបិទសិទ្ធសេរីភាព

៦. ហ៊ានទទួលស្គាល់កំហុស

ទោះនាងជានារីខ្លាំង និងមានសមត្ថភាព ថែមទាំងនិយាយចំៗមិនចេះទុកមុខឱ្យនរណា តែនាងក៏មិនមានអំនួតលើខ្លួនឯងខ្លាំងជ្រុលពេកនោះដែរ ហ៊ានស៊ីគឺហ៊ានសង ប្រសិនជានាងធ្វើខុសអ្វីមួយនាងក៏ហ៊ានទទួលស្គាល់ការពិត និងព្រមទទួលកំហុសដូចគ្នា។

៧. ពិបាកស្និទ្ធស្នាល

ដោយសារតែនាងជានារីឯករាជ្យ និងមានការងារទំនួលខុសត្រូវច្រើន  នាងប្រហែលជាយកខួរក្បាលគិតលើការងារ និងភារកិច្ចច្រើន ដែលជាហេតុធ្វើឱ្យនាងមិនសូវចេះនិយាយស្តី  ឬលេងសើចច្រើន  ហើយរាល់ពាក្យដែលនាងនិយាយសុទ្ធតែពាក្យមានប្រយោជន៍ ឬពាក្យដែលទាក់ទងនាងការងារផ្សេងៗជាដើម។ 

យ៉ាងណាមិញ ប្រសិនជាចង់បង្កើតទំនាក់ទំនង ឬនិយាយលេងជិតស្និទ្ធជាមួយនឹងប្រហែលជាពិបាកបន្តិច តែអ្នកត្រូវតែព្យាយាមបន្តិច ដោយចាប់ផ្តើមនិយាយរឿងសាច់ការណាមានប្រយោជន៍ ឬរឿងដែលនាងចូលចិត្ត​​ ពេលនោះនាងក៏អាចនឹងកំពុងតែបើកចិត្ត ឬព្យាយាមបង្កើតភាពស្និទ្ធស្នាលនឹងអ្នកដូចគ្នា ដោយសារតែនាងយល់ពីតម្លៃនៃទំនាក់ទំនងស្នេហាមួយនេះ។

៨.មានមហិច្ឆតាខ្ពស់

ព្រោះតែនាងជានារីរឹងមាំ និងមានគោលដៅខ្ពស់  ជីវិតនាងតែងតែមានមហិច្ឆតាចង់សម្រេចកិច្ចការជាច្រើនឥតឈប់ឈរនៅក្នុងជីវិត ដោយស ពេលខ្លះមហិច្ឆតា និងការចង់បានរបស់នាងពិតជាខ្ពស់ខ្លាំងណាស់  រហូតធ្វើឱ្យអ្នកខ្លាចរអារ  ដោយសារចរិតមានះចង់ឈ្នះ និងចង់សម្រេចគោលដៅរបស់នាង។ 

សកម្មភាពបែបនេះ អ្នកអាចយល់ថានាងជាមនុស្សឆ្កួតនាងការងារ ជាមនុស្សសោះកក្រោះ និងអាចធ្វើឱ្យជះឥទ្ធិពលមិនល្អដល់អ្នកដែលនៅក្បែរនាងផងដែរ។  ដូច្នេះសូមរៀនធ្វើចិត្តឱ្យហើយ អ្នកប្រហែលជាអាចទទួលរងនូវអារម្មណ៍មួរម៉ៅខឹងសម្បារ ឬជាកន្លែងជះកំហឹងរបស់នាងរាល់ពេលនាងតានតឹង និងងប់នឹងការងារខ្លាំងពេក  តែបើអ្នកស្រលាញ់នាងពិត  អ្នក ត្រូវតែទទួលយកចំណុចមួយនេះឱ្យបានទើបរស់នៅចុះសម្រុងនឹងគ្នា៕

នាងជានរីមានមហិច្ឆតាខ្ពស់
នាងជានរីមានមហិច្ឆតាខ្ពស់
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T