ចិញ្ចឹមកូនៗឱ្យមានជីវិតរីករាយ ទាំង១០ចំណុចនេះតាំងពីតូចៗ នឹងជួយឱ្យពួកគេមានភាពជោគជ័យនៅថ្ងៃអនាគត

//s9.kh1.co/8a/8a78b42f9f4fffcd2a77b22a42d8fac66d02d422.jpg
យល់ដឹង

 ១២-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ការចិញ្ចឹមកូនឱ្យតែមានជីវិតរីករាយ នឹងធ្វើឱ្យជីវិតកូនៗជោគជ័យនៅថ្ងៃអនាគត

ការចិញ្ចឹមកូនឱ្យស្ថិតនៅក្នុងស្ថានភាពរីករាយ និងមានក្តីសុខ អាចជួយធ្វើឱ្យជីវិតកូនៗរបស់អ្នកមានគុណភាពល្អ និងពង្រឹងផែនការសម្រាប់ថ្ងៃអនាគតពេលធំឡើងផងដែរ។ តែមិនមែនម្តាយឪពុកទាំងអស់ដឹងពីវិធីនៃការចិញ្ចឹមកូនឱ្យបានល្អ និងមានភាពរីករាយនោះទេ ហើយភាពរីករាយក៏មិនមែនផ្តល់ឱ្យកូនគ្រប់ពេលរហូតធ្វើឱ្យកូនទំរើស​ និងមានអារម្មណ៍ស្រណុកស្រួលបានចិត្តនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះមកតាមដាន វិធីចិញ្ចឹមកូនៗតូចទាំង១០ចំណុច ដែលធ្វើឱ្យជីវិតកូនៗមានតែសេចក្តីសុខ និងជួយឱ្យពួកគេមានភាពជោគជ័យនៅថ្ងៃអនាគត ៖

១. ឱ្យកូនលេងនៅខាងក្រៅឱ្យបានច្រើន

កុំមើលស្រាលការដើរចេញទៅក្រៅលេងជាមួយធម្មជាតិ ​វាលស្មៅ​ ទោងយោល និងកន្លែងកម្សាន្តសាធារណៈឱ្យសោះ ការឱ្យកូនៗចេញក្រៅជួបបរិយាកាសថ្មីប្លែក​ និងបែបធម្មជាតិនឹងធ្វើឱ្យកូនៗរបស់អ្នកមានអារម្មណ៍រីករាយ ស្រស់ស្រាយ បញ្ហាវាងវៃ​ និងធ្វើឱ្យខួរក្បាលកាន់តែដំណើរការល្អ។

អ្នកអាចឱ្យកូនៗធ្វើកិច្ចការផ្ទះ ​អានសៀវភៅ ជិះកង់លេង​ លេងកីឡា និងលេងជាមួយក្មេងៗដទៃទៀតនៅខាងក្រៅ ដែលនេះមិនត្រឹមតែធ្វើឱ្យកូនៗអ្នកមានអារម្មណ៍ល្អ តែវាក៏ជាផ្នែកមួយធ្វើឱ្យក្មេងៗចេះរាប់អានមនុស្ស និងដឹងពីសង្គមកាន់តែច្រើន ដែលការរៀនបែបនេះល្អជាងការរៀននៅសាលារាប់រយដង។

២. ចេះកំណត់ពេលវេលាលើអាក្រង់ឧបករណ៍បច្ចេកវិទ្យា

ក្មេងសម័យនេះជាសម័យបច្ចេកវិទ្យាជឿនលឿន ហើយក្មេងៗពេលនេះធំមិនទាន់ចេះលេងហ្គេម កាន់ទូរស័ព្ទ​ និងឧបករណ៍ទំនើបៗបាត់ទៅហើយ ដូច្នេះហើយអ្នកត្រូវតែកំណត់ពេលវេលាលេងឱ្យកូនៗរបស់អ្នកឱ្យបានច្បាស់លាស់ និងបែងចែកពេលរៀន លេងកីឡា​ ធ្វើកិច្ចការផ្ទះខ្លះ ព្រោះការលេងឧបករណ៍អេឡិចត្រូនិចដូចជា ទូរស័ព្ទ និងកំព្យូរទ័រអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ​ និងសុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

អ្នកអាចកំណត់ពេលលេងខ្លះ ហើយត្រូវឱ្យកូនៗចំណាយពេលធ្វើសកម្មភាពជាមួយអ្នកដោយផ្ទាល់វិញជាលក្ខណៈគ្រួសារខ្ លះដូចជាជិះឡានដើរកម្សាន្ត ដើរលេង ​ទៅទទួលទានអាហារឆ្ងាញ់ៗ ព្រោះការកម្សាន្តខាងក្រៅវាផ្តល់ភាពរីករាយជាងការរស់នៅជាមួយឧបករណ៍ទំនើប។

គ្រប់គ្រងពេលវេលាដែលកូនៗលេងបច្ចេកវិទ្យា
គ្រប់គ្រងពេលវេលាដែលកូនៗលេងបច្ចេកវិទ្យា

៣. បង្កើតទម្លាប់ឱ្យកូនចេះអរគុណ​ និងមានអារម្មណ៍ដឹងគុណ

អ្នកត្រូវបង្រៀនកូន ឱ្យចេះនិយាយពាក្យអរគុណ​ និងមានចិត្តត្រេកអរក្រោយទទួលបានជំនួយ ឬទទួលបានអ្វីពីអ្នកដទៃ ពិសេសគឺបង្រៀនកូនៗឱ្យចេះមានអារម្មណ៍ចងចាំ​ និងដឹងគុណអ្នកដែលល្អចំពោះខ្លួន ត្រូវបង្រៀនកូនឱ្យមានអារម្មណ៍នេះដោយចិត្តស្មោះ​ មិនមែនជាការបង្ខំចិត្តទទួលការដឹងគុណនោះទេ។

អ្នកអាចបង្រៀនកូនឱ្យចេះរីករាយរាប់តាំងពីរឿងតូចតាចទៅ និងមានចិត្តដឹងគុណតាំងពីរឿងតូចៗនោះកូនអ្នកនឹងដក់ជាប់អារម្មណ៍ល្អៗ និងរីករាយទាំងនេះរហូតដល់ពេលធំឡើងហើយក្លាយជាមនុស្សល្អទៀត។

៤. ផ្តល់ការរំពឹងខ្ពស់ តែមិនមែនឥតខ្ចោះ

អ្នកត្រូវតែចេះបង្រៀនកូនអ្នកឱ្យសិក្សា និងរៀនចេះពីអ្វីដែលថ្មីៗពិបាកៗ វានឹងធ្វើឱ្យអារម្មណ៍កូនៗរបស់អ្នកហាក់មានភាពប្លែក និងមានភាពរីករាយជាមួយរបស់ថ្មីៗមិនមែនរបស់លេងដដែលៗ។ នៅក្នុងនោះអ្នកក៏ត្រូវបង្រៀនឱ្យកូនចង់ចេះ ចង់ដឹង និងចង់ឈ្នះដោយជម្នះលើចិត្តខ្លួនឯងដោយដាក់ការរំពឹងទុក និងមានវិន័យឱ្យបានខ្ពស់​ ពិសេសគឺការដាក់កំណត់ទៅលើការរៀនសូត្រឱ្យកូនចេះអភិវឌ្ឍន៍ខ្លួនឯង និងខំប្រឹងប្រែងឱ្យពូកែ ​តែមិនមែនត្រូវតែដាក់កំហិតឱ្យល្អឥតខ្ចោះពេកទេ។

ការដាក់កំហិតខ្លាំងពេកទៅលើកូនៗ ឱ្យត្រូវតែល្អពូកែគ្រប់មុខ វាមានបានក្លាយជាសម្ពាធធ្វើឱ្យកូនៗមិនសប្បាយចិត្ត បោះបង់គោលដៅ និងមានបញ្ហាផ្លូវចិត្តបាន។

ផ្តល់ការំពឹងខ្ពស់ តែកុំឥតខ្ចោះពេក
ផ្តល់ការំពឹងខ្ពស់ តែកុំឥតខ្ចោះពេក

៥. បង្រៀនកូនឱ្យចេះគ្រប់គ្រង និងវិន័យលើខ្លួនឯង

អ្នកត្រូវតែបង្រៀនកូនៗឱ្យចេះគ្រប់គ្រងលើខ្លួនឯង និងមានវិន័យសម្រាប់ជីវិតខ្លួនឯង ​មិនត្រូវបណ្តោយកូនឱ្យធ្វើតាមចិត្តខ្លួនរហូតនោះទេ ដោយអ្នកត្រូវបង្រៀនកូនឱ្យចេះដឹងម៉ោងដឹងពេល ពេលណារៀន ពេលណាលេង ពេលណាត្រូវសម្រាក និងពេលណាត្រូវចូលគេងដោយខ្លួនឯងដោយមិនបាច់ចាំបញ្ជាក់ប្រាប់ក្រើនរម្លឹកច្រើននោះទេ។

ក្រៅពីការគ្រប់គ្រងដាក់វិន័យផ្ទាល់ខ្លួននៅក្នុងកិច្ចការប្រចាំថ្ងៃ អ្នកត្រូវបង្រៀនកូនៗឱ្យចេះអត់ធ្មត់ ចេះទប់កំហឹង និងមិនត្រូវមានចរិតមានះ ឬចង់ឈ្នះដោយរៀនធ្វើរឿងមិនល្អឡើយ។

៦. រៀនធ្វើអ្វីដោយខ្លួនឯង

ក្មេងៗបើអ្នកមិនបង្រៀនឱ្យចេះមានទម្លាប់រៀបចំ និងចាត់ចែងការងារគ្រប់យ៉ាងដោយខ្លួនឯងទេ ក្មេងនឹងមានចរិតខ្ជិលច្រអូស មិនចង់ធ្វើអ្វីសោះ និងចាំតែពឹងផ្អែកទៅលើអ្នកដទៃជាមិនខាន។ ដូច្នេះអ្នកត្រូវបង្រៀនកូនៗឱ្យចេះធ្វើអ្វីដោយខ្លួនឯង តាំងពីមានវ័យតូចៗចាប់ពីអាយុ ៣ ទៅ៤ឆ្នាំទៅ ដោយឱ្យគេចេះរៀនចូលបន្ទប់ទឹក ចេះរៀបចំបន្ទប់គេង និងចេះរៀបចំការស្លៀកពាក់ដោយខ្លួនឯង ពិសេសបង្រៀនឱ្យកូនចេះជួយកិច្ចការងារផ្ទះខ្លះៗ។

ការដែលឱ្យកូនៗចេះធ្វើអ្វីដោយខ្លួនឯង និងមានការលំបាកខ្លះ គឺជាការលត់ដំខ្លួនឯងមួយធ្វើឱ្យកូនរបស់អ្នកចេះយល់ដឹងពីទុក្ខលំបាក ចេះអត់ធ្មត់ ចេះពុះពារស៊ូទ្រាំ និងចេះទទួលខុសត្រូវនៅលើជីវិតខ្លួនឯង ពិសេសធ្វើឱ្យខ្លួនឯងកាន់តែរឹងមាំអាចប្រឈមមុខនឹងឧបសគ្គនាពេលខាងមុខ។    

ឱ្យកូនចេះធ្វើអ្វីដោយខ្លួនឯង
ឱ្យកូនចេះធ្វើអ្វីដោយខ្លួនឯង

៧. ញ៉ាំអាហារជុំគ្នា

ការទទួលទានអាហារជួបជុំគ្រួសារ គឺជាបរិយាកាសដ៏កក់ក្តៅមួយ បើទោះមានកិច្ចការងាររវល់យ៉ាងណាក៏ដោយ យ៉ាងហោចក៏រកអាហារមួយពេលជុំគ្នាដែរ​​ជាពិសេសគឺអាហារពេលល្ងាច។ ការទទួលទានជួបជុំគ្រួសារ  ធ្វើឱ្យកូនៗមានអារម្មណ៍រីករាយ កក់ក្តៅស្និទ្ធស្នាល និងមានទំនាក់ទំនងកាន់តែល្អជាមួយគ្រួសារថែមមួយកម្រិតទៀត។

ក្រៅពីនោះការទទួលទានជាមួយគ្រួសារក៏ធ្វើឱ្យស្មារតីក្មេងប្រសើរឡើង និងមានសុខភាពល្អ ព្រោះតែការទទួលទានអាហារគ្រប់គ្រាន់ អាហារល្អៗ និងទៀងពេលវេលា។

៨. ចៀសវាងការតឹងរ៉ឹងខ្លាំងពេកចំពោះកូន

អ្នកអាចបង្រៀនកូនៗឱ្យចេះរៀនសន្សំសំចៃ ​តែមិនមែនគំរិះ និងតឹងរ៉ឹងចំពោះកូនៗពេកនោះទេ អ្នកអាចទិញកាដូ រង្វាន់ និងរបស់ខ្លះលើកទឹកចិត្តកូនឱ្យកូនសប្បាយចិត្ត និងមានកម្លាំងចិត្តនៅថ្ងៃពិសេសណាមួយ។

បន្ថែមពីនោះដើម្បីឱ្យកូនយល់ដឹងពីការលះបង់ និងតម្លៃការងារ អ្នកអាចដាក់សំណើរឱ្យកូនសម្រេចការងារអ្វីមួយប្តូរនឹងការផ្តល់រង្វាន់ ឬពេលកូនទារចង់បានរបស់អ្វីមួយអ្នកត្រូវដាក់លក្ខខណ្ឌឱ្យកូនរបស់អ្នកសម្រេចកិច្ចការអ្វីមួយទើបផ្តល់របស់នោះតាមត្រួវការ ​ពេលនោះកូនរបស់អ្នកនឹងរីករាយធ្វើតាមសំណើរបស់អ្នក ថែមទាំងមានអារម្មណ័រីករាយយល់ថាខ្លួនពិតជាមានសមត្ថភាពអាចធ្វើអ្វីដោយខ្លួនឯងបាន។

កុំតឹងរ៉ឹងដាក់កូនខ្លាំងពេក
កុំតឹងរ៉ឹងដាក់កូនខ្លាំងពេក

៩. ហាត់ប្រាណជួបជុំគ្រួសារ

ការធ្វើលំហាត់ប្រាណគឺមានប្រយោជន៍ចំពោះសុខភាពខ្លាំងណាស់ តែវាក៏ជាសកម្មភាពល្អមួយដែលគួរតែធ្វើជាប្រចាំជាមួយនឹងកូនៗរបស់អ្នកដែរ ​មិនថាតែការចេញធ្វើលំហាត់ប្រាណនៅខាងក្រៅ ឬការហាត់ប្រាណនៅបរិវេណផ្ទះនោះឡើយ ។

ការហាត់ប្រាណជាមួយនឹងកូនៗ ​ធ្វើឱ្យកូនៗរបស់អ្នកមានទម្លាប់ធ្វើលំហាត់ប្រាណជួយដល់សុខភាព ជួយឱ្យកូនរីករាយ មានភាពស្និទ្ធស្នាល និងមានទំនាក់ទំនងល្អជាមួយគ្រួសារ​​ ពិសេសគឺជាការបង្កើតអនុស្សាវរីយ៍ល្អរវាងអ្នក និងកូនៗ ហើយឱ្យគ្រួសារកាន់តែមានសុភមង្គលទៀតផង។

១០. ចេះជួយអ្នកដទៃ

ចង់ឱ្យកូនក្លាយជាមនុស្សល្អ និងមានភាពជោគជ័យ ត្រូវតែឱ្យកូនៗចេះមានចិត្តជួយអ្នកដទៃ រីករាយនឹងក្តីសុខជាមួយនឹងទង្វើល្អរបស់ខ្លួនដែលជាសុភមង្គលផ្លូវចិត្តផង ថែមទាំងធ្វើឱ្យកូនៗអ្នកក្លាយជាមនុស្សចិត្តល្អថែមទៀត។

អ្នកអាចបង្រៀនឱ្យកូនៗចេះជួយអ្នកដទៃ ​ចេះយកអាសារអ្នកដទៃ ចេះអធ្យាស្រ័យ និងចេះជួយសង្គ្រោះអ្នកដទៃដោយចិត្តស្មោះ រាប់តាំងពីរឿងតូចៗទៅ។ ហើយអ្នកក៏អាចបង្រៀនកូនៗឱ្យចេះជួយ ឬចូលរួមកិច្ចការសង្គម និងការងារសប្បុរសណាមួយដែលអាចចូលរួមបាន ដែលទាំងអស់នេះហើយជាការបណ្តុះភាពល្អ និងភាពសប្បុរសដល់កូនៗរបស់អ្នកតាំងពីតូចៗទៅ៕

បង្រៀនឱ្យកូនៗចេះជួយអ្នកដទៃ
បង្រៀនឱ្យកូនៗចេះជួយអ្នកដទៃ
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T