មកស្គាល់សិល្បករល្បីៗ ដែលបន្សល់ស្នាដៃគំនូរដែលមានប្រជាប្រិយ និងបង្កប់អត្ថន័យអាថ៌កំបាំងខ្លាំងរហូតដល់សព្វថ្ងៃ

//s9.kh1.co/20/20b352919a909bb358e4f29deebe2a3e0381b260.jpg
យល់ដឹង

 ១១-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

សិល្បករទាំងនេះស្នាដៃគំនូរភាគច្រើនមានភាពប្លែកខុសពីគេឯង​ ពិសេសបង្កប់អាថ៌កំបាំងរកគិតមិនយល់

សិល្បៈ គឺជាការបង្កើតថ្មី ដែលមានលក្ខណៈប្លែក និងមានភាពច្នៃប្រតិដ្ឋខ្ពស់ ដើម្បីទាមទារចំណាប់អារម្មណ៍មនុស្សជុំវិញ សូម្បីតែរូបគំនូរក៏ជាសិល្បៈមួយដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ និងជះឥទ្ធិពលដល់ទំនោរផ្លូវចិត្តអ្នកដែលទស្សនាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះសិល្បករគំនូរ ​ឬវិចិត្រករ​ជាច្រើនរូបតាំងពីសម័យមុន ត្រូវបានគេឱ្យឈ្មោះថាជាសិល្បករពិសេសអស្ចារ្យ ព្រោះតែការបង្កើតសិល្បៈថ្មីប្លែកខុសពីគេឯង ដែលយើងអាចនិយាយថាមកទល់បច្ចុប្បន្ននេះស្នាដៃខ្លះមិនទាន់មានវិចិត្រករណាធ្វើបានដូចឡើយ។

ដូច្នេះថ្ងៃនេះយើងខ្ញុំសូមបង្ហាញជូនសិល្បករគំនូរទាំង១០រូប ដែលជាប់ឈ្មោះថាជាសិល្បករល្បីល្បាញខ្លាំងជាមួយស្នាដៃពិសេស និងបង្កប់អាថ៌កំបាំងខ្ពស់ដូចខាងក្រោម​ ៖

១. Leonardo da Vinci

ជាច្រើនឆ្នាំកន្លងផុតទៅហើយ តែ លោក Leonardo da Vinci នៅតែជាប់ឈ្មោះថាជាសិល្បករ និងវិចិត្រករដ៏ល្បីល្បាញតាំងពីសម័យ Renaissance  រហូតមកទល់បច្ចុប្បន្ន ដែលក្រៅពីមានឈ្មោះជាវិចិត្រករ លោកក៏មានការងារជាជាងគ្រឿងបង្គុំ និងជាអ្នកវិទ្យាសាស្រ្តទៀតផង ។

លោក Leonardo da Vinci
លោក Leonardo da Vinci

លោកគឺជាវិចិត្រករម្ចាស់ស្នាដៃគំនូរ​ ម៉ូណាលីសា ដ៏ល្បី រួមទាំងស្នាដៃគំនូរដ៏លេចធ្លោជាច្រើនទៀតដូចជា The Lady with an Ermine និង Last Supper ដែលភាគច្រើនស្នាដៃរបស់លោកសុទ្ធតែបង្កប់នូវអាថ៌កំបាំង រហូតដល់សព្វថ្ងៃមិនទាន់មាននរណាអាចយល់ច្បាស់នូវអត្ថន័យពិតរបស់គំនូររបស់លោកនៅឡើយទេ។

https://s9.kh1.co/__image/w=650,h=367,q=100/36/3606a69220e7fa817299853a7b36b19577653ac9.jpg

២. Michelangelo

លោក Michelangelo មិនត្រឹមតែជាសិល្បករខាងគំនូរដ៏ល្បីល្បាញនោះទេ តែលោកក៏ជាអ្នកនិពន្ធកំណាព្យ និងជាជាងចម្លាក់ទៀតផង។  

ក្រៅពីមានស្នាដៃក្នុងការគូរគំនូរនៅក្នុងព្រះវិហារ Sistine Chapel ដ៏ល្បីល្បាញ លោកក៏បានបង្កើតរូបចម្លាក់ Rome’s St. Peter's Basilica, David និង Pieta ដែលជាការរចនាសម្រាប់បណ្ណាល័យ Laurentian របស់វិហារសាសនាកាតូលិក (San Lorenzo’s Church Laurentian Library) នៅក្នុងទីក្រុង San Lorenzo និង បានបង្កើតរូបចម្លាក់ Moses នៅក្នុងផ្នូររបស់សម្តេចប៉ាន Pope Julian II ដែលគេស្គាល់ថាជារូបចម្លាក់ដ៏ល្អអស្ចារ្យផងដែរ។

តែយ៉ាងណាក៏ដោយ ស្នាដៃរបស់លោកទាំងអស់ទើបតែត្រូវបានគេចាប់អារម្មណ៍​ និងវាយតម្លៃថាល្អពិសេស ក្រោយពីព្រះវិហារ Sistine Chapel បានសាងសង់រួចរាល់២០ឆ្នាំក្រោយប៉ុណ្ណោះ។

គំនូរលោក Michelangelo
គំនូរលោក Michelangelo

៣. Vincent van Gogh

លោក​ Vincent van Gogh គឺជាវិចិត្រជនជាតិហូឡង់ដ៏ល្បីមួយរូប ដោយក្រោយខ្នងភាពល្បីល្បាញរបស់លោក លោកគឺជាមនុស្សដែលមានបញ្ហាផ្លូវចិត្តមួយរូប ថែមទាំងបានកាត់ត្រចៀកខ្លួនឯងមួយចំហៀងទៀតផង តែរូបគំនូរបស់លោកវិញ បែរជាមើលទៅស្រស់ស្អាតទាក់ទាញចិត្តមែនទែន។

ស្នាដៃនៃការគូរគំនូរស្ទាយ៍ផ្ទាល់ខ្លួនរបស់លោក ដោយប្រើជក់ដាក់ពណ៌ដិតៗបង្កើតជាគំនូរដែលភ្លឺចែងចាំង គឺជាគំនិតដែលបានបន្សល់ទុកឱ្យវិចិត្រករជំនាន់ក្រោយតែងតែយកគំរូតាម។

ដោយស្នាដៃគំនូរល្បីៗរបស់លោកមានដូចជា Cafe Terrace, Night and Sunflowers, និង Starry Night សុទ្ធតែត្រូវបានគេលាន់មាត់សរសើរថាប្លែក​ និងស្រស់ស្អាតអស្ចារ្យគ្រប់ៗគ្នា។

គំនូរ លោក​ Vincent van Gogh
គំនូរ លោក​ Vincent van Gogh

៤. Pablo Picasso

លោក​ Pablo Picasso​ គឺជាជាងគំនូរសម័យទំនើបជនជាតិអេស្ប៉ាញ ដែលមានស្នាដៃគំនូរល្បីៗជាច្រើន ​ជាពិសេសគឺស្នាដៃគំនូរបង្កើតថ្មីមានឈ្មោះថាគំនូរ"គូប" ដែលត្រូវរាប់ចូលថាជាស្នាដៃសិល្បៈបែបប្រវត្តិសាស្រ្តបង្កើតថ្មី។

ស្នាដៃគំនូរសិល្បៈបុរាណ ត្រូវបានផ្លាស់ប្តូរតាមរយៈការណែនាំអំពីគំនិតបង្កើតថ្មីរបស់លោក ដោយការរួមបញ្ចូលគំនូរបែបគូបនេះ ជាសិល្បៈច្នៃប្រតិដ្ឋបែបថ្មី ហើយក្លាយជាការបំផុសគំនិត និងទាក់ទាញចំណាប់អារម្មណ៍ចំពោះសិល្បករមួយចំនួននៃសតវត្សរ៍ទី ២០ រហូតដល់សព្វថ្ងៃ ។

គំនូរ លោក​ Pablo Picasso​
គំនូរ លោក​ Pablo Picasso​

៥. Rembrandt

នៅក្នុងប្រវត្តិសាស្រ្ត លោក Rembrandt​ ត្រូវបានគេបញ្ចូលឈ្មោះ ក្នុងបញ្ជីរបស់វិចិត្រករល្បីៗរបស់ពិភពលោក ដោយរាល់ស្នាដៃរបស់លោកតែងតែត្រូវគេលាន់មាត់កោតសរសើរយ៉ាងខ្លាំង ។

រាល់រូបគំនូររបស់លោក Rembrandt ត្រូវបានគេដឹងថាមានលក្ខណៈពិសេសខ្លាំង ដោយរូបនីមួយៗសុទ្ធតែមានភាពរស់រវើកដូចជារូបពិតៗ បង្កប់នូវអារម្មណ៍ពិតតាមការបង្ហាញលើទឹកមុខ ដោយនេះជាស្នាដៃដ៏ប៉ិនប្រសព្វមួយរបស់លោកនៅក្នុងការបង្ហាញលើទឹកមុខលើគំនូរ និងការបង្កើតពន្លឺលើរូបគំនូរ។

នៅក្នុងនោះ​រូបគំនូរ Doctors Nicolaes Tulp’s Demonstration of the Anatomy of the Arm និង The Night Watch គឺជាស្នាដៃដ៏ល្បីល្បាញបំផុតរបស់លោកផ្ទាល់។

គំនូរលោក Rembrandt​
គំនូរលោក Rembrandt​

៦. Claude Monet

លោក Claude Monet គឺជាជាងគំនូរជនជាតិបារាំង ដ៏ល្បីល្បាញមួយរូប ដោយភាគច្រើនផ្ទាំងគំនូររបស់លោកបង្ហាញពីទេសភាព រដូវកាល និងរូបភាពជាមួយរូបអំពូលភ្លើង ដែលរាល់គំនូរដែលលោកបង្កើតឡើងហាក់មានការច្នៃប្រតិដ្ឋខ្លាំងទៅលើការប្រើពន្លឺ​ ដែលជាសិល្បៈផ្ទាល់ខ្លួនរបស់លោក។

គំនូរលោក Claude Monet
គំនូរលោក Claude Monet

នៅក្នុងនោះរូបគំនូរ​​ Impression Sunrise, Women in Garden, និង Waterlilies ត្រូវបានគេទទួលស្គាល់ថា គឺជារូបគំនូរដែលមានភាពល្បីល្បាញខ្លាំងបំផុតរបស់លោក Claude Monet ។

គំនូរលោក Claude Monet
គំនូរលោក Claude Monet

៧. Salvador Dali

លោក Salvador Dali មិនត្រឹមតែល្បីល្បាញដោយសារតែបុគ្គលិកលក្ខណៈដ៏ចម្លែក និងពុកមាត់ដ៏ចម្លែករបស់លោកនោះឡើយ តែលោកក៏ត្រូវបានគេទទួលស្គាល់ថាជាវិចិត្រករដែលមានស្នាដៃគំនូរដ៏ចម្លែកអស្ចារ្យផងដែរក្នុងចំណោមសិល្បករដទៃទៀត។

គំនូរលោក Salvador Dali
គំនូរលោក Salvador Dali

បើនិយាយពីឈ្មោះរបស់លោក មនុស្សជាច្រើនដែលគាំទ្រស្នាដៃគំនូរប្រាកដជានឹកឃើញដល់គំនូរមួយផ្ទាំងដែល មើលទៅដូចជារូបគំនូរកំពុងតែរលាយ និងនាឡិកាដែលកំពុងតែរលាយដូចជាក្រមួនត្រូវថ្ងៃជាមិនខាន ទោះជាសិល្បៈដែលចម្លែកតែមើលទៅវាប្លែក និងស្រស់ស្អាតម្យ៉ាងដែរ។

គំនូរលោក Salvador Dali
គំនូរលោក Salvador Dali

៨. Edvard Munch

រូបគំនូរ​ The Scream  របស់លោក Edvard Munch នៅតែទទួលបានភាពល្បីល្បាញ​ និងបង្កប់នូវទំនោរនិយមអាថ៌កំបាំងខ្ពស់នៅឡើយរហូតសព្វថ្ងៃ ដោយរូបគំនូរនេះ ហាក់បង្ហាញពីភាពភ័យខ្លាចផង ​និងកំហឹងផង ដែលអ្នកខ្លះថែមទាំងដាក់ឈ្មោះឱ្យគំនូរនេះថា ជា រូបគំនូរបង្ហាញពីបញ្ហាផ្លូវចិត្តរបស់ម៉ូណាលីសា ទៀតផង។

រូបគំនូរ​ The Scream  របស់លោក Edvard Munch 
រូបគំនូរ​ The Scream របស់លោក Edvard Munch 

៩. Jan Vermeer

Jan Vermeer ​​គឺជាជាងគំនូរជនជាតិហូឡង់ដែលមានជាប់ឈ្មោះជាវិចិត្រករដ៏ល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្តព្រោះតែស្នាដៃថ្មីប្លែករបស់លោកតែម្តង។

ភាគច្រើនគំនូររបស់លោកសុទ្ធតែមានសភាពរស់រវើក និងបង្ហាញពីសម្រស់ស្រស់ស្អាតមិនធម្មតាហាក់បីដូចជារូបមនុស្សពិតៗ។ នៅក្នុងនោះក៏មានអ្នកប្រៀបប្រដូចរូបគំនូររបស់លោកថា វាមិនមែនជារូបគំនូរឡើយ ​តែវាប្រៀបបីដូចជារូបមនុស្សដែលផ្តិតដោយកាមេរ៉ាស៊េរីទាបទៅវិញ ដែលឆ្លុះបង្ហាញឱ្យឃើញថារូបគំនូររបស់លោកដូចជារូបថតមនុស្សធម្មជាតិពិតៗ។

គំនូរលោក Jan Vermeer
គំនូរលោក Jan Vermeer

១០. Frida Kahlo

Frida Kahlo​​​ គឺជាវិចិត្រករស្រីជនជាតិម៉ិកស៊ីក ដែលមានស្នាដៃល្បីល្បាញខ្លាំង ហើយរូបគំនូររបស់នាងសុទ្ធតែបង្ហាញពីនិមិត្តរូបចលនាស្ត្រីនិយម។ ដោយរូបគំនូររបស់នាង មានសភាពរស់រវើកដូចជារូបគំនូរពិត ដែលបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅ។​​

គំនូរនាង Frida Kahlo
គំនូរនាង Frida Kahlo

​ អ្វីដែលពិសេសអស្ចារ្យ នាងថែមទាំងអាចគូររូបខ្លួនឯងជាមួយអារម្មណ៍បង្កប់ជាច្រើនដែលបង្ហាញពីការឈឺចាប់លើរាងកាយ ការប៉ះពាល់សុខភាពផ្លូវចិត្ត​ និងអារម្មណ៍រងគ្រោះជាដើម៕

គំនូរនាង Frida Kahlo
គំនូរនាង Frida Kahlo
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T