មនុស្សជាច្រើន ក្លាយជាជនរងគ្រោះនៃការញៀន ដូចជាញៀនអាភៀន ល្បែង ស្រា និង ស្រី។ ប៉ុន្ដែមានមនុស្សតិចណាស់ ដែលអាចដកខ្លួនចេញពីការញៀន ។ សេដ្ឋីចិនឈ្មោះ Zhang គឺជាឧទាហរណ៍ដ៏ល្អមួយសម្រាប់អ្នកញៀនផ្សេងៗ។ គាត់អាចដកខ្លួន ពីការញៀនល្បែងបាន ដោយចាប់យកការងារចម្លែកមួយសម្រាប់ ឋានៈសេដ្ឋី គឺការងារជីករ៉ែ។

Zhang ជាម្ចាស់ផ្សារទំនើបពីកន្លែង និង មានផ្ទះជាច្រើនកន្លែងនៅប្រទេសចិន ។ ដោយសារមានលុយច្រើន អផ្សុក ក៏សាកលេងល្បែង ហើយក៏ញៀន មិនអាចដកខ្លួនបាន យប់ខ្លះគាត់ចាញ់ដល់ទៅរាប់ម៉ឺនដុល្លារ។ មានយប់មួយក្នុងឆ្នាំ ២០០៨ គាត់ចាញ់ល្បែងយ៉ាងច្រើន ធ្វើឲ្យគាត់គិតថាបើគាត់នៅតែញៀនបែបនេះ ទោះលុយប៉ុន្មានក៏មិនសល់ដែរ។ គាត់ក៏សម្រេចចិត្តយកពេល ទំនេរទៅជីករ៉ែដើម្បីឲ្យចិត្ដគាត់ស្ងប់ពីល្បែង គាត់ក៏ចូលចិត្តការងារនេះ ណាស់ហើយ ក៏សម្រេចចិត្តជីករ៉ែជាអាជីព ទុកឲ្យប្រពន្ធ និង ឳពុកម្ដាយគាត់ ជួយគ្រប់គ្រងផ្សារ ទំនើបរបស់គាត់ពេលគាត់ទៅជីករ៉ែ។

ទ្វីត្បិតគាត់ជាសេដ្ឋីនៅចិន គាត់ចូលជីករ៉ែជាមួយ កម្មករក្រីក្រផ្សេងៗ មិនរើសអើង ហើយក៏មិនដែលប្រាប់គេថាគាត់ជាសេដ្ឋី។ គាត់ធ្វើការយ៉ាងសកម្មនឹង ទទួលបានប្រជាប្រិយភាពក្នុងចំណោមកម្មករជីករ៉ែ។ អ្នកដែលជីករ៉ែជាមួយគាត់ មិនដឹងថាគាត់ជាសេដ្ឋីទេ ដល់ពេលព័ត៌មាននិយាយពីគាត់ ម្នាក់ៗភ្ញាក់ផ្អើល និង គោរពគាត់កាន់តែខ្លាំង។ លោក Zhang បានក្លាយជាវីរបុរសប្រចាំទីក្រុងជីករ៉ែ ដោយសារតែប្រវត្តិរបស់គាត់។

ខ្មែរឡូតគិតថាការញៀនគឺជាផ្នែកមួយនៃជីវិតរបស់មនុស្ស ប៉ុន្ដែបើញៀននឹងអ្វីដែលអវិជ្ជមាន នឹងនាំមកនូវទុក្ខ។ នៅស្រុកខ្មែរក៏មានអ្នកមានដែលញៀនល្បែងច្រើនដែរ គេទាំងអស់គួរយកតម្រាប់តាមលោក Zhang ទៅធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គម។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]