ភ្នំពេញ ៖ អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌដូនពេញ បាននឹងកំពុងត្រូវថ្នាំសណ្តំ ដេកលង់លក់ពីសំណាក់ ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ហាង កាហ្វេ យីហោ ណាណា ដែលស្ថិតនៅផ្ទះលេខ ១ និង២B តាមបណ្តោយផ្លូវ ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ការត្រូវថ្នាំសណ្តំបែបនេះ ដោយសារតែចំណាត់ការបិទសណ្ឋាគារ ណាណា ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស ចែកចាយគ្រឿងញៀនទីនោះ មិនទាន់កើតមាននៅឡើយ បើទោះបីរឿងរ៉ាវខាងលើ បានកើតឡើងអស់រយៈពេលជាង មួយសប្តាហ៍ទៅហើយនោះ ពោលតាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ ។

យោងតាមប្រភពព័ត៌មានខ្លះ បានឲ្យដឹងថា អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននឹងមានវិធានការ ជាបន្ទាន់ចំពោះការបិទអាជីវកម្មរបស់ហាងផឹកស៊ីនានា ឬក៏ផ្ទះសំណាក់តូចតាច បន្ទាប់ពីរកឃើញថា ទីតាំងទាំងនោះ ត្រូវបានក្លាយជាកន្លែងចែកចាយ ជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ឬក៏ក្រុមចោរលួច ចោរប្លន់ទៅសំងំខ្លួននៅទីនោះ ។

ប៉ុន្តែវាហាក់បីដូចជាចំឡែក ដែលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់មានវិធានការនៅឡើយ ចំពោះសណ្ឋាគារ ណាណា ដែលត្រូវបានសមត្ថកិច្ចរកឃើញថា ជាកន្លែងជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។ សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបានចុះបង្ក្រាបនៅសណ្ឋាគារណាណា ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងនោះស្រី ២នាក់ ហើយរឹបអូសគ្រឿងញៀនបានចំនួន ១ គីឡូក្រាម ។ ក្រោយចារចុះបង្ក្រាប និងឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យទាំង ៤នាក់នេះ គេមិនទាន់ឃើញអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធរបស់រាជធានីភ្នំពេញ ជាពិសេសខណ្ឌដូនពេញ មានវិធានការនៅឡើយនោះទេ ខណៈដែលសេចក្តីរាយការណ៍ជាច្រើន បានឲ្យដឹងថា ម្ចាស់ សណ្ឋាគារណាណា បានចំណាយលុយ យ៉ាងច្រើនក្នុងការរួចផុតពីការបិទអាជីវកម្មរបស់ខ្លួន ជាបណ្តោះអាសន្ននោះ ។

មជ្ឈដ្ឋានខ្លះ ជាពិសេសម្ចាស់ហាងផឹកស៊ី ក៏ដូចជា ផ្ទះសំណាក់តូចតាច នឹងរង់ចាំមើលពីចំណាត់ ការរបស់អាជ្ញាធរ ក្នុងការចុះបិទអាជីវកម្មសណ្ឋាគារមួយនេះ កុំឲ្យមានភាពលម្អៀងពេកសម្រាប់ ម្ចាស់អាជីវកម្មផ្សេងទៀត ដែលត្រូវអាជ្ញាធរធ្លាប់ចុះបិទ ក្រោយពីកើតរឿងមិនប្រក្រតីដូចជា ការបាញ់បោះជាដើម ៕

ដោយ ៖ ស៊ន សុភក្រ្ត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

http://www.dap-news.com/typography/the-news/39862-2012-04-06-02-19-22.html

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]