ភ្នំពេញៈ ក្រុម​ហ៊ុន​លក់​រថយន្ត​ទំនើប​ៗ​ជា​ច្រើន​ នៅ​ប្រទេស​កម្ពុជា បាន​លក់​រថយន្ត​របស់​ខ្លួន​ហួស​ពី​គោល​ដៅកំណត់ ពី​ឆ្នាំ​២០១១ បើ​ទោះ​បី​ក្រុម​ហ៊ុន​ខ្លះ​រាយការណ៍​ថា ខ្លួន​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើន​​តម្រូវ​ការ​រថយន្ត​ ដោយសារ​ផល​ប៉ះ​ពាល់​ពីគ្រោះ​ធម្មជាតិ​ក្តី​។

លោក សេង វឿង អ្នក​គ្រប់​គ្រង​ទូទៅ​ប្រចាំ​ក្រុមហ៊ុន R.M Asia Co., Ltd ដែល​បាន​នាំ​ចូល​រថយន្ត​ម៉ាក ហ្វដ​ ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​លោក​លក់​រថយន្ត​ហួស​គោល​ដៅ​កំណត់​១០​ភាគរយ ​គឺ ៤០០​គ្រឿង ក្នុង​មួយ​ឆ្នាំ​។ តួ​លេខ​នេះ​កើន​លើស ឆ្នាំ​២០១០ ចំនួន ៣០​ភាគ​រយ​។ លោក​បញ្ជាក់​ថា៖ «យើង​បាន​កត់​សម្គាល់​ឃើញ​ថា បន្ទាប់​ពី​យើង​បាន​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន​មក ពួក​គេ​បាន​ចាប់​ផ្តើម​ចំណាយ​ប្រាក់​ទិញ​ទំនិញ​ថ្មី​ទំនើប​ៗ​កាន់​តែ​ច្រើន ​ឡើង​ៗ ក្នុង​នោះ​មាន​ដូច​ជា​រថយន្ត​ជាដើម»។

ការ​លក់​របស់​ក្រុម​ហ៊ុន​តូយ៉ូតា​(ខែមបូឌា) ដែល​ជា​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត​ម៉ាក​តូយ៉ូតា​ដ៏​ពេញ​និយម​បំផុត​នៅ​លើ​ទីផ្សារ​កម្ពុជា​ មាន​បរិមាណ​កើន​ឡើង​ ហើយ​តម្រូវ​ការ​រថយន្ត​ម៉ាក​នេះ​ក៏​បាន​កើន​ឡើង​ផង​ដែរ។ នេះ​បើ​តាម​លោក គង់​ ងួន អគ្គ​នាយក​ក្រុមហ៊ុន តូយ៉ូតា​(ឃែមបូឌា)។ លោក​បន្ត​ថា៖ «យើង​ទទួល​បាន​តម្រូវ​ការ​កើន​ឡើង កាល​ពី​ឆ្នាំ​មុន ដោយ​សារ​យើង​បាន​សង្កេត​ឃើញ​ពី​ភាព​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​នេះ ក៏​ដូច​ជា​នៅ​ក្នុង​វិស័យ​ទេសចរណ៍ កសិកម្ម កាត់​ដេរ ​វាយនភ័ណ្ឌ​ និង​សំណង់​ផង​។ ទាំង​នេះ​បាន​បង្កើន​ប្រាក់​ចំណូល​ប្រជាពល​រដ្ឋ ដូច្នេះ​ពួក​គេ​សប្បាយ​ចិត្ត​នឹង​ទិញ​រថយន្ត​ថ្មី»។

ទោះ​បី​យ៉ាង​នេះ​ក្តី ដោយ​សារ​តែ​ការ​ទទួល​រង​ផល​ប៉ះពាល់​ពី​រលក​យក្ស​ស៊ូណាមិ​នៅ​ជប៉ុន និង​ទឹក​​ជំនន់​នៅ​ថៃ ក្រុម​ហ៊ុន ជួប​ការ​លំបាក​ក្នុង​ការ​បង្កើន​តម្រូវ​ការ​ហើយ​កាល​ពី​ឆ្នាំ​មុន ក្រុម​ហ៊ុន​លក់​រថយន្ត​បាន​ពី ៤៥០ ទៅ ៥០០​គ្រឿង តិច​ជាង​គោលដៅ​កំណត់ ដែល​មាន​ដល់​១ ៣០០ ទៅ ១ ៥០០​គ្រឿង​។

 

លោក គង់ ងួន បាន​ឲ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ ជា​បញ្ហា​ប្រឈម​ចម្បង​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​អាច​សម្រេច​បាន​គោល​ដៅ​ កំណត់ ទោះ​បី​ជា​មាន​តម្រូវ​ការ​ច្រើន​ក៏​ដោយ។ លោក​បាន​ព្យាករ​ការ​លក់​នៅ​ឆ្នាំ​នេះ អាច​នឹង​បាន​ ១ ៥០០ ទៅ ១ ៧០០​គ្រឿង​។

លោក ឡុង ណារិទ្ធ នាយក​គ្រប់​គ្រង​ក្រុមហ៊ុន ណារីតា ម៉ូទ័រខា (ឃែមបូឌា) ​ជា​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ម៉ាក​នីសាន់ បាន​កត់​សម្គាល់​ឃើញ​ថា ការ​លក់​របស់​ក្រុមហ៊ុន​លោក កាល​ពី​ឆ្នាំ​មុន បាន​កើន​ឡើង​១៥​ភាគ​រយ។

លោក​ថ្លែង​ថា៖ «យើង​ទទួល​បាន​តម្រូវ​ការ​ខ្ពស់ ពី​ឆ្នាំ​មុន​។ ប៉ុន្តែ​យើង​មិន​អាច​មាន​រថយន្ត​គ្រប់គ្រាន់​សម្រាប់​ពួក​គេ​បាន​ឡើយ ដោយសារ​យើង​ទទួល​បាន​ការ​កក់​ច្រើន​ពេក។ ទឹក​ជំនន់​នៅ​ថៃ បាន​ប៉ះ​ពាល់​ដល់​រោងចក្រ​របស់​យើង​ នៅ​ទីនោះ ដូច្នេះ​យើង​មិន​អាច​ផ្គត់​ផ្គង់​ជូន​អតិថិជន​បាន​គ្រប់គ្រាន់​ឡើយ​»។

លោក សេង វឿង បាន​ឲ្យ​ដឹង​ថា តម្រូវ​ការ​រថយន្ត​ថ្មី​សរុប​នៅ​កម្ពុជា មាន​ចំនួន​ពី ៣​ពាន់ ទៅ ៤​ពាន់​គ្រឿង​ក្នុង​មួយ​ឆ្នាំ ហើយ​បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​លក់​រថយន្ត​ទំនើប​ជាង ១០​ក្រុមហ៊ុន នៅ​កម្ពុជា៕

ដកស្រង់ពី គេហទំព័រ Post Khmer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]