ណាហ្គាវើលដ៍បេះដូងសប្បុរស បរិច្ចាគថវិកា ៥៥.០០០ ដុល្លារដល់នគរបាលជាតិ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់!

//s9.kh1.co/e4/e4a55832845c03532da4a5a5a3309891553ec684.jpg
សង្គម

 ២២-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបរិច្ចាគថវិកា ៥៥.០០០ ដុល្លារអាមេរិក។

រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបរិច្ចាគថវិកា ៥៥.០០០ ដុល្លារអាមេរិក ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃចន្ទដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដែលបានជន់លិចស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្លៀងធ្លាក់ជោគជាំកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានបង្កជាទឹកជំនន់ដែលប៉ះពាល់ដល់ខេត្តចំនួន ១៩។ របាយការណ៍ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃចន្ទ បានប្រកាសថា យ៉ាងហោចណាស់មាន ៧៣.៧២០ គ្រួសារ (ស្មើនឹង ២៩៤.៨៨០ នាក់) បានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ដែលក្នុងនោះ ៩.៣៤៩ គ្រួសារត្រូវបានជម្លៀសពីផ្ទះសម្បែងរបស់ពួកគេ។ ចំនួននេះអាចនឹងកើនឡើងប្រសិនបើមានភ្លៀង និងព្យុះជាបន្តបន្ទាប់ទៀត។ ការខូចខាតផ្សេងទៀត ក៏ត្រូវបានរាយការណ៍ផងដែរ រួមមាន ផ្ទះ សាលារៀន ដំណាំ ផ្លូវ និងស្ពាន។ល។ ការឧបត្ថម្ភរបស់ណាហ្គាវើលដ៍ នឹងត្រូវប្រើប្រាស់ដើម្បីទិញអង្ករប្រមាណ ១០០ តោនដែលមន្ត្រីនគរបាលនឹងយកទៅចែកជូនដល់ជនរងគ្រោះដោយទឹកជំនន់។

ចេញមកទទួលថវិកាជំនួសឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា បានមានប្រសាសន៍ថា៖

“យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ការឧបត្ថម្ភនេះ បានមកចំពេល និងឆ្លើយតបយ៉ាងរហ័សចំពោះស្ថានភាពគ្រោះទឹកជំនន់ ព្រមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងផ្តល់កម្លាំងចិត្តដល់មន្ត្រីរបស់យើងដែលកំពុងធ្វើការជួរមុខឥតមាននឿយហត់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ ណាហ្គាវើលដ៍ បានចូលរួមឧបត្ថម្ភយ៉ាងច្រើនដល់ប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយយើងខ្ញុំសូមជូនពរឲ្យណាហ្គាវើលដ៍ទទួលបានជោគជ័យជាបន្តទៀតនៅក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន”។

ប្រសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា
តំណាងដ៏ខ្ពង់ខ្ពស់ទទួលថវិកា ៥៥.០០០ ដុល្លារពីណាហ្គាវើលដ៍បេះដូងសប្បុរស
តំណាងដ៏ខ្ពង់ខ្ពស់ទទួលថវិកា ៥៥.០០០ ដុល្លារពីណាហ្គាវើលដ៍បេះដូងសប្បុរស

ការឧបត្ថម្ភដល់នគរបាលជាតិ ត្រូវបានធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិដែលមានការចូលរួមពីនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និងទីផ្សារ លោក Mike Ngai និងនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ លោក Sean Tan

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងផងដែរថា៖

“ខ្យល់ព្យុះដ៏កាចសាហាវជាប់ៗគ្នាក្នុងពេលថ្មីៗនេះ បានបង្កជាទឹកជំនន់នៅក្នុងប្រទេសដែលឆ្នាំនេះ គឺជាឆ្នាំដែលខ្យល់ព្យុះ និងទឹកជំនន់វាយប្រហារប្រទេសកម្ពុជាខ្លាំងបំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ដូច្នេះមានប្រជាជនជាច្រើនដែលត្រូវការជំនួយបន្ទាន់ ហើយយើងសង្ឃឹមថាការឧបត្ថម្ភរបស់យើង នឹងជួយដល់សហគមន៍ដែលរងគ្រោះ”។ “យើងក៏សូមថ្លែងអំណរគុណ និងសូមកោតសរសើរដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធផងដែរដែលកំពុងធ្វើការជួរមុខជួយដល់គ្រួសាររងគ្រោះ និងផ្តល់ជំនួយដល់ប្រជាជនដែលកំពុងត្រូវការជំនួយបំផុត”។  

ប្រសាសន៍របស់ លោក Pern Chen

លោក Pern Chen បានធ្វើការកត់សម្គាល់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានធ្វើការឧបត្ថម្ភសម្ភារៈបង្ការជំងឺកូវីដ-១៩ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ នៅក្នុងខែឧសភាដែលជាផ្នែកមួយនៃគម្រោងឧបត្ថម្ភដល់ស្ថាប័នរដ្ឋរយៈពេល ៥ ខែកន្លងទៅដើម្បីជួយប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បានទទួលពីណាហ្គាវើលដ៍នូវផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតកាលពីដើមខែនេះដើម្បីរក្សាសុវត្ថិភាពដល់សិស្សានុសិស្ស និងមន្ត្រីអប់រំនៅពេលបើកសាលារៀនឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាល ក៏បានទទួលម៉ាស៊ីនធ្វើតេស្តរកមេរោគ ១​ គ្រឿង ឧបករណ៍ធ្វើតេស្តរកមេរោគ ៦.៤០០ ឈុត ឧបករណ៍ប្រមូលសំណាកមេរោគ ៣.០០០ ឈុត កុំព្យូទ័រយួរដៃ ៥ គ្រឿង និងជែលលាងដៃ ៥០០ដបផងដែរ ពីណាហ្គាវើលដ៍បេះដូងសប្បុរស។

លោក Sean Tan ទទួលលិខិតថ្លែងអំណរគុណពីអគ្គស្នងការដ្ឋាននគរបាលជាតិ
លោក Sean Tan ទទួលលិខិតថ្លែងអំណរគុណពីអគ្គស្នងការដ្ឋាននគរបាលជាតិ

គួរបញ្ជាក់ផងដែរថា​ ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភនូវម៉ាស់មុខ ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុល ៧២០ លីត្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញដែលសរុបជាទឹកប្រាក់មានចំនួនជាង ១១៨.០០០ ដុល្លារអាមេរិកដើម្បីជួយប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T