អ្នក​នាំ​ពាក្យ​ក្រសួង​វប្ប​ធម៌​៖​ បើ​ថ្ងៃ​ក្រោយ​ទូរ​ទស្សន៍​ថៃ​ណា​មួយ​​បំពាន​​វប្ប​ធម៌​ខ្មែរ​ជា​ថ្មី​ ក្រសួង​នឹង​ប្រាប់​ឲ្យ​ដក​ចេញ​ទៀត​

//s9.kh1.co/b6/b60d1c08c78e7fff75b5332f563c87e88b8732cf.jpg
សង្គម

 ២០-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកនាំពាក្យក្រសួងវប្បធម៌ប្រាប់ Khmerload ថា៖ «ថ្ងៃអនាគត បើមានរឿងអ៊ឹចឹងកើតឡើងទៀត យើងប្រាប់ឲ្យដកចេញទៀត»។

កាលពីថ្ងៃ ១៩តុលាកន្លងទៅ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានចេញមុខសុំទោសដល់ពលរដ្ឋខ្មែរ​ពាក់ព័ន្ធការ​ប្រើប្រាស់​រូបភាពប្រាសាទអង្គរវត្តមកធ្វើជាផ្នែកខាងក្រោយ ឬ Background នៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្ម (Poster) សម្រាប់ខ្សែ​ភាព​យន្ត​របស់ខ្លួន។ ការសុំទោសនេះធ្វើឡើយបន្ទាប់ពីពលរដ្ឋខ្មែរ អ្នកប្រើប្រាស់បណ្តាញ​សង្គម​មិនតិចទេបានបង្ហាញ​នូវប្រតិកម្ម និងសម្តែងការមិនពេញចិត្តលើ Poster របស់ស្ថានីយទូរទស្សន៍ខាងលើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាមានការចេញលិខិតសុំទោសក៏ពិតមែន នៅតែមានទស្សនៈមួយចំនួនពីពលរដ្ឋលើកឡើងថា «ទូរទស្សន៍​ថៃ​ហាក់មិនមានការខ្លាចញញើតក្រសួងវប្បធម៌ខ្មែរទាល់តែសោះ។ ការសុំទោសបែបនេះកើតឡើងជាញឹកញាប់ សុំទោស​ៗ​ហើយ ក៏ចប់! ស្ទើរក្លាយជាទម្លាប់ទៅហើយ»។

ទាក់ទិននឹងមតិខាងលើ Khmerload បានសុំការបកស្រាយខ្លះៗពីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺលោក ឡុង ប៊ុណ្ណាស៊ីរីវត្ត ថាតើក្រសួងវប្បធម៌យល់យ៉ាងណាចំពោះការសុំទោស​ពីសំណាក់ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍លេខ៣ថៃ?

អ្នកនាំពាក្យ​ខាងលើបានបកស្រាយថា ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានចេញលិខិតសុំទោស​ហើយៗក្រសួង​មិន​អាច​ធ្វើតាម​តែអារម្មណ៍ប្រតិកម្មរបស់មហាជនបានទេ។ លោកថា ក្នុងនាមប្រទេសជិតខាងគ្នា រឿងការទូត ឲ្យតែ​ខាង​គេ​​សុំទោស និងឲ្យតែគេដកការប្រើប្រាស់កុំឲ្យមានការភាន់ច្រឡំ វាជារឿងល្អបំផុតហើយ។

លោកថា៖ «យើងមិនអាចទៅធ្វើតាមអារម្មណ៍របស់មហាជនបានទេ ប្រទេសជិតខាងគ្នា ការទូត ឲ្យតែគេសុំទោស​យើង​គឺសំណាងហើយ ចុះបើគេមិនសុំទោសទៀត យើងទៅធ្វើម៉េចគេ? យើងទៅចាត់វិធានការម៉េច? ឲ្យតែគេដកការ​ប្រើ​ប្រាស់​រូបភាពអស់ហ្នឹងកុំឲ្យមានការភាន់ច្រឡំ វាជារឿងល្អបំផុតហើយ»។

លោក ឡុង ប៊ុណ្ណាស៊ីរីវត្ត បន្តថា៖ «ហើយយើងធ្វើនេះមិនទាន់ដល់កម្រិតការបរទេសផង យើងត្រឹមស្នើឲ្យទូតយើង​នៅថៃ ជួយសហការដើម្បីឲ្យក្រុមហ៊ុនបញ្ជាក់ឡើងវិញថា សាច់រឿងមានថតពាក់ព័ន្ធប្រាសាទអង្គរវត្តអត់? បើពាក់ព័ន្ធ ហេតុអីមិនសុំការអនុញ្ញាតពីយើង(កម្ពុជា)​? បន្ទាប់មកទូរទស្សន៍ថៃគេសុំទោសយើង និងព្រមដករូបប្រាសាទ​អង្គរវត្ត​ចេញពី Poster ហើយគេថាសាច់រឿងអត់ពាក់ព័ន្ធនឹងប្រាសាទនេះទេ។ ហើយខាងក្រុមហ៊ុន គាត់ថាអ្នកចែកចាយជា​អ្នកដាក់រូបហ្នឹង ក្រុមហ៊ុនអត់ដឹងទេ។ យើង(ក្រសួង)ទាក់ទងភ្លាម គេស្វះស្វែងដកចេញ»។

ក្រៅពីនោះ មានសំណួរជាច្រើនបានចោទឡើងស្រដៀងៗគ្នាថា «បើថ្ងៃក្រោយស្ថានីយ៍ទូរទស្សន៍ថៃណាមួយ នៅតែ​បំពាន​បែបនេះទៀត តើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ នឹងចាត់វិធានការបែបណា?»

លោក ប៊ុណ្ណាស៊ីរីវត្ត ឆ្លើយតបដោយឥតស្ទាក់ស្ទើរថា៖ «ថ្ងៃអនាគត បើមានរឿងអ៊ឹចឹងកើតឡើង​ទៀត យើង(ក្រសួង)​ប្រាប់​ឲ្យដក​ចេញ​ទៀត។ វិធានការម៉េចឲ្យលើសហ្នឹង ឬទៅវាយគេ? ​ធ្វើម៉េច គេធ្វើនៅលើដីគេ។ ឲ្យតែទូត​(ស្ថានទូត)យើង និងទូតគេខ្នះខ្នែង​»។

អ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះ បានបង្ហាញនូវសុទិដ្ឋិនិយមថា៖ «កុំមើលតែមួយច្រក ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ។ ការប្រតិកម្ម វាមិនខុសទេ។ ឲ្យគាត់ (ពលរដ្ឋខ្មែរ) ប្រតិកម្មចុះ អត់អីទេ! តែសំខាន់យើងមានរៀបចំតាមគតិយុត្តិ មិនអាច​ធ្វើដោយកម្លាំងបាយបានទេ។ យើងទទួលយកនូវការផ្តល់ព័ត៌មានដើម្បីរកដំណោះស្រាយ។ តែកុំប្រតិកម្មដោយសារ​ស្រលាញ់​ពេក។ ដោះស្រាយតាមក្របខណ្ឌរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការ ទើបត្រឹមត្រូវ»។

លោក ឡុង ប៊ុណ្ណាស៊ីរីវត្ត បានអំពាវនាវឲ្យមហាជនចូលរួមរាយការណ៍ បើចំណុចណាដែលមិនពេញចិត្ត ហើយថា​ក្រសួងវប្បធម៌នឹងរៀបចំតាមគតិយុត្តិដើម្បីដោះស្រាយ។ លោកថា៖ «គាត់(ពលរដ្ឋ) ​រាយការណ៍តាមចិត្ត ហើយរឿង​សំខាន់គឺយើងដោះស្រាយតាមនីតិវិធី»។

ជាការកត់សម្គាល់ ករណីខាងលើស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានចេញលិខិតសុំទោស និងបញ្ជាក់ថា ខ្លួនគ្មានបំណងប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តក្នុងន័យទុច្ចរិតណាមួយឡើយ។ ក្រៅពីនោះ អគ្គនាយករងផ្នែក​កិច្ចការ​សាជីវកម្មនៃទូរទស្សន៍ខាងលើ អះអាងថា បានរចនាផ្ទៃខាងក្រោយឡើងវិញ ហើយបានដករូបអង្គរវត្តចេញ​ពីផ្ទាំងឃោសនាហើយ​ ហើយថាតាមពិតទៅសាច់រឿងរបស់ខ្លួនក៏ពុំមានជាប់ទាក់ទងជាមួយប្រាសាទអង្គរវត្តដែរ។ លោកបន្ថែមថា នឹងប្រុងប្រយ័ត្ន ដើម្បីចៀសវាងផលប៉ះពាល់ដែលកើតឡើងនាពេលអនាគត ដែលនាំឲ្យខូចខាតដល់​ទំនាក់ទំនងប្រទេសទាំងពីរ។

ទាក់ទងនឹងវប្បធម៌ ក្រៅពីប្រតិកម្មទៅលើការប្រើប្រាស់ផ្ទាំងឃោសនារបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ មហាជន​ក៏ធ្លាប់ប្រតិកម្មទៅលើស្ថានីយ៍ទូរទស្សន៍ថៃមួយទៀតគឺប៉ុស្តិ៍ One 31។ កាលនោះ ទូរទស្សន៍មួយនេះ បានបញ្ចូលនូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះឆាយាលក្ខ័ណ៍ ព្រះរាម នរោត្តម ​​​​​​​​​​​​​​​​​​​​​​​​​​​បុប្ផាទេវី ​​​​​​​​​​​​​​​​​​​​​​​​​ដែលជានាដការីនៃរបាំព្រះរាជទ្រព្យខ្មែរ មានគោរមងារថា ​​​​​​​​​​​​​​​​​​​​​​​​​​​​«ទេពនាថវដ្តីឯក» និង ​​​​​​​​​​​​​​​​​​​​​ជាបុត្រីច្បងនៃអតីតព្រះមហាក្សត្រខ្មែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះបាទសម្តេច នរោត្តម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សីហនុ ព្រះបរមរតនកោដ ទៅក្នុងភាពយន្តរបស់ខ្លួនដោយពុំបានសុំការអនុញ្ញាតពីកម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរ។ យ៉ាងណា ក្រោយមក ប៉ុស្តិ៍ One 31 បានចេញ​មុខសុំទោស។ ចំណែកថ្មីៗ ម្ចាស់សណ្ឋាគារ Le Palais Hotel នៅប្រទេសថៃ ដែលបានយករូបចម្លាក់​ប្រាសាទ​ខ្មែរ​មកដាក់លម្អ​នៅក្នុងទីកន្លែងរបស់ខ្លួន ដោយពុំបានសុំការ​អនុញ្ញាត​ រួចក៏​បានចេញមុខសុំទោស​បន្ទាប់​ពី​មាន​ការ​រិះគន់ដូចគ្នា។

សម្រាប់ពលរដ្ឋកម្ពុជា ប្រតិកម្មលើកំហុសឆ្គងនៃការប្រើប្រាស់រូបអង្គរវត្តពីលើកមុនហាក់នៅថ្មីៗនៅឡើយ មុននឹង​មាន​ករណី​មួយនេះបន្ថែមទៀត។ ថ្មីៗ ពោលគឺកាលពីមួយខែមុន (ខែកញ្ញា) ទីភ្នាក់ងារ​ទេសចរណ៍​អូស្ត្រាលី គឺ Wendy Wu Tours បាន​បង្កកំហុស​មួយ ដោយបាន​ផ្សព្វផ្សាយ​ពី​ប្រទេស​វៀតណាម (Vietnam) ប៉ុន្តែ​បែរជា​ដាក់​រូប​ប្រាសាទ​អង្គរ​វត្ត ដែលជានិមិត្តរូប​របស់​កម្ពុ​ជា​ទៅវិញ​។ ពាក់ព័ន្ធ​ករណីនេះ ទាំងពលរដ្ឋខ្មែរ និងមន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍ បាន​សម្តែង​​ប្រតិកម្ម កាលពី​ថ្ងៃទី​២១ ខែកញ្ញា។​  ក្រោយមក​ក្រុមហ៊ុន​អាកាសចរណ៍​បាន​បញ្ចេញសារសុំទោស និង​បានកែ​ពី​ពាក្យ VIETNAM មកដាក់ថា SOUTHEAST ASIA វិញ ហើយរក្សារូបប្រាសាទអង្គរវត្តដដែល៕

អ្នកនាំពាក្យក្រសួងវប្បធម៌
អ្នកនាំពាក្យក្រសួងវប្បធម៌
Poster<br>
Poster
លិខិតពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ
លិខិតពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T