ណាសានិង Nokia ចាប់ដៃគូគ្នា ក្នុងការដំឡើងសេវា 4G លើឋានព្រះចន្ទ ស្របពេលត្រូវបញ្ជូនមនុស្សទៅទីនោះម្ដងទៀត នៅឆ្នាំ២០២៤

//s9.kh1.co/39/39537cdb6fc2766539eea02fc574bc3b39b8c5d1.jpg
បច្ចេកវិទ្យា

 ១៨-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វាមិនមែនជាលើកទី១នោះទេ ដែលក្រុមហ៊ុន Nokia ចង់នាំយកសេវា 4G ទៅកាន់ឋានព្រះចន្ទ។

អាមេរិក៖ នៅពេលអង្គការណាសាបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទសាជាថ្មី នៅក្នុងឆ្នាំ២០២៤ ពួកគេចង់ឲ្យមានមធ្យោបាយដែលមានប្រសិទ្ធភាពនិងអាចទុកចិត្តបាន សម្រាប់អវកាសយានិករបស់ខ្លួនក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយគេកំពុងតែងាកទៅរកក្រុមហ៊ុន Nokia ដែលជាអ្នកត្រួសត្រាយផ្លូវសម្រាប់ទូរសព្ទចល័តមុនគេ។ នៅក្នុងសប្ដាហ៍នេះ ទីភ្នាក់ងារអវកាសមួយនេះបាននិយាយថា ខ្លួននឹងផ្ដល់ឲ្យក្រុមហ៊ុន Nokia នូវថវិកាចំនួន១៤.១លានដុល្លារ ដើម្បីបង្កើតបណ្ដាញទូរសព្ទចល័ត 4G LTE នៅលើផ្ទៃឋានព្រះចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន Nokia
ក្រុមហ៊ុន Nokia

អ្នកគ្រប់គ្រងរងរបស់ទីភ្នាក់ងារអវកាសណាសា លោក James Reuter បាននិយាយថា បណ្ដាញទូរសព្ទចល័តនៅលើឋានព្រះចន្ទអាចជួយទំនាក់ទំនងរវាងការរស់នៅលើនោះ និងជួយអវកាសយានិកក្នុងការរុករកផងដែរ។ វាអាចផ្ដល់ជាមធ្យោបាយសម្រាប់ទីភ្នាក់ងារនេះ ដើម្បីទាក់ទងជាមួយយានអវកាសផងដែរ។ លោកបានបន្ថែមទៀតថា ជាមួយថវិការបស់ណាសា ក្រុមហ៊ុន Nokia នឹងអាចមានលទ្ធភាព ក្នុងការសិក្សាបច្ចេកវិទ្យាពីលក្ខណៈភូមិសាស្ត្រលើឋានព្រះចន្ទ ដើម្បីគាំទ្រដល់សេវាទំនាក់ទំនងដែលមានអត្រាខ្ពស់ និងគួរឲ្យទុកចិត្តបាន។

អង្គការណាសានឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទសាជាថ្មី នៅឆ្នាំ២០២៤
អង្គការណាសានឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទសាជាថ្មី នៅឆ្នាំ២០២៤

កិច្ចសន្យានេះគឺជាផ្នែកមួយនៃទឹកប្រាក់ចំនួន៣៧០លានដុល្លារ ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់កម្មវិធី Artemis របស់អង្គការណាសា ដែលបានប្រកាសនៅសប្ដាហ៍នេះ។ ចំនួនលុយដ៏ច្រើននៅក្នុងនេះអាចនឹងត្រូវចំណាយទៅលើក្រុមហ៊ុន SpaceX និង United Launch Alliance។

គួររម្លឹកផងដែរថា វាមិនមែនជាលើកទី១នោះទេ ដែលក្រុមហ៊ុន Nokia ចង់នាំយកសេវា 4G ទៅកាន់ឋានព្រះចន្ទ។ កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនមួយនេះបានចាប់ដៃគូជាមួយក្រុមហ៊ុនអវកាសអាល្លឺម៉ង់ PTScientists និងក្រុមហ៊ុនទូរគមនាគមន៍អង់គ្លេស Vodafone សម្រាប់បេសកកម្មនាំយកបណ្ដាញសេវា 4G ទៅកាន់តំបន់ដែលបេសកកម្មអាប៉ូឡូទី១៧ធ្លាប់ចុះចត។ មិនតែប៉ុណ្ណោះ ពួកគេក៏ធ្លាប់មានគម្រោងសាងសង់បណ្ដាញសេវា 4G លើឋានព្រះចន្ទ ដែលអាចបញ្ជូនកម្រិតគុណភាពច្បាស់នៃវីដេអូ ពីឋានព្រះចន្ទទៅកាន់ផែនដីវិញ ប៉ុន្តែគម្រោងនេះមិនបានលេចេញជារូបរាងនោះទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T