តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាន​រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រ៉ុក្កែតយ៉ាងតិច១០គ្រាប់ ដែលបាញ់​ចេញពីតំបន់ជម្លោះ​រវាងទាហានអាមេនីនិងអាស៊ែបៃសង់ បាន​ធ្លាក់ចូល​ភូមិចំនួនពីរ ក្នុងទឹកដីប្រទេសអ៊ីរ៉ង់។ អភិបាលក្រុង Khoda Afarin county ​គូសបញ្ជាក់ថា គ្រាប់រ៉ុក្កែត​បានធ្លាក់នៅក្នុងភូមិ Kadkhodalou និង Gholi Beiglou ​បណ្តាលឱ្យផ្ទះមួយខ្នងត្រូវរងការបំផ្លាញ ចំណែកមនុស្សម្នាក់បានរងរបួស។

កាលពីពេលកន្លង​ទៅ អភិបាលក្រុង Khoda Afarin county ក៏ធ្លាប់បានគេរាយការណ៍ ថាមានគ្រាប់កាំភ្លើងត្បាល់ចំនួន ៦គ្រាប់ ​បានធ្លាក់នៅភូមិមួយស្ថិតនៅក្រុងនេះដែរ។ ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាន​ផ្ញើលិខិតទៅកាន់អាមេនីនិងអាស៊ែ​បៃសង់ ដោយបានបង្ហាញនូវការជំទាស់យ៉ាងខ្លាំង ចំពោះគ្រាប់រ៉ុក្កែតនិងកាំភ្លើងត្បាល់ ដែលកំពុងវាយប្រហារដល់ទឹកដីអ៊ីរ៉ង់។

ទំនាក់ទំនងរវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ ​មានភាពតានតឹងចាប់តាំងពីឆ្នាំ១៩៩១ គឺនៅពេលដែលទាហានអាមេនីបានចូលកាន់កាប់តំបន់ ណាហ្គ័រណូ ការ៉ាបាក់​ ដែលជាទឹកដី​មានការទទួលស្គាល់ជាអន្តរជាតិ ថាជាផ្នែកមួយរបស់​ប្រទេសអាស៊ៃបៃសង់។

គួរជម្រាបដែរថា ជម្លោះប្រដាប់អាវុធទាហានអាមេនីនិងអាស៊ែបៃសង់ នៅតំបន់ការ៉ាបាក់ ដែលចាប់ផ្តើមឡើងកាលពីថ្ងៃ២៧ ខែកញ្ញា បានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់និងរបួស។ ហើយអាស៊ែបៃសង់ក៏បានប្តេជ្ញាថានឹងបន្តប្រយុទ្ធ រហូតលែងមានវត្តមានទាហានអាមេនី នៅតំបន់ការ៉ាបាក់៕

ពលរដ្ឋអ៊ីរ៉ង់ម្នាក់បានរងរបួស
រ៉ុក្កែត​យ៉ាងតិច ១០គ្រាប់ ​បានធ្លាក់ចូលភូមិចំនួនពីរ​របស់អ៊ីរ៉ង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]