ស្បែក​មិន​ត្រឹម​តែ​ជួយ​ការ​ពារ​រាង​កាយ​យើងពី​ការ​ឆ្លង​រោគ​ផ្សេងៗ​ទេ ប៉ុន្តែ​ស្បែក​ក៏​ដើរ​តួរ​ជា​អ្នក​ផ្ដល់​សម្រស់​ឲ្យ​យើង​ទៀត​ផង។​ គ្នា​យើង​ដឹង​ទេ សម្រស់​​ស្បែក​របស់​យើង​អាច​នៅ​ក្មេង​ជាង​វ័យ ឬ​ភ្លឺ​រលោង​បាន​យូរ​ប៉ុន​ណា​នោះ គឺ​អាស្រ័យ​លើការ​ហូប​ចុក និង​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​យើង​ដែរ។ ខាង​ក្រោម​នេះ ជា​តិច​និក​មួយ​ចំនួន​ជួយ​គ្នា​យើង ពិសេស​ស្រីៗ​ថែរក្សា​ស្បែក​កុំ​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ ឬ​​មើល​ទៅ​ចាស់​ជាង​វ័យ​។​

១. របប​អាហារ​ល្អ​ចំពោះ​ស្បែក

គ្នា​យើង​ចង់​បាន​ស្បែក​មាន​សុខ​ភាព​ល្អ? កុំរំលង​រឿង​របប​អាហារ​ឲ្យ​សោះ។ ការ​ដែល​គ្នា​យើង​ញ៉ាំ​អាហារមាន​វីតាមីន​ C បាន​ច្រើន និង​បន្ថយ​ការញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ និង​កាបូអ៊ីដ្រាត គឺ​មាន​ទំនាក់​ទំនង​ជួយ​ដល់​សុខ​ភាព​ស្បែក​របស់​យើងឲ្យ​មើល​ទៅ​ឃើញ​ថា​​នៅ​ក្មេង​ជាង​វ័យ​។

អាហារ​សម្បូរ​ដោយ​សារធាតុ​ប្រ​ឆាំង​អុកស៊ីតកម្ម (antioxidants) ដូច​ជា​ត្រី ផ្លែ​ឈើ និង​បន្លែ អាច​ជួយ​ការ​ពារ​ស្បែក​ឲ្យ​មាន​សុខ​ភាព​ល្អ។

២. ញ៉ាំអាហារ​សម្បូរវីតាមីន C និងE

គ្នា​យើង​ដឹង​ហើយ​ថា​គ្រីម​ការ​ពារ​ស្បែក​គឺមាន​ផ្ទុក​វីតាមីន C ឬ E ។ ចុះ​ហេតុ​អ្វី​យើង​មិន​ប្រើ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មទាំងនេះ​ឲ្យ​ជួយ​ស្បែក​យើង​ពី​ខាង​ក្នុង​ខ្លួន​មក​វិញ? នេះ​គឺ​យើង​ត្រូវ​ញ៉ាំ​អាហារ​សប្បូរ​ដោយ​វីតាមីន​C និង E រួម​ជាមួយ​ជាតិ​រ៉ែស៊ីលីញ៉ូម(selenium) ដើម្បី​ជួយ​ការ​ពារ​ស្បែក​យើង​ប្រឆាំង​នឹង​ការ​បំផ្លាញ​ដោយ​ពន្លឺព្រះ​អាទិត្យ ជួយ​យើង​ទប់ទល់​នឹង​បញ្ហា​ស្បែក​ជ្រីវ​ជ្រួញ​ និង​ប្រែ​ពណ៌​ស្បែក​។

៣. ហាត់​ប្រាណ​

ការ​ហាត់​ប្រាណ​មាន​ប្រ​យោជន៍​ច្រើន​ដល់​រាង​កាយ​របស់​យើង មិន​ថា​សរីរាង្គ​មួយ​ណា​នោះ​ទេ គឺ​​រួម​ទាំង​ស្បែក​ផង​ដែរ។ ការ​ហាត់​ប្រាណ​​បង្កើន​ដំណើរការ​ល្អ​នៃ​​​ចរន្ត​ឈាម ជួយ​ឲ្យ​ស្បែកមាន​សុខ​ភាព​ល្អ។​ ចរន្តឈាម​ដើរ​បាន​ល្អ ជួយ​នាំ​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹមដល់​​ស្បែក និង​ជួយ​ស្បែក​​ផលិត​ខូឡាជែន ព្រម​ទាំង​ពន្យា​ភាព​ចាស់​របស់​ស្បែក​។ យ៉ាង​ណា​កុំ​ភ្លេច​ថាហាត់ប្រាណ​គឺ​បែក​ញើស ដូច​នេះកុំ​ភ្លេច​សម្អាត​ខ្លួន​ឲ្យ​បាន​ស្អាត​ក្រោយ​ហាត់ប្រាណ។​

៤. ប្រើកាហ្វេសម្រាប់ថែស្បែក

ជាតិ​កាហ្វេអ៊ី​ន​នៅ​ក្នុង​កាហ្វេ​ ឬតែ​ អាច​ធ្វើ​ឲ្យ​​រាង​កាយ​យើង​ខ្សោះជាតិ​ទឹក​បាន ហើយ​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ស្ងួត។ ប៉ុន្តែ​មាន​ការសិក្សា​ធ្វើ​លើ​សត្វ​កណ្ដុរ​​រកឃើញ​ថា​ការ​យក​កាហ្វេ​មក​លាប​ស្បែក បែរជា​ជួយ​ការពារ​ស្បែក​​នឹង​ការ​បំផ្លាញ​ដោយ​ពន្លឺព្រះអាទិត្យ និង​កាត់​ន្ថយ​​ហានីភ័យ​មហារីក​ស្បែក។ ដូច​គ្នា​នេះ​ដែរ ក្រុម​អ្នកជំនាញ​ក៏កំពុង​សិក្សា​ទៀតថា​តើ​កាហ្វេ​អាច​ជួយ​រក្សា​ស្បែក​របស់​មនុស្ស​យើង​យ៉ាង​ណា​ខ្លះ​ទៀត។

៥. រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន

ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​គឺ​មាន​សារៈសំខាន់​ចំពោះសុខ​ភាព​ ដូច​យើង​ដឹង​ហើយ​ថា​គ្រប់​ផ្នែក​នៃរាង​កាយ​យើង​ត្រូវ​ការ​ជាតិ​ទឹក​ដើម្បី​ដំណើរ​ការ​។​

ក្រៅពី​ជួយ​នាំជាតិ​ពុល​ចេញ​ពី​រាង​កាយ ជាតិ​ទឹក​ក៏​ជួយ​ដល់​ការ​រំលាយអាហារ គ្រប់គ្រង​សីតុណ្ហ​ភាព​​ក្នុង​ខ្លួន ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​មាន​សំណើម​។​

ដូច​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង របៀបរបប​រស់​នៅ​ប្រចាំថ្ងៃ របប​អាហារត្រឹម​ត្រូវ ការ​រក្សា​ជាតិទឹក​បាន​ល្អ​នៅ​ក្នុង​ខ្លួន​ គឺ​សុទ្ធតែ​មាន​ប្រយោជន៍​សម្រាប់​សុខ​ភាព​ស្បែក និង​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ក្មេង​ជាង​វ័យ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ