បរទេស៖ នាយកអង្គការមីស៊ីលអ៊ីស្រាអែល លោក Moshe Patel កំពុងសម្លឹងដល់ការផលិតប្រព័ន្ធអាវុធឡាស៊ែរការពារដែនអាកាស ហើយក៏កំពុងពិភាក្សាជាមួយមន្ទីរប៉ង់តាហ្គោនអាមេរិក ស្តីពីកិច្ចសហការលើដំណើរការអភិវឌ្ឍអាវុធសម័យទំនើបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្លែងទៅកាន់សារព័ត៌មានការពារជាតិ អំឡុងពេលសម្ភាសន៍កាលពីថ្ងៃទី ៩ ខែតុលា លោក Patel បានគូសបញ្ជាក់ថា៖
អាវុធឡាស៊ែរគឺជាអ្វី ដែលយើងគិតថា វានឹងដើរតួនាទីការពារយ៉ាងសំខាន់នៅក្នុងប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ហើយបច្ចុប្បន្នយើងកំពុងស្វែងរកមធ្យោបាយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ធ្លាប់មានប្រវត្តិសហការគ្នាលើកម្មវិធី អភិវឌ្ឍប្រព័ន្ធមីស៊ីលការពារដែនអាកាស ដោយក្នុងនោះក្រុមអ្នកជំនាញមកពីប្រទេសទាំងពីរ បានផលិតប្រព័ន្ធមីស៊ីលការពារប្រភេទ Arrow និង David’s Sling ខណៈដែលប្រព័ន្ធមីស៊ីលការពារប្រភេទ Iron Dome ត្រូវបានបង្កើតឡើងដោយអ៊ីស្រាអែល តែទទួលបានជំនួយហិរញ្ញវត្ថុក្នុងការផលិត ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។

គួរឱ្យដឹងដែរថា ប្រព័ន្ធមីស៊ីលការពារ Arrow ត្រូវបានផលិតឡើង ក្រោមកិច្ចសហការរវាងក្រុមហ៊ុន Israel Aerospace Industries និងក្រុមហ៊ុន Boeing ។ ចំណែក David’s Sling និង Iron Dome ផលិតឡើងដោយក្រុមហ៊ុន Rafael និង Raytheon ៕

