នារីចិនរូបនេះ ខំចាក់បំបាត់ស្នាមជ្រីវជ្រួញលើផ្ទៃមុខ បែរជាចាក់ហើយ វៀចមុខមាត់អស់រលីង

//s9.kh1.co/32/3224fef036a78b299d89ff57243ad45a7929c8a8.jpg
សង្គម

 ០១-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នារីម្នាក់មាននាមត្រកូលថា Zhao វ័យ២៩ឆ្នាំ មកពីខេត្ត Zhejiang ប្រទេសចិន បានជួបប្រទះនូវបញ្ហាដ៏អាក្រក់ បន្ទាប់ពីចាក់ថ្នាំកែសម្ផស្សរួច។

ចិន៖ នារីម្នាក់មាននាមត្រកូលថា Zhao វ័យ២៩ឆ្នាំ មកពីខេត្ត Zhejiang ប្រទេសចិន បានជួបប្រទះនូវបញ្ហាដ៏អាក្រក់ បន្ទាប់ពីចាក់ថ្នាំកែសម្ផស្សរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅនេះ នាង Zhao បានទៅគ្លីនិកកែសម្ផស្សដ៏ល្បីឈ្មោះមួយកន្លែង ដើម្បីចាក់បំបាត់ស្នាមជ្រីវជ្រួញលើផ្ទៃមុខ និងលើកសាច់ដុំផ្ទៃមុខ។ លុះឈានមកដល់ថ្ងៃទី១៩ ខែកញ្ញាដដែល ផ្ទៃមុខរបស់នាងបាន វៀចទៅម្ខាង មាត់បិទមិនជិត ដែលធ្វើឲ្យពិបាកក្នុងការបរិភោគចំណីអាហារ និងពេលផឹកទឹកម្ដងៗត្រូវប្រើទុយោ។ ហើយសូម្បីតែភ្នែក កំឡុងពេលសម្រាកក៏មិនអាចបិទជិតមួយរយភាគរយដែរ។

ក្រោយពីឃើញមុខមាត់របស់ខ្លួនដូច្នេះ នាងក៏ប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យជំនាញមួយ ដើម្បីពិនិត្យ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា នាងមានជំងឺខ្វិនសរសៃប្រសាទ ដែលត្រូវបានគេស្គាល់ជាទូទៅថា ខ្វិនផ្ទៃមុខ។ ទន្ទឹមនឹងនេះដែរ ខាងគ្រូពេទ្យមិនអាចធានាបានទេថា មុខមាត់របស់នាងនឹងត្រូវចំណាយអស់រយៈពេលយូរប៉ុណ្ណា ដើម្បីវិលទៅរកសភាពដើមវិញ ឬប្រសើរជាងនេះឡើយ។ ចំពោះដំណើរការនៃការជាសះស្បើយ អាចចំណាយពេលរាប់ខែ ឬរាប់ឆ្នាំឯណោះ ហើយក៏មានភាគរយដែលមិនអាចវិលទៅរកសភាពដើមវិញផងដែរ។

នាង Zhao បានប្រាប់អ្នកកាសែតឲ្យដឹងដែរថា នាងតែងតែទៅគ្លីនិកកែសម្ផស្សខាងលើជាទៀងទាត់ ហើយនាងក៏ធ្លាប់ចាក់បំបាត់ស្នាមជ្រីវជ្រួញជាច្រើនដងផងដែរ។ ប៉ុន្ដែលើកនេះ ការចាក់ត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិតចំនួនពីរនាក់ ដែលមានម្នាក់ធ្លាប់ចាក់ឲ្យនាងពីមុន និងម្នាក់ទៀតមិនដែលឃើញមុខឡើយ។ ជាមួយគ្នានេះ នាងជឿជាក់ថា ដើមហេតុគឺមកពីវេជ្ជបណ្ឌិតប្លែកមុខ ហើយខាងគ្លីនិកកែសម្ផស្សត្រូវទទួលខុសត្រូវ ចំពោះការខូចទ្រង់ទ្រាយផ្ទៃមុខរបស់នាង។

យ៉ាងណាមិញ ខាងគ្លីនិកកែសម្ផស្សក៏បានចេញមុខបកស្រាយថា

ប្រសិនបើលទ្ធផលតេស្តវេជ្ជសាស្ត្រ បញ្ជាក់ច្បាស់អំពីការខូចទ្រង់ទ្រាយមុខ ដោយសារទឹកថ្នាំ ខាងយើងនឹងព្រមទូទាត់សំណងឲ្យ តែនេះមិនមានអ្វីមកបញ្ជាក់ឡើយ។

សម្ដីរបស់ខាងគ្លីនិកកែសម្ផស្ស

ជុំវិញរឿងរ៉ាវខាងលើនេះ នាង Zhao បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងខាងគ្លីនិកកែសម្ផស្ស ហើយបញ្ហានឹងត្រូវបានដោះស្រាយនៅក្នុងតុលាការតែម្ដង៕

នាង Zhao កំពុងផ្ដល់បទសម្ភាស៍ ជាមួយនឹងផ្ទៃមុខវៀចរបស់នាង
នាង Zhao កំពុងផ្ដល់បទសម្ភាស៍ ជាមួយនឹងផ្ទៃមុខវៀចរបស់នាង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T