ចិន៖ បុរសជាឪពុកម្នាក់មាននាមត្រកូលថា យ៉ាង (Yang) វ័យ៦៤ឆ្នាំ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ក្រោយពីច្រានកូនប្រុសពិកាសតិបញ្ញារបស់ខ្លួនចូលទៅក្នុងសមុទ្រ ដើម្បីបានប្រាក់ពីខាងធានារ៉ាប់រង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា កាលពីថ្ងៃចន្ទទី២៨ ខែកញ្ញាដើមសប្ដាហ៍នេះ លោក យ៉ាង បានរាយការណ៍ទៅកាន់ប៉ូលិស ថាកូនប្រុសរបស់គាត់ មិនប្រយ័ត្នក៏ធ្លាក់ចូលទៅក្នុងសមុទ្រ និងរកមិនឃើញឡើយ។ ហើយខណៈពេលស៊ើបអង្កេតប៉ូលិសបានរកឃើញឃ្លីបវីដេអូមួយ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាព និងបង្ហាញឲ្យឃើញថា លោកយ៉ាង ផ្ទាល់គឺជាអ្នកច្រានកូនប្រុសចូលទៅក្នុងសមុទ្រ។

ទន្ទឹមនឹងនេះដែរ លោកយ៉ាង បានបដិសេធការចោទប្រកាន់ និងស្នើសុំឲ្យខាងប៉ូលិសចេញសេចក្ដីរាយការណ៍ ពីការបាត់ខ្លួនកូនប្រុសរបស់គាត់ផងដែរ។ ហើយទីបំផុត គាត់ក៏សារភាពពីទង្វើ ដែលរួមដៃជាមួយនឹងសាច់ញាតិម្នាក់មកពីឆ្ងាយនាមត្រកូលថា លី (Li) ដោយសង្ឃឹមថា នឹងអាចទាមទារប្រាក់ពីខាងធានារ៉ាប់រងសម្រាប់យកមកប្រើប្រាស់ផ្ទាល់ខ្លួន ដែលជាធានារ៉ាប់រងទិញសម្រាប់កូនប្រុសកាលពីឆ្នាំមុន។

ប្រព័ន្ធផ្សព្វផ្សាយបានបន្ដទៀតថា លោក យ៉ាង បានផ្ដល់ប្រាក់ចំនួន៦,០០០យ័ន (ប្រមាណ៨៨៣ដុល្លារអាមេរិក) ក្នុងការរួមដៃសម្លាប់កូនប្រុស។ ហើយនៅយប់កើតហេតុ ខណៈពេលកូនប្រុសកំពុងឈរបត់ជើងតូចនៅគែមច្រាំង គាត់ក៏ច្រានចូលសមុទ្របាត់ទៅ។ កូនប្រុសរបស់គាត់ បានពិកាសតិបញ្ញាតាំងពីវ័យកុមារភាពម៉្លេះ និងក្លាយជាបន្ទុកយ៉ាងធ្ងន់សម្រាប់គ្រួសារ ដែលនេះជាហេតុ គាត់សម្រេចចិត្តសម្លាប់ចោល។

យ៉ាងណាមិញ នៅថ្ងៃអង្គារទី២៩ ខែកញ្ញា សាកសពរបស់កូនប្រុសក៏ត្រូវបានគេប្រទះឃើញ ហើយឥឡូវនេះ លោកយ៉ាង និងលោកលី ស្ថិតនៅក្រោមការឃុំខ្លួន ខណៈពេលប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបន្ត៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក យ៉ាង
លោកលី (ឆ្វេងដៃ) លោកយ៉ាង (កណ្ដាល) និងកូនប្រុស (ស្ដាំដៃ)
លោកយ៉ាង និងកូនប្រុសក្នុងពេលកើតហេតុ
លោកយ៉ាង និងកូនប្រុសក្នុងពេលកើតហេតុ
កន្លែងកើតហេតុ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]