ភ្នំពេញ៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបរិច្ចាគសម្ភារៈសុវត្ថិភាព ដែលមានគុណភាពខ្ពស់នូវម៉ាស់ 3M N95 ចំនួន ១២,៥០០ ម៉ាស់ និង ជេលលាងដៃគុណភាពខ្ពស់ ចំនួន១,២០០ដប ដល់ក្រសួងសុខាភិបាល ដើម្បីជួយការពារមន្ត្រីសុខាភិបាលដែលបម្រើការជួរមុខ ក្នុងរាជធានី-ខេត្ត ទូទាំងប្រទេស ដែលជាមន្ទីពេទ្យទទួលព្យាបាលជំងឺកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីប្រគល់សម្ភារៈសុវត្ថិភាពនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៨ ខែកញ្ញា ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអគ្គនាយកចាត់តាំង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty។
ក្រសួងសុខាភិបាល បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌របស់ក្រុមហ៊ុន ដែលបញ្ជាក់នូវវប្បធម៌នៃការចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការពារ ទប់ស្កាត់ និងឆ្លើយតបការរាលត្បាតនៃជំងឺកូវីដ១៩ ឲ្យបានកាន់តែមានប្រសិទ្ធិភាព។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖
«វិស័យឯកជន បានជួយបរិច្ចាគបរិក្ខាពេទ្យ មធ្យោបាយដឹកជញ្ជូន និងថ្នាំបាញ់សម្លាប់មេរោគ។ នេះគឺជាកាយវិការមនុស្សធម៌ល្អមួយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។»
ការបរិច្ចាគពីសំណាក់ក្រុមហ៊ុនឯកជននានា រាប់បញ្ចូលទាំងក្រុមហ៊ុន ព្រូដិនសលកម្ពុជា នាពេលនេះផង គឺជាការរួមចំណែកធំនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ រហូតមកទល់នឹងពេលនេះ យើងទទួលបានជោគជ័យក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ ប៉ុន្តែយើងត្រូវតែបន្តប្រុងប្រយ័ត្ន និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ជំងឺឆ្លងនេះតទៅទៀត។

លោក Sanjay Chakrabarty មានប្រសាសន៍ថា៖
«នៅ ព្រូដិនសលកម្ពុជា បេសកកម្មចំបងរបស់យើង គឺជួយការពារអតិថិជន និងសហគមន៍របស់យើងប្រឆាំងនឹងព្រឹត្តិការណ៍ដែលមិនបានរំពឹងទុក។ ស្របជាមួយបេសកកម្មរបស់យើង យើងជួយការពារមន្ត្រីសុខាភិបាលជួរមុខ តាមរយៈការផ្ដល់នូវសម្ភារៈការពារខ្លួន ដែលមានគុណភាពខ្ពស់។ ការបរិច្ចាគនេះ គឺជាគំនិតផ្ដួចផ្ដើមមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមជាច្រើនទៀត ដែលយើងបានដាក់ចេញក្នុងឆ្នាំនេះ ដើម្បីជួយដល់អ្នកពាក់ព័ន្ធរបស់យើង។ ឧទាហរណ៍ យើងបានចូលរួមក្នុងសម្ព័ន្ធធានារ៉ាប់រងប្រឆាំងនិងជំងឺកូវីដ-១៩ ដើម្បីជួយផ្តល់ការការពាផ្នែកហិរញ្ញវត្ថុដល់អ្នកដំណើរមកកាន់ប្រទេសកម្ពុជា ដោយមិនចាំបាច់បារម្ភលើការចំណាយផ្នែកវេជ្ជសាស្ត្រ។ យើងបានដាក់ចេញនូវវិធានការណ៍ជំនួយសង្គ្រោះបន្ទាន់ប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជួយដល់អតិថិជនរបស់យើង ដែលមានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ។ យើងក៏បានបន្ថែម និងពង្រីកវិសាលភាពនៃការការពាររបស់យើងសម្រាប់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។ យើងសូមកោតសរសើរចំពោះវិធានការឆ្លើយតប ប្រឆាំងនិងការរីករាលដាលនៃជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាលកម្ពុជា ហើយមកដល់ពេលនេះ យើងនៅតែបន្តគាំទ្រដល់ក្រសួងនានា និងក្រុមអង្គការសង្គមស៊ីវិល ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះ»។

ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃមូលនិធិ ព្រូដិនស៍ ដែលមានទឹកប្រាក់ ២,៥ លានដុល្លារ សហរដ្ឋអាមេរិក ដែលមូលនិធិនេះ ត្រូវបានបែងចែកទៅតាមប្រទេសដែលជាទីផ្សារ របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងគោលដៅគាំទ្រដល់គម្រោងមនុស្សធម៌ និងសហគមន៍ ដើម្បីដោះស្រាយផលប៉ះពាល់ភ្លាមៗពីជំងឺរាតត្បាតនេះ ក៏ដូចជាដោះស្រាយផលវិបាកផ្នែកសង្គម និងសេដ្ឋកិច្ចដែលកើតចេញពីជំងឺនេះ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងបរិច្ចាគមូលនិធិមួយចំនួនទៀត ដែលបានមកពី មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនព្រូ ដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិកដើម្បីគាំទ្រដល់អង្គការដៃគូមិនរកប្រាក់ចំណូលនានា សម្រាប់កិច្ចការរបស់អង្គការទាំងនោះ ក្នុងការសម្រាលផលប៉ះពាល់ពីសំណាក់ជំងឺរាតត្បាតនេះមកលើសហគមន៍នានាក្នុងប្រទេសកម្ពុជា។

មូលនិធិព្រូដិនស៍ បានអនុវត្តគម្រោងមួយចំនួនផងដែរនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព ចាប់តាំងពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០១៣ មក។
ក្នុងនោះរួមមាន កម្មវិធីអប់រំហិរញ្ញវត្ថុសម្រាប់កុមារ ឆា-ឈីង (Cha-Ching Money Smart Kids) សហការជាមួយក្រសួងអប់រំ យុវជន និង កីឡា តាមរយៈអង្កការ សិទ្ធកុមារ (Child Right Foundation); កម្មវិធី ជំហានសុវត្ថិភាព (SAFE STEPS) ដែលផ្ដល់ព័ត៌មានសំខាន់ៗឲ្យសាធារណជនបានដឹង អំពីសុវត្ថិភាពនៅតាមដងផ្លូវ និងការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយធម្មជាតិជាដើម; កម្មវិធី អំណាន ដំបូង (First Read) ដែលជាកម្មវិធីអប់រំកុមារតូច សហការជាមួយ អង្គការសង្គ្រោះកុមារ (Save the Children) កម្នវិធី សាលារៀនសុវត្ថិភាព សហការជាមួយអង្គការ ផ្លែន អន្តរជាតិ (Plan International) និងកម្មវិធីជាច្រើនផ្សេងទៀតទាក់ទងនឹងសុខភាព អប់រំ និងហិរញ្ញវត្ថុ ជាដើម។ គម្រោងទាំងអស់នេះ ទទួលបានការទ្រទ្រង់ពីសំណាក់បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលស្ម័គ្រចិត្តចំណាយពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីធានាថា គម្រោងនេះទទួលបានលទ្ធផល និងប្រសិទ្ធភាពក្នុងកម្រិតអតិបរមា៕
