លោក ស៊ុន ចាន់ថុល៖ រដ្ឋាភិបាល កំពុងរៀបចំច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ

//s9.kh1.co/78/783bf2e4d70fbbd6d55cbc1e389c43870044f5f5.jpg
Khmerhome

 ២៨-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=434,q=100/d2/d26ee25e0a75a63630b8b77773b68c5cf284b7bc.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទ អេឡិចត្រូនិក គ្រឿងបង្គុំ កសិឧស្សាហកម្ម ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មផ្សេងៗទៀត សំដៅផ្ដល់ភាពងាយស្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគបរទេស ជាពិសេសក្រុមហ៊ុនអាមេរិកដែលកំពុងស្វែងរកទីតាំងថ្មីនៅតំបន់អាស៊ីអាគ្នេយ៍។

ខាងលើជាការថ្លែងរបស់ លោក ស៊ុន ចាន់ ថុល រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន ដែលបានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក៏មានការចូលរួមផងដែរ ពី Michael Michatlak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ លោកJack Myint អ្នកគ្រប់គ្រងនិងជាតំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានប្រចាំកម្ពុជា លោកស្រី កុសុម៉ា គឹម ទីប្រឹក្សាUS-ABC ព្រមទាំងតំណាងក្រុមហ៊ុនជាច្រើនទៀត។

លោក រដ្ឋមន្រ្តីបានថ្លែងបន្តឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានផែនការមេ ភស្តុភារកម្មជាតិ ដែលទាមទារឱ្យមានការវិនិយោគយ៉ាងច្រើនពីបណ្ដាប្រទេសផ្សេងៗ ដើម្បីអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជាឲ្យមានការរីកចម្រើន ហើយបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងធ្វើការ គិតគូររៀបចំ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដោយសហការជាមួយក្រុមហ៊ុនឯកជនមួយរបស់ប្រទេសសឹង្ហបុរី។

នាឱកាសនោះ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានលើកឡើងអំពីកំណែទម្រង់លើវិស័យដឹកជញ្ជូន ដោយប្រើប្រាស់យន្តការប្រព័ន្ធព័ត៌មានវិទ្យាដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការប្រឡងយកបណ្ណបើកបរ ដោយទូទាត់ថ្លៃសេវាតាមរយៈធនាគារដៃគូ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ផ្លូវខូចមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក បន្ថែមថា ទោះបីមានបញ្ហាជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តលើកកម្ពស់គុណភាព និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលក្នុងនោះ កំពុងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ។ ព្រមទាំងបានសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។ ជាងនេះទៀត ថ្មីៗនេះ សម្ដេច នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ប្រមាណ ១៥០លានដុល្លារអាមេរិក ដើម្បីពង្រីក និងលើកកម្ពស់គុណភាពផ្លូវនៅក្នុងក្រុងសៀមរាប។

លោក Alexander Feldman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដែលបានដឹកនាំកិច្ចប្រជុំខាងលើ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសវិធានការទប់ស្កាត់ផលប៉ះពាល់មួយចំនួនពីជំងឺនេះ និងទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពរងផលប៉ះពាល់ដោយសារជំងឺនេះក៏ដោយ ក៏កម្ពុជានៅមានការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយការទទួលខុសត្រូវក្នុងការបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្តទៀតដែរ។

បើតាមក្រសួងដឹកជញ្ជូនឱ្យដឹងថា ក្រុមហ៊ុនទាំងអស់ដែលចូលរួម បានសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការបណ្ដាក់ទុននៅកម្ពុជា ព្រមទាំងបានសន្យាថានឹងផ្សព្វផ្សាយបន្តដល់ក្រុមហ៊ុនដៃគូដទៃ ទៀតឱ្យងាកមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។

ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនមួយចំនួនបានប្រាប់ទៅ លោក រដ្ឋមន្ត្រី និងគណៈប្រតិភូអំពី បច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងបានស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ជាមួយកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន រួមទាំងការលើកកម្ពស់បញ្ហាសុវត្ថិភាពចរាចរណ៍ និងវិស័យភស្តុភារកម្ម ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាក្រុមហ៊ុនអាមេរិកមួយចំនួនឱ្យកាន់តែ មានសភាពខ្លាំងក្លាឡើងថែមទៀត៕

https://s9.kh1.co/__image/w=650,h=434,q=100/8d/8dd36c4196f68542d583412c80dc956d724a6cd4.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T